មន្ត្រី​ជំនាញ​សម្តែង​ក្តី​រំពឹងថា​វត្តមាន​សត្វ​ក្រៀល​នៅ​រមណីយដ្ឋាន​អន្លង់​ព្រីង​មិន​ថយចុះ​ជាង​ឆ្នាំមុន​ទេ​

455
ចែករម្លែក
  • 36
    Shares

ដោយ:បូកគោ​/​កំ​ពត ៖ ដោយសារ​បម្រែបម្រួល​អាកាសធាតុ​ បានធ្វើឲ្យ​ពពួកសត្វ​ក្រៀល​មានការ​ផ្លាស់ប្តូរ​ពេលវេលា​នៃ​ការមកដល់​រមណីយដ្ឋាន​ធម្មជាតិ​បឹង​អន្លង់​ព្រីង​ស្ថិត​ក្នុងស្រុក​កំពង់ត្រាច ខេត្តកំពត​ ដើម្បី​ស្នាក់នៅ និង​រក​ចំណី ដែល​ធ្លាប់​តែមាន​ភាពទៀងទាត់​នា​បណ្តា​ឆ្នាំកន្លងមក​នោះ​។ គិត​ត្រឹម​ចុងខែ​កុម្ភៈ វត្តមាន​សត្វ​កម្រ​នេះ​ទើបតែ បាន​ប្រមាណ​ជិត​១៣០​ក្បាល​ប៉ុណ្ណោះ តែ​មន្ត្រី​ជំនាញ​អះអាងថា​បរិមាណ​សត្វ​ក្រៀល​នឹងមិន​ថយចុះ​ជាង​ឆ្នាំមុន ឡើយ ខណៈដែល​ពេញ​មួយ​នៃ​រដូវ​កាល​មុន​មាន​ចំនួន​២៥៧​ក្បាល​។​

លោក​ស៊ុយ ធា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពត​បាន​ប្រាប់​ឲ្យដឹងថា​គិត​ត្រឹម​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ វត្តមាន​សត្វ​ក្រៀល​នៅ​រមណីយដ្ឋាន​ធម្មជាតិ​បឹង​អន្លង់​ព្រីង​ទើបតែ​មាន​១២៨​ក្បាល​ប៉ុណ្ណោះ​។ ឆ្នាំនេះ​ការ​មក ដល់​របស់​ពពួកសត្វ​ក្រៀល​មាន​ភាព​យឺត​យ៉ាវ​ជាង​បណ្តា​ឆ្នាំមុនៗ ពោលគឺ​រហូតដល់​ចុងខែ​មករា​ទៅហើយ​ទើប មាន​វត្តមាន​ប្រមាណ​៦​ទៅ​៧​ក្បាល​។ បញ្ហា​នេះ​អាច​បណ្តាលមកពី​បម្រែបម្រួល​អាកាសធាតុ​ទើប​ធ្វើឱ្យ​ការមកដល់​របស់​ពពួក​សត្វ​ក្រៀល​ត្រូវ​ផ្លាស់ប្តូរ​ពេលវេលា​។

លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា​ជាធម្មតា​សត្វ​ក្រៀល​តែង​មកដល់​តំបន់​អន្លង់​ព្រីង​ដែល​សម្បូរ​ចំណី​ប្រភេទ​រុក្ខជាតិ​ផ្លុ​ង​នេះ​ចាប់ពី​ខែវិច្ឆិកា​រហូតដល់​ខែឧសភា​នៃ​ឆ្នាំ​បន្ទាប់​ទើប​ត្រឡប់​ទៅវិញ​។ ប៉ុន្តែ​ទោះជា​បែប​នោះ​ក្តី លោក​សង្ឃឹមថា​ចំនួន​សត្វ​ក្រៀល​រដូវ​កាល​នេះ​នឹងមិន​ថយចុះ​ជាង​ឆ្នាំមុន​ទេ ព្រោះ​ជាធម្មតា​នៅ​ចន្លោះ​ខែមីនា ដល់​ចុងខែ​មេសា សត្វ​ក្រៀល​តែងតែ​ពពាក់ពពូន​មក​ច្រើន​ធ្វើឱ្យ​បរិមាណ​កើន​ពី​ចន្លោះ​២៥០​ក្បាល ទៅ​៣០០​ក្បាល​។ ឆ្នាំមុន​ពេញ​មួយ​រដូវ​កាល សត្វ​ក្រៀល​មាន​ចំនួន​២៥៧​ក្បាល​។​

លោក​ម៉ម រិ​ន ប្រធាន​សហគមន៍​ការពារ​តំបន់​អន្លង់​ព្រីង​បាន​រៀបរាប់ថា​ពីមុន​សត្វ​ក្រៀល​ចាប់ផ្តើម​មាន វត្តមាន​ចាប់ពី​ខែវិច្ឆិកា​ដល់​ខែឧសភា តែ​ឆ្នាំនេះ​រហូតដល់​ចុងខែ​មករា​ទើប​ចាប់ផ្តើម​មាន​។ ជា​រៀងរាល់ឆ្នាំ សត្វ​ក្រៀល​តែង​ធ្វើដំណើរ​វិលជុំ​គឺ​ចេញពី​តំបន់​ព្រែក​ល្ពៅ ខេត្តតាកែវ ចូលមក​អន្លង់​ព្រីង​ខេត្តកំពត រួច​បន្តទៅ​អាង​ត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ ហើយ​ឆ្ពោះទៅ​តំបន់​ត្មាត​ប៉ើយ ខេត្តព្រះវិហារ​ដើម្បី​ពង​កូន​។ លោក​ប្រធាន​សហគមន៍​បាន​បញ្ជាក់ថា​ក្នុង​តំបន់​ការពារ​អន្លង់​ព្រីង​នៅមាន​សត្វ​ស្លាប​ប្រមាណ​ជិត​១០០​ប្រភេទ​ទៀត​ដែល សូម្បី​ពពួក​ខ្លះ​ស្ទើរ​ផុត​ពូជ​ក៏បាន​បង្ហាញខ្លួន​ដែរ ដូចជា​សត្វ​គ្រលេងគ្រលោង​ជាដើម​។ ប៉ុន្តែ​ប្រភេទ​សត្វ​ដែល​ភ្ញៀវ​បរទេស​ចូលចិត្ត​ទស្សនា និង​ផ្តិត​យក​រូបថត​ជាងគេ​គឺ​ពពួកសត្វ​ក្រៀល​តែម្តង​។

លោក​ម៉ម រិ​ន​បាន​បន្តថា មានតែ​ភ្ញៀវ​បរទេស​ប៉ុណ្ណោះ​ដែល​តែង​មក​កម្សាន្ត និង​ផ្តិត​យក​រូប​ភាពល្អៗ​នៅ​រមណីយដ្ឋាន​ធម្មជាតិ​មួយ​នេះ ឯ​ទេសចរ​ជាតិ​ហាក់ដូចជា​មិនបាន​ចាប់អារម្មណ៍​ក្នុងការ​លម្ហែ​កម្សាន្ត​ឡើយ​។ ដូច្នេះ ក្នុងនាម​សហគមន៍ លោក​សូម​អំពាវ​នាយ​ដល់​ភ្ញៀវ​ជាតិ​បង្វែ​ទិស​នាំ​កូនចៅ​មក​គយគន់​ពពួក​ក្រៀល​ដែល ប្រភេទ​សត្វ​កម្រ ហើយ​មាន​វត្តមាន​រយៈពេល​ខ្លី​បំផុត​ក្នុង​មួយឆ្នាំៗ​ដើម្បីឱ្យ​ពួកគេ​បាន​ស្គាល់ និង​ផ្សាភ្ជាប់​មនោសញ្ចេតនា​ជាមួយ​ធម្មជាតិ​ផង​។​

សូមបញ្ជាក់ថា​តំបន់​ការពារ​សត្វ​ស្លាប​អន្លង់​ព្រីង​មាន​ទីតាំង​ស្ថិតក្នុង​ភូមិសាស្ត្រ​នៃ​ឃុំ​ព្រែក​ក្រឹស និង​ឃុំ​បឹង​សាលា​ខាងត្បូង​ដោយ​ពលរដ្ឋ​បី​ភូមិ​ចូលរួម​អភិរក្ស ក៏ដូចជា​ជួយ​ដល់​កិច្ចការ​ទាំងឡាយ​។ ដើម្បី​បាន​ដល់​រមណីយដ្ឋាន​មួយ​នេះ អ្នកដំណើរ​លើ​ដងផ្លូវ​ជាតិ​លេខ​៣៣ ក្នុងទិសដៅ​កំពត​-​កំពង់ត្រាច ត្រូវ​បន្ត​ភ្ជាប់​ជាមួយ​ផ្លូវ ជាតិ​លេខ​៣១ រួច​បង្ហួស​តាមផ្លូវ​ទៅ​ច្រកទ្វារ​ទាន់ហន់​ប្រហែល​៥០០​ម៉ែត្រ បត់​ចុះ​ខាងស្តាំ​។ ធ្វើដំណើរ​លើផ្លូវ​លំ ក្រួស​ក្រហម​ប្រមាណ​ប្រាំបី​គីឡូម៉ែត្រ ភ្ញៀវ​ទាំងឡាយ​នឹង​ប្រទះឃើញ​ផ្ទៃ​បឹង​ល្ហល្ហេវ​ដែល​ស្ថិតក្រោម​ការមើល​ថែ​ពី​សំណាក់​ហគ​មន៍​ការពារ​អន្លង់​ព្រីង និង​គ្រប់គ្រង​ដោយ​មន្ទីរ​បរិស្ថាន​ខេត្តកំពត​៕​B/