មន្ត្រី​ជំនាញ​បាន​ទៅពិនិត្យ​មើល​ហើយ​អះអាងថា​មិនមែនជា​ប្រាសាទបុរាណ​ទេ​

250
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ក្រោយពី​ការចុះផ្សាយ​របស់​សារព័ត៌មាន​រស្មី​កម្ពុជា​ថា​មាន​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​ប្រាសាទបុរាណ​មួយចំនួន​នៅ​ចំណុច​ភ្នំ​ប្រាសាទ​ក្បែរ​អូរ​ល្វា​ស្ថិតក្នុង​ភូមិ​ស្ពាន​យោល ឃុំ​ជ្រៃ​សី​ម៉ា​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​ជិត​ព្រំដែន​កម្ពុជា​-​ថៃ​រួចមក​គេ​ឃើញ​មាន​មន្ត្រី​មន្ទីរជំនាញ​ចុះទៅពិនិត្យ​មើល​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​៧​ខែកុម្ភៈ​ឆ្នាំ​២០១៩​កន្លងទៅ​។​

​លោក​គឹម​សុភ័ណ​អនុប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តបាត់ដំបង​បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹងថា​ទីតាំង​នោះ​គឺជា​កូនភ្នំ​តូច​មួយ​មាន​លក្ខណៈ​ធម្មជាតិ​គឺ​វា​មាន​សំណឹក​តាមរយៈ​ត្រូវ​ទឹកភ្លៀង​ត្រូវ​ខ្យល់​រាប់សិប​លាន​ឆ្នាំ​ទៅហើយ​។​ដូច្នេះ​ធ្វើ​ឲ្យ​ថ្ម​ទាំងនេះ​ប្រែប្រួល​លក្ខណៈ​ទ្រង់ទ្រាយ​មាន​រាង​ដូច​ប្រាសាទ​កំពូល​ប្រាំ​នោះ​មែន​និង​គ្មាន​ការកសាង​ដោយ​មនុស្ស​នោះឡើយ ។​

​លោក​អនុប្រធាន​មន្ទីរ​បានបញ្ជាក់​ថា​ថ្ម​នេះ​វា​ក៏មាន​លក្ខណៈ​ដូច​ថ្ម​នៅ​ភ្នំ​សំពៅ​ប្រាំ​ស្ថិតនៅលើ​ភ្នំ​បូកគោ​ខេត្តកំពត​វា​មាន​សំណឹក​ដូចគ្នា​។​ពាក់ព័ន្ធ​នឹង​ប្រាសាទបុរាណ​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​សំពៅ​លូន​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​បើតាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ថ្ម​នេះ​ត្រូវបាន​អ្នកស្រុក​ប្រទះឃើញ​ជាច្រើន​ឆ្នាំ​មកហើយ​។​

ទើបតែ​មួយរយៈ​ចុងក្រោយ​នេះ​ក៏មាន​ការនិយាយ​តៗ​គ្នា​និង​ការថត​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​និង​ពី​ការផ្សាយ​តាម​សារព័ត៌មាន​មួយចំនួន​រួចមក​ទើប​មាន​មន្ត្រី​ជំនាញ​ចុះមក​ពិនិត្យមើល​ជាក់ស្តែង​ហើយ​បង្ហាញថា​មិនមែនជា​ប្រាសាទបុរាណ​នោះទេ​។​

​ប្រភពពី​ប្រជាពលរដ្ឋ​បាន​និយាយថា ថ្ម​នេះ​មាន​រាងដូចជា​ប្រាសាទបុរាណ​គឺមាន​បារមី​ស័ក្តិ​សិទ្ធ ដោយ​ប្រជាពលរដ្ឋនៅក្នុង​តំបន់​នេះ​មាន​ជំនឿ​ជឿជាក់​តែងតែ​នាំគ្នា​ទៅ​បន់ស្រន់​សុំ​សេចក្តីសុខ​បាន​ដូច​បំណង​។​ជាពិសេស​បន់ស្រន់​សុំ​ទឹកភ្លៀង​ជា​រៀងរាល់ឆ្នាំ នៅពេល​ជួប​បញ្ហា​គ្រោះ​រាង​ស្ងួត​ម្ដងៗ ។​

ក្រោយ​បន់​រួច​ក៏មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ពិតប្រាកដ​មែន​។​បច្ចុប្បន្ន​ពលរដ្ឋ​នៅក្នុង​តំបន់​នោះ​កំពុង​នាំគ្នា​អភិរក្ស​ថ្ម​មាន​រាង​ដូច​ប្រាសាទបុរាណ​ដើម្បី​រក្សាទុក​ឲ្យ​បាន​គង់វង្ស​សម្រាប់​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ដទៃទៀត​គោរពបូជា​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​រហូត​តទៅ​៕S