មន្ត្រី​ជំនាញ​អះអាងថា អាជីវករ​យល់ដឹង​ច្រើន​ពី​ការតាំង​លក់ទំនិញ​ម្ហូបអាហារ​មានគុណ​ភាព​

119
ចែករម្លែក

ដោយ​: សុ​ផានី​តា / កោះកុង​: មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តកោះកុង អះអាងថា អាជីវករ​នៅ​ផ្សារ​ភូមិ​ថ្មី ឬ​ផ្សារ​ចាំ​យាម កាន់តែ​មានការ​យល់ដឹង​ច្រើន​ជាមុន​ពី​របៀប​តាំង​លក់ទំនិញ និង​ចំណីអាហារ​ណា​ដែលមាន​គុណភាព សម្រាប់​អ្នកប្រើប្រាស់​ទូទៅ​។ ចំណែក​ពលរដ្ឋ ការបរិភោគ​ចំណីអាហារ​ដែល​សុវត្ថិ​ភាពជា​រឿង​សំខាន់​សុខភាព​រស់នៅ​ប្រចាំថ្ងៃ ហើយ​ស្នើឱ្យ​មន្ត្រី​ជំនាញ និង​អាជីវករ​បន្ត​សហការ​ចូលរួម​ទប់ស្កាត់ និង​លុបបំបាត់​ទំនិញ​ខូចគុណភាព​បន្ថែមទៀត​។​

​ក្រោយពី​ចុះ​ត្រួតពិនិត្យ​គុណភាព​ចំណីអាហារ និង​ទំនិញ​ផ្សេងៗ​ដែល​កំពុង​ដាក់លក់​ដូរ​នៅ​ផ្សារ​ភូមិ​ថ្មី ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា លោក ហ៊ុយ ភារ​ម្យ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តកោះកុង បានឱ្យដឹងថា រាល់​មុខទំនិញ​ប្រើប្រាស់​វេច​ខ្ចប់ បន្លែ ផ្លែឈើ និង​ត្រី​សាច់ ពុំបាន​រកឃើញ​សញ្ញា​ណាមួយ​ថា​មាន​ផ្ទុក​សារធាតុ​គីមី និង​ផលិត​ហួស​ថ្ងៃខែ​ឆ្នាំ​នោះទេ ពោលគឺ​ប្រជាពលរដ្ឋ ជា​អាជីវកម្ម ហាក់​យល់ដឹង​ច្រើន​ពី​វិធីសាស្ត្រ​ជ្រើសរើស​មុខទំនិញ​ល្អ​យកមក​លក់​។​

​បើតាម​លោក ហ៊ុយ ភារ​ម្យ នេះ​ចំណុច​វិជ្ជា​មាន​មួយ ដែល​ពលរដ្ឋ​អាជីវកម្ម​បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ តាមរយៈ​តាំង​លក់ដូរ​ទំនិញ ឬ​ចំណីអាហារ​ដែលមាន​គុណ​ភាព​ខ្ពស់ សម្រាប់​អ្នកប្រើប្រាស់​ទូទៅ​។ ទោះ​បែបនេះ​ក្តី ក៏​លោក​នៅតែ​បន្ត​ណែនាំ ក្រុមអាជីវករ​បន្ត​អនុវត្ត​បែបនេះ​ថែមទៀត ក្នុង​គោលដៅ​លើកកម្ពស់​សុវត្ថិភាព​ចំណីអាហារ ជៀសវាង​ប៉ះពាល់​ដល់​សុខភាព​។​

​លើសពីនេះ ក្រុម​អា​ជីករ​មិនត្រូវ​លួចលាក់​ផលិត ឬ​ដាក់តាំង​លក់ទំនិញ​ណា​ដែល​គ្មាន​ស្លាក​សញ្ញា​ចុះបញ្ជី​ពាណិជ្ជកម្ម​ត្រឹមត្រូវ​នោះទេ ពីព្រោះ​ការខ្វះ​ការប្រុងប្រយ័ត្ន​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​សាធារណ ព្រមទាំង​មានទោស​ទៀតផង​។​

​ចំណែក​អ្នកស្រី សុ​ម៉ាលី និង​លោក តែ ហ៊ុយ​ឡេង ជា​ពលរដ្ឋ​រស់នៅ​មូលដ្ឋាន​ខាងលើ ថ្លែងថា ពួកគាត់​បារម្ភ​បញ្ហា​ផលិតផល​ទំនិញ​គ្មាន​គុណភាព​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​នាពេល​បច្ចុប្បន្ន ហើយ​ប្រសិនបើ​មន្ត្រី​ជំនាញ​ពុំមាន​រកឃើញថា មុខទំនិញ​ដែល​កំពុង​ដាក់លក់​លើ​ទីផ្សារ​មិន​ខូចគុណភាព​នោះទេ គឺជា​សុវត្ថិភាព​របស់​អ្នកប្រើប្រាស់​ប្រចាំថ្ងៃ​។

​ពលរដ្ឋ​ក៏​ស្នើ​ដល់​មន្ត្រី​ជំនាញ និង​អាជីវករ​លក់ដូរ​ទាំង​អស់ ជួយ​ចូលរួម​សហការ​ទប់ស្កាត់ និង​លុបបំបាត់​នូវ​ទំនិញ​ក្លែងក្លាយ​បន្ថែមទៀត​ផងដែរ ពីព្រោះថា ចំណីអាហារ​ខ្លះ​ពុំ​អាច​មើល​ឃើញតែ​នឹង​ភ្នែក​ផ្ទាល់​ឡើយ​។​

ពាក់ព័ន្ធ​នឹង​បញ្ហា​សុវត្ថិភាព​ម្ហូបអាហារ និង​ការធ្វើ​ធុរកិច្ច​ដោយ​សមធម៌​នេះ ត្រូវ​បានចែង​ក្នុង​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​មន្ត្រី​ជំនាញ ដើម្បី​ធ្វើយ៉ាងណា​អនុវត្ត​អោយ​កាន់តែ​ខ្លាំងក្លា លើ​យន្តការ​ទប់ស្កាត់ និង​លុបបំបាត់​អាហារ​ខូចគុណភាព​តាម​តំបន់​ក្បែរ​ព្រំដែន ទីផ្សារ និង​ហាង​ដេប៉ូ​ចែកចាយ​ទំនិញ​នានា​ប្រមូល​យកមក​ដុត​កម្ទេចចោល ក្នុងទិសដៅ​ធានា​សុវត្ថិភាព​ចំណីអាហារ​ជូន​អ្នកប្រើប្រាស់​៕