មន្ត្រី​ជំនាញ​: បណ្តឹង​របស់​ឈ្មោះ យស ម៉ាលី​ណា -​យុន សត្យា ប្តឹង​លោក​ភឺន ផល្លា មិន​សម​ហេតុផល​

318
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: មន្ត្រី​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប៉​បាន​បញ្ជាក់ថា ចំពោះ​បណ្តឹង​របស់​ឈ្មោះ យស ម៉ាលី​ណា និង​ឈ្មោះ យុន សត្យា ដែល​បាន​ប្តឹង​លោក​ភឺន ផល្លា ពីបទ ហិង្សា​ដោយ​ចេតនា រំលោភ​លើ​លំនៅដ្ឋាន ប៉ុនប៉ង​ឃាតកម្ម គំរាមកំហែង និង​ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់ ចោទប្រកាន់​ជា​ករណី​ពុំ​សម​ហេតុផល​នោះទេ​។

​ឈ្មោះ យស ម៉ាលី​ណា និង​ឈ្មោះ យុន សត្យា បានដាក់​ពាក្យបណ្តឹង​ប្តឹង​លោក​ភឺន ផល្លា ទៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៩​។​

​យោងតាម​របាយការណ៍​របស់​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​ប៉េអឹម​ក្រុង កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៩ បាន​បង្ហាញថា ពិត​ជាមាន​វិវាទ​ដី​ធី នៅត្រង់ចំណុច ភូមិ​សំរោង​ត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ជាមួយ​ភាគី​ដើមបណ្តឹង​ឈ្មោះ យស ម៉ាលី​ណា និង​ឈ្មោះ យុន សត្យា ប្រាកដ​មែន ។ ចំពោះ​ពាក្យបណ្តឹង ប្តឹង​ពីបទ​ហិង្សា​ដោយ​ចេតនា រំលោភ​លើ​លំនៅដ្ឋាន ប៉ុនប៉ង​ឃាតកម្ម គំរាមកំហែង និង​ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់ ចោទប្រកាន់​ទៅលើ​ភាគី​ចុង​ចម្លើយ ជា​ករណី​ពុំ​សម​ហេតុ ផល​នោះទេ សង្កេតឃើញថា ៖ ១-​បទ​ហិង្សា​ដោយ​ចេតនា​៖ ដោយសារ​ភាគី​ដើមបណ្តឹង​ទៅ​ថតរូប​ភាគី​ចុង​ចម្លើយ ដោយ​គ្មាន​ការអនុញ្ញាត​ទើប​ភាគី​ចុង​ចម្លើយ​មានការ​យល់ច្រឡំ រួច​ធ្វើ​សកម្មភាព​ឲ្យ​ភាគី​ដើមបណ្តឹង​បញ្ឈប់​ការថត​របស់​ពួកគេ​តែប៉ុណ្ណោះ ។ ២-​បទ​រំលោភ​លើ​លំនៅដ្ឋាន​៖ ការចុះទៅ​ពិនិត្យ​ដីធ្លី​របស់​ភាគី​ចុង​ចម្លើយ​, គឺ​ភាគី​ចុង​ចម្លើយ​បានផ្តល់​ដំណឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន រួចហើយ​ក៏មាន​ការ​អមដំណើរ និង​ចូលរួម​របស់​អាជ្ញាធរ​មូលដ្ឋាន​ចុះទៅ​ទីតាំង​ដី​នោះ​ផងដែរ​ដោយមាន​ភាគី​ដើម​ចម្លើយ​បាន​បើកទ្វារ​របង​ឲ្យ​ចូល​ត្រឹមត្រូវ ។ ៣-​បទ​ប៉ុនប៉ង​ឃាតកម្ម និង​ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់​៖ ការប្រើ​អាវុធ​អា​ម៉េ​បញ្ចូល​គ្រាប់​របស់​ភាគី​ចង​ចម្លើយ​ពុំមាន​ភាគី​ដើមបណ្តឹង​ឈ​រត​តាំងនៅ​ទីតាំង​កើតហេតុ​នោះទេ គឺ​ក​ភាគី​ចុង​ចម្លើយ​តែ​ម្ខាង​នៅ​ទីនោះ​តែប៉ុណ្ណោះ ហើយ​ការ​អា​ម៉េ​បញ្ចូល​គ្រាប់​នៅក្រោយពេល​កើតហេតុ​នោះទេ ទន្ទឹមនឹងនោះ​ភាគី​ដើមបណ្តឹង​ក៏បាន​ចាក​ចេញផុត​ទៅហើយ​ដែរ ដោយឡែក​ម្ចាស់​អាវុធ​ក៏មាន​ឋានៈ​ឧ​ត្ត​ម​សេនីយ៍​យោធា ជា​មេ​បញ្ជា​រង​កងពល​តូ​ចលេ​ខ​៧០​ផង​។ ៤-​បទ គំរាមកំហែង ផ្តើមចេញពី​ភាគី​ទាំងពីរ​ទំនាស់​ពាក្យសំដី​គ្នា​ទៅវិញទៅមក​តែប៉ុណ្ណោះ ពោលគឺ នៅពេល​ទំនាស់​ពាក្យសំដី តែងតែ​ប្រើ​ពាក្យសំដី​អសុរោះ ដាក់គ្នា​ទៅវិញទៅមក​តែ​អញ្ចឹង​ឯង​។​
​ដឹង​ការពិតហើយ ! ឈ្មោះ ប៉ូច ថេ​ន​-​ម៉ាត់ ឌី យក​ដី​កម្មសិទ្ធិ​របស់លោក​ភឺន ផល្លា លក់​ឲ្យ​ឈ្មោះ យស ម៉ាលី​ណា​
​ដឹង​ការពិតហើយ រឿង​មនុស្ស​មួយ​ដំបរ​ស្វាយបាន​ប្រើល្បិច​ចោទប្រកាន់​គ្មាន​ការពិត​លើ​លោក ភឺន ផល្លា រំលោភ​យក​ដី​នៅ​ភូមិ​សំរោង​ត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ​។ តែ​តាមពិត​ម្ចាស់​ដី​ពិតប្រាកដ គឺ​លោក ភឺន ផល្លា សោះ​។ ដោយសារតែ​ដឹងថា មិនអាច​តតាំង​តាមផ្លូវ​ច្បាប់​ឈ្នះ លោក​ភឺន ផល្លា គូរ​ភាគី​ជម្លោះ​បាន​ប្រើ​គ្រប់​រូបភាព​ដោយ​ខ្ចីដៃ​សារ​ព័​ត៍​មាន​មួយចំនួន​វ៉ៃ​ប្រហារ​លើ​លោក​ភឺន ផល្លា​។​

​យោងតាម​ពាក្យបណ្តឹង​ទប់ស្កាត់ និង​អន្តរាគមន៍​របស់លោក​ភឺន ផល្លា ដាក់ជូន​លោក​អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ កាលពី​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៩ បាន​សុំ​អន្តរាគមន៍​ដើម្បី​ទប់ស្កាត់ ការឈូសឆាយដី ការលក់ដូរ និង​ធ្វើ​មោ​ឃៈ​ភាព​រាល់​លិខិត​ទាំងឡាយ​ដែល​បាន​ផ្ទេរ​ទីតាំង​ដី​។

​លោក​ភឺន ផល្លា បាន​ជម្រាបជូន​លោក​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ​ថា ដី​នេះ​មាន​ទីតាំង​ស្ថិតនៅ ភូមិ​សំរោង​ត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដែល​ប្រជាជន​ចំនួន ០៤​គ្រួសារ ដែលជា​ម្ចាស់​ដី​ដើម​ចំនួន ០៩​កន្លែង​ដែលមាន​ទំហំ​សរុប​ចំនួន ៦៦៧៥២.៧៥ ម៉ែត្រក្រឡា បាន​លក់​ជូន​លោក​សួន ហុក និង​លោក ស៊ឹម ហៀ​ង ដែលជា​អ្នករៀបចំ​ទិញ​ដី​អោយ​រូបលោក ហើយ​លោក សួន ហុក និង​លោក ស៊ឹម ហៀ​ង ក៏បាន​ផ្ទេរសិទ្ធិ​ជូន​រូបលោក រួចរាល់​ហើយ​តាំងពី​ឆ្នាំ​២០១៧ មក​ម្លេះ​។ ស្រាប់តែ​ពេល​ថ្មីៗ​នេះ ជនខិលខូច​ឈ្មោះ ប៉ូច ថេ​ន និង​ឈ្មោះ ម៉ាត់ ឌី ព្រមទាំង​គូរ​កន បាន​ផ្សំគំនិត​គ្នា យក​ដី​កម្មសិទ្ធិ​របស់លោក​ដែលមាន​ទីតាំង​ដូច​បានបញ្ជាក់​ខាងលើ​យកទៅលក់​អោយឈ្មោះ យស ម៉ាលី​ណា បន្តទៀត និង​បានធ្វើ​ការរត់​ការផ្ទេរ​សិទ្ធិ​។ ចំពោះ​ដី​ដែល​ជនខិលខូច​ឈ្មោះ ប៉ូច ថុ​ន យកទៅលក់​នោះ​មាន​ទំហំ​សរុប​ចំនួន ២២៩០០ ម៉ែត្រក្រឡា ចំនែកឯ​ដី​ដែល​ជនខិលខូច​ឈ្មោះ ម៉ាត់ ឌី យកទៅលក់​នោះ​មាន​ទំហំ​សរុប​ចំនួន ២៣៤៨ ម៉ែត្រក្រឡា ដោយ​ដី​ដែល​ត្រូវបាន​ជនខិលខូច​ឈ្មោះ ប៉ូច ថេ​ន និង​ឈ្មោះ ម៉ាត់ ឌី ព្រមទាំង​គូរ​កន បាន​ផ្សំគំនិត​គ្នា​យកទៅលក់​នេះ​គឺជា​ដី​របស់​ម្ចាស់​ដើម​ដី​ចំនួន ០២ គ្រសារ លើ​ទីតាំង​ដី​ចំនួន ០៤ កន្លែង ស្ថិតនៅក្នុង​ដី​រួមទាំង ០៩ កន្លែង​របស់​ម្ចាស់​ដី​ចំនួន ០៤ គ្រសារ​ដូច​បាន​រៀបរាប់​ខាងលើ​។​

​ជាមួយគ្នានេះ លោក​ភឺន ផល្លា សូម​លោក​អភិបាលខណ្ឌ​ព្រែក​ព្នៅ មេត្តាជួយ​អន្តរាគមន៍ ទប់ស្កាត់ ហាមឃាត់ រាល់​ការឈូសឆាយដី លក់ដូរ ផ្ទេរកម្មសិទ្ធិ និង​ធ្វើ​មោ​ឃៈ​ភាព​រាល់​លិខិត​ទាំងឡាយណា​ដែល​បាន​ផ្ទេរ​នៅលើ​ទីតាំង​ដី​កម្មសិទ្ធិ​ស្របច្បាប់​របស់លោក​។​

​ចៅសង្កាត់​សំរោង​បដិសេធ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ដែល​មិនទាន់​ចុះបញ្ជី​ទាំងឡាយ​របស់​ឈ្មោះ ប៉ូច ថេ​ន ផ្ទេរ​សិទ្ធ​ឲ្យ យស ម៉ាលី​ណា​
​យោងតាម​លិខិត​បដិសេធ​របស់លោក​យិន អ៊ី​ម ចៅសង្កាត់​សំរោង បាន​ជម្រាបជូន​អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៩ បាន​បដិសេធ​ចំពោះ​រាល់​សំណុំ​ឯកសារ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ដែល​មិនទាន់​ចុះបញ្ជី​ទាំងឡាយ​របស់​ឈ្មោះ ប៉ូច ថេ​ន ផ្ទេរ​សិទ្ធ​អោយ យស ម៉ាលី​ណា លេខ ៣៥៨២១៩/១៩ ចុះ​ថ្ងៃទី​៣០ ខែឧសភា​ឆ្នាំ​២០១៩​។​

​ចៅសង្កាត់​សំរោង បាន​បញ្ជាក់ថា ចំពោះ​ទីតាំង​ដី​ដែលមាន ទំហំ ២២,៩០០​ម៉ែត្រការ៉េ និង ទំហំ​២៣៤៨​ម៉ែត្រការ៉េ ស្ថិតនៅ​ភូមិ​សំរោង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ថា​គ្មាន​សុពលភាព​តាមផ្លូវ​ច្បាប់​ឡើយ ដោយសារ​ការចេញលិខិត​នេះ​កន្លងមក​ធ្វើឡើង​ដោយ​ផ្អែកលើ​ការ អះអាង​របស់​សា​ម៉ី​ខ្លួន​លោក ប៉ូច ថេ​ន និង​លោក ម៉ាត់ ឌី ដែល​បញ្ជាក់ថា ដី​នេះ​ជា​ដី​កម្មសិទ្ធិ​របស់ខ្លួន​តែប៉ុណ្ណោះ ។ ប៉ុន្តែ​នៅពេល​ចុះទៅពិនិត្យ​ជាក់ស្តែង​ទើប​ដឹងថា ដី​នេះ​ពិតជា​នៅក្នុង​ដី​របស់​ប្រជាជន​ចំនួន ០៤ គ្រួសារ ដែលជា​ម្ចាស់​ដី​ដើម​លើដី ៩​កន្លែង ទំហំ​សរុប​ប្រមាណ ៦៦,៧៥២.៧៥​ម៉ែត្រការ៉េ បាន​លក់​ជូន​លោក សួន ហុក និង​លោក ស៊ឹម ហៀ​ង ដែលជា​អ្នករៀបចំ​ទិញ​ដី​របស់លោក ភឺន ផល្លា ហើយ​បាន​ផ្ទេរសិទ្ធិ​ជូន​លោក ភឺន ផល្លា រួចទៅហើយ ។ ហេតុដូច្នេះ​ការអះអាង​របស់លោក ប៉ូច ថេ​ន និង​លោក ម៉ាត់​ឌី គឺជា​ការនិយាយ​បោកប្រាស់​អាជ្ញាធរ​ដើម្បី​តែ​ប្រយោជន៍​បុគ្គល​តែប៉ុណ្ណោះ​៕ ល​