មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ត្រូវ​បង្កើន​ការគ្រប់គ្រង​សំណង់​ឱ្យ​ច្បាស់លាស់​ដើម្បី​បញ្ចៀស​ករណី​គ្រោះថ្នាក់

799
ចែករម្លែក

ដោយ​: បូកគោ / កំពត​: ថ្នាក់ដឹកនាំ​ខេត្ត​បាន​ក្រើនរំលឹក និង​ជំរុញ​ដល់​រដ្ឋបាល​ក្រុង​ស្រុក ព្រមទាំង​មន្ត្រី​ជំនាញ​ត្រូវ​គ្រប់គ្រង​កិច្ចការងារ​សំណង់​ឱ្យបាន​ច្បាស់លាស់​បំណង​បញ្ចៀស​នូវ​ករណី​គ្រោះថ្នាក់ ព្រមទាំង​បង្កលក្ខណៈ​ងាយស្រួល​ជូន​ប្រជាពលរដ្ឋ​ដើម្បី​ព​ន្លឿ​ន​ការអភិវឌ្ឍន៍​ឱ្យ​រីកចម្រើន​ឆាប់រហ័ស​។​

​ថ្លែង​នា​កិច្ចប្រជុំ​គណៈ​អភិបាល​ខេត្តកំពត​ប្រចាំខែ​វិច្ឆិកា កាលពី​ព្រឹក​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​ខេត្តកំពត បាន​មានប្រសាសន៍ថា ដើម្បី​បញ្ចៀស​នូវ​ករណី​គ្រោះថ្នាក់​ជាយថាហេតុ​ដោយ​ប្រកា​ណាមួយ​ពាក់ព័ន្ធ នឹង​សកម្មភាព​នៃ​ការសាងសង់​អគារ​ផ្សេងៗ មន្ត្រី​ក្នុង​ដែន​ទទួលបន្ទុក និង​អាជ្ញាធរ​ក្រុង​ស្រុក​ត្រូវ​គ្រប់គ្រង​វិស័យនេះ​ឱ្យបាន​ម៉ត់ចត់​បំផុត​។ ជាធម្មតា​នៅតាម​បណ្តា​ក្រុង​ស្រុក​តែងមាន​ការិយាល័យ​សម្រាប់​បំពេញ​កិច្ចការ​ទាំងនោះ​។ ដូច្នេះ​មន្ត្រី​ជំនាញ​ត្រូវ​ចុះ​ពិនិត្យ​តាមដាន​ដោយផ្ទាល់​រាល់​ការដ្ឋាន​ទាំងអស់​ដើម្បីឱ្យ​ការសាងសង់​អនុវត្តតាម​លក្ខណៈ​បច្ចេកទេស ហើយ​បញ្ចៀស​ពី​ការរំលោភបំពាន​ដូច​បានចែង​ក្នុង​ទម្រង់​ច្បាប់​ជា​ចម្បង​។

​លោក​អភិបាលខេត្ត​បាន​បន្តថា​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​បានបញ្ជាក់​ហើយ​គឺពាក់ព័ន្ធ​នឹង​ទីតាំង​ធំៗ​ត្រូវ​កាត់ចេញ​២៥​ភាគរយ​សម្រាប់​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ និង​១០​ភាគរយ​ទុក​ដាំ​ដើមឈើ​ដើម្បី​បរិស្ថាន​ល្អ​។ ប៉ុន្តែ​បើជា​ទីតាំង​តូចតាច​របស់​ប្រជាពលរដ្ឋ​មិនជា​ការចាំបាច់​ទេ​។ ឯ​ការត្រួតពិនិត្យ​ត្រូវធ្វើ​ដូចគ្នា​បំណង​បញ្ចៀស​ពី​ករណី​គ្រោះថ្នាក់​ផ្សេងៗ ព្រោះ​សំណង់​មិនមែន​បាក់​រលំ​តែ​ប្រភេទ​ធំៗ និង​ខ្ពស់ៗ​នោះឡើយ​។ លោក​ជាវ តា​យ​បានបញ្ជាក់​ទៀតថា​នាពេល​បច្ចុប្បន្ន ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ ស្របតាម​ភាព​រីកចម្រើន​ជាក់ស្តែង​ដែល​បង្កលក្ខណៈ និង​ឱកាស​ងាយស្រួល​ក្នុងការ​សាងសង់​ផ្ទះ​ថ្មី​សម្រាប់​ស្នាក់នៅ​។ ករណីនេះ ប្រសិនបើ​រង់ចាំ​ធ្វើតាម​នីតិវិធី​ឱ្យ​គ្រប់​១០០​ភាគរយ នោះ​នឹងត្រូវ​ប្រើពេល​យូរ​។ ម្ល៉ោះហើយ មន្ត្រី​ជំនាញ និង​អភិបាលក្រុង​ស្រុក​ត្រូវ​ជួយ​សម្របសម្រួល​ជូន​ដោយ​អនុញ្ញាតឱ្យ​ពួគគាត់​ដាក់ពាក្យ​សុំច្បាប់​បណ្តើរ និង​សាងសង់​បណ្តើរ ព្រោះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ទំហំ​តូច​កម្រ​លើសពី​៥០០​ម៉ែត្រក្រឡា​ណាស់​។

​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​បន្តថា​ពិតណាស់ រាល់​ការសាងសង់​ត្រូវតែមាន​លិខិត​អនុញ្ញាតិ​ពី​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ឱ្យបាន​ត្រឹមត្រូវ​។ ក្នុងនាម​ថ្នាក់ដឹកនាំ​ខេត្ត ពិសេស​រាជរដ្ឋាភិបាល​ចង់ឃើញ​ប្រជាពលរដ្ឋ​មាន​ជី​ភាពល្អប្រសើរ មានផ្ទះ​ស្នាក់នៅ​សមរម្យ ខណៈដែល​កំណើនសេដ្ឋកិច្ច​កម្ពុជា​បច្ចុប្បន្ន​គឺ​អត្រា​នៃ​ភាព​ក្រក្រី​បាន​ធ្នាក់​មក​នៅ​កម្រិត​ទាប​ហើយ​នោះ​។ ចំណែកឯ​ការសាងសង់​សំណង់​ទំហំ​លើសពី​៥០០​ម៉ែត្រក្រឡា ត្រូវតែ​មានច្បាប់​អនុញ្ញាត​ជាមុន​ដើម្បី​បង្ការ​បញ្ហា​ខុស​បច្ចេកទេស ដែល​អាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​៕ ល​