មន្ត្រី​ជំនាញ​ធនធានទឹក​ត្រៀម​កាត់ផ្តាច់​ទំនប់​រំដោះ​ទឹក​ចេញ​ជាបន្ទាន់​ដើម្បី​ការពារ​ការដ្ឋាន «​អាងទឹក​តា​ម៉ុក​»

924
ចែករម្លែក

(​ឧ​ត្ត​រ​មានជ័យ )៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជា​ដល់​មន្ត្រី​បច្ចេកទេស ដែល​កំពុង​​ប្រចាំការ​នៅ​ការដ្ឋាន អាងទឹក​តា​ម៉ុក ត្រៀម​កាត់ផ្តាច់​ទំនប់​ការពារ​ការដ្ឋាន​ជាបន្ទាន់ ប្រសិនបើ​ភ្លៀង​បន្ត​ធ្លាក់​ដើម្បី​រំដោះ​ទឹក​​ចេញ ជៀសវាង​ផលប៉ះពាល់​ផ្សេងៗ​ដែល​អាច​កើតមាន​។​

​ការដាក់​បទបញ្ជា​នេះ បានធ្វើ​ឡើងខណៈ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ភ្លៀង​ធ្លាក់​ច្រើន​ជាប់ៗ​គ្នា បាន​បង្ក​ឱ្យ​ទឹក​ក្នុង​អាងទឹក​តា​ម៉ុក ​ដែលមាន​ទីតាំង​ស្ថិតក្នុង​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ហក់​ឡើងដល់​កម្រិត​ដែល​ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន ខណៈ​ទំនប់​​បង្ហៀរ​នៃ​អាងទឹក​តា​ម៉ុក កំពុងដំណើរការ​សាងសង់​ឡើងវិញ ។​

​ទោះជា​យ៉ាងណា មកទល់​ល្ងាច​ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៧​ម្សិលមិញ ស្ថានភាព​ទឹក​ក្នុង​អាងទឹក​តា​ម៉ុក​ពុំមាន​ការកើនឡើង​ទៀត​​នោះទេ ខណៈ​ក្រុមការងារ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន និង​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​និង​ត្រៀមលក្ខណៈ​រួចជាស្រេច ក្នុងការ​អន្តរាគមន៍​បញ្ជៀ​ស​ផលប៉ះពាល់​ផ្សេងៗ ។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៨ ខែមិថុនា នេះ​ថា​ដើម្បី​រំដោះ​ទឹក​ចេញ​ជៀសវាង​ផលប៉ះពាល់​​ផ្សេងៗ ដែល​អាច​កើតមាន​ដោយសារ​ជំនន់​ទឹកភ្លៀង លោក​លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជា​ដល់​មន្ត្រី​​បច្ចេកទេស​ដែល​កំពុង​ប្រចាំការ​នៅ​ទីនោះ​ស្រាប់​ថា ត្រូវ​តៀម​កាត់ផ្តាច់​ទំនប់​ការពារ​ការដ្ឋាន ក្នុងករណី​ទឹក​នៅតែ​បន្ត​កើនឡើង​ដើម្បី​រំដោះ​ទឹក​ចេញ​បើទោះបីជា​ការដ្ឋាន​កំពុងដំណើរការ​សាងសង់​ក្តី​។​

​លោក​បន្ថែមថា នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​នេះ ភ្លៀង​បាន​ធ្លាក់​ជា​បន្តបន្ទាប់ បង្ក​ឱ្យ​ទឹក​ក្នុង​អាងទឹក​តា​ម៉ុក ដែលមាន​ទីតាំង​ស្ថិត​​ក្នុង​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ហក់​ឡើងដល់​កម្រិត​ដែល​ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន ខណៈ​ទំនប់​បង្ហៀរ​នៃ​អាងទឹក​តា​ម៉ុក​កំពុង​ដំណើរការ​សាងសង់ឡើង​វិញ ហើយ​លទ្ធភាព​រំដោះ​ទឹក​ចេញពី​អាង គឺអាច​ធ្វើ​បានតែ​តាម​ទ្វារ​ទឹក​មួយ​ប៉ុណ្ណោះ​។ ប្រសិនបើ​ចាំបាច់​ត្រូវតែ កាត់ផ្តាច់​ទំនប់​ការពារ​ការដ្ឋាន ដើម្បី​រំដោះ​ទឹក​ចេញ ជៀសវាង​ផលប៉ះពាល់​ផ្សេងៗ​ដែល​អាច​កើតមាន​។​

​យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹងថា ទំនប់​​អាងទឹក​តា​ម៉ុក ត្រូវបាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចាប់​បើក​ការដ្ឋាន​ដំណើរការ​សាងសង់ឡើង​​វិញ កាលពី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៧ គិត​មកដល់​ថ្ងៃទី​១៤​នេះ ការងារ​បានសម្រេច​៧០​ភាគរយ​ហើយ​។​

​ទំនប់​អាងទឹក «​តា​ម៉ុក​» ស្ថិតក្នុង​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​​មានជ័យ ត្រូវបាន ក្រសួង​ធនធានទឹក​ធ្វើការ​ជួសជុល និង​កសាង​ឡើងវិញ សម្រេច​ការងារ​ជួសជុល​និង​សាងសង់​បាន​ប្រមាណ​៧០ % ហើយ​។​គម្រោង​នេះ​ក្រោយពេល​បញ្ចប់​ការដ្ឋាន ទំនប់​អាងទឹក​តា​ម៉ុក នឹងមាន​លទ្ធភាព​ស្តុក​ទឹកបាន​ប្រមាណ ៦​លាន​ម៉ែត្រ​គីប សម្រាប់​បម្រើឱ្យ​ការស្រោចស្រព​លើ​ផ្ទៃដី​ស្រូវវស្សា​​ចំនួន​៧៦៥​ហិកតា​, ស្រូវប្រាំង ចំនួន​១០៨​ហិកតា និង​ដំណាំ​រួមផ្សំ ចំនួន​៥០​ហិកតា​៕ ​ដោយ ៖វាសនា

#