មន្ត្រី​ជំនាញ​រកឃើញ​ទំនិញ​ខូចគុណភាព​នៅ​ផ្សារ​ឆែប​ដកហូតយក​កម្ទេច​ចោល

279
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​៥​ខែសីហា​ឆ្នាំ​២០១៩​មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តព្រះវិហារ​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​វេច​ខ្ចប់​ផលិតផល​ម្ហូបអាហារ​ខូចគុណភាព​និង​ហួស​កាលកំណត់​ប្រើប្រាស់​។​ក្នុង​នោះបាន​ផ្សព្វផ្សាយ​អំពី​គុណភាព​សុវត្ថិភាព​ម្ហូបអាហារ​នៅ​ផ្សារ​ឆែប​ស្ថិតក្នុង​ឃុំ​ឆែប​១​ស្រុក​ឆែប​ខេត្តព្រះវិហារ​។​

​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​លទ្ធផល​រកឃើញ​និង​ដកហូត​ទំនិញ​ខូចគុណភាព​និង​ហួសការ​ប្រើប្រាស់​មួយចំនួន​ដូចជា​៖​ទឹកក្រូច​ចម្រុះ​ចំនួន​៦​ដប​,​ទឹក​ស៊ី​រ៉ូ​ចំនួន​៤​ដប​,​ទឹកខ្មេះ​ចំនួន​១១​ដប​,​ភេសជ្ជ​ប៉ូវ​កម្លាំង​ចំនួន​២២​កំប៉ុង​,​ស្រា​បៀរ​ចំនួន​៦៦​កំប៉ុង​,​ប្រេងឆា​ចំនួន​២៤​ដប​។​

​ទឹកត្រី​ចំនួន​៥​ដប​,​តាំង​ឆាយ​ចំនួន​៦​កញ្ចប់​ស្មើនឹង​១៣​គីឡូក្រាម​,​កាហ្វេ​ចំនួន​៥​កែវ​,​ទឹកដោះគោ​ខាប់​ចំនួន​២​កំប៉ុង​,​តៅហ៊ូ​កែវ​ចំនួន​៥​កែវ​,​សរុប​ចំនួន​១៦.០៦​គីឡូក្រាម​និង​៦២,៥៧​លីត្រ​។​មន្ត្រី​ជំនាញ​បានធ្វើ​កំណត់ហេតុ​ដកហូត​ទំនិញ​ទាំង​នោះមក​ដុត​កម្ទេចចោល​ភ្លាមៗ​។​

​មន្ត្រី​ជំនាញ​កាំកុងត្រូល​ក៏បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​ឱ្យ​យល់ដឹង​និង​អនុវត្ត​ទៅតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព​សុវត្ថិភាព​លើ​ផលិតផល​ទំនិញ​និង​សេវា​ជៀសវាង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​និង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ថែមទៀត​៕S/​