មន្ត្រី​ជំរុញ​ឱ្យ​និស្សិត​រៀន​ជំនាញ​អភិវឌ្ឍន៍ជនបទ​ខណៈ​សមាគម​សន្យា​នឹង​ជួយ​ដល់​យុវជន​

137
ចែករម្លែក

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ជំរុញ​និង​គាំទ្រ​ការបង្កើតឱ្យមាន​កម្មវិធី​សិក្សា​ជំនាញ​សុខភាព​សហគមន៍​និង​ជំនាញ​អភិវឌ្ឍន៍ជនបទ​សម្រាប់​ការបណ្តុះបណ្តាល​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ដល់​និស្សិត​មន្ត្រីរាជការ​និង​យុវជន​កម្ពុជា​។​ចំណែក​ប្រធាន​សមាគមយុវជន​សេដ្ឋកិច្ចកម្ពុជា​សន្យា​ជួយ​ក្នុងការ​រៀបចំ​ផ្ដល់​អាហារូបករណ៍​ដល់​យុវជន​ផងដែរ​។​

​ការលើកឡើង​របស់​ម​ន្ត្រី​បែបនេះ​ធ្វើឡើង​ក្នុង​ពិធី​ប្រកាស​ផ្ដល់​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត​ជំនាញ​សុខភាព​សហគមន៍​និង​ជំនាញ​អភិវឌ្ឍន៍ជនបទ​រវាង​សាកលវិទ្យាល័យ​អន្តរជាតិ​(IU)​និង​សមាគមយុវជន​សេដ្ឋកិច្ចកម្ពុជា​កាលពី​ថ្ងៃ​ទី​៣១​ខែសីហា​ឆ្នាំ​២០១៩​នៅ​ទីស្នាក់ការ​សមាគមយុវជន​សេដ្ឋកិច្ចកម្ពុជា​។​

​បញ្ជាក់​ក្នុង​ពិធី​នេះ​លោក​ឈឹម​សៅ​គី​រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ឲ្យ​ដឹងថា​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ជំរុញ​និង​គាំទ្រ​ការបង្កើត​ឲ្យ​មាន​កម្មវិធីសិក្សា​ជំនាញ​សុខភាព​សហគមន៍​និង​ជំនាញ​អភិវឌ្ឍន៍ជនបទ​សម្រាប់​ការបណ្តុះបណ្តាល​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ដល់​និស្សិត​មន្ត្រីរាជការ​និង​យុវជន​កម្ពុជា​។​

ព្រោះ​ពិតជា​បាន​ជួយ​អភិវឌ្ឍន៍​ធនធានមនុស្ស​ពិតប្រាកដ​និង​ធ្វើឱ្យ​ប្រទេសជាតិ​កាន់តែ​មានការ​រីកចម្រើន​។​លោក​បាន​មានប្រសាសន៍ថា​“​កម្មវិធី​បណ្តុះបណ្តាល​នេះ ពិតជា​បាន​ជួយ​អភិវឌ្ឍន៍ ធនធានមនុស្ស​សម្រាប់​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​មានចំណេះ​ជំនាញ​និង​សំបូរបែប​ដើម្បី​ចូលរួម​ក្នុង​ការងារ​អភិវឌ្ឍន៍ជនបទ នៅ​ប្រទេស​កម្ពុជា​យើង​”​។​

​លោក​បណ្ឌិត​ឡី​សុភាព​សមាជិក​ក្រុមប្រឹក្សា​រាជធានី​និង​ជា​ប្រធាន​សមាគមយុវជន​សេដ្ឋកិច្ចកម្ពុជា​បានឱ្យដឹង​ដែរ​ថា​រាជរដ្ឋាភិបាល​បាន​ផ្ដល់ឱ្យ​សាកលវិទ្យាល័យ​អន្តរជាតិ​សហការ​ជាមួយនឹង​ក្រសួង​អភិវឌ្ឍន៍ជនបទ​តាមរយៈ​សមាគមយុវជន​សេដ្ឋកិច្ចកម្ពុជា​។​ក្នុងការ​រៀបចំ​ផ្ដល់​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត​ជំនាញ​សុខភាព​សហគមន៍ និង​ជំនាញ​អភិវឌ្ឍន៍ជនបទ ជូន​ដល់​វិស័យ​ឯកជន អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រីរាជការ​សាធារណៈ​របស់​រដ្ឋ​។​

​លោក​បណ្ឌិត​បញ្ជាក់បន្ថែម​ថា «​ពេលនេះ​គឺជា​លើកដំបូង​ហើយ​ដែល​រាជរដ្ឋាភិបាល​បានផ្ដល់​ភ្លើង​ខៀវ សម្រាប់​វិស័យ​ឯកជន អង្គការ​សង្គម​ស៊ីវិល​និង​មន្ត្រីរាជការ​ដែល​ពុំមាន​សញ្ញាបត្រ​បាក់​ឌុប​ឬ​បរិញ្ញាបត្រ ប៉ុន្តែ​មានបទពិសោធន៍​នៅក្នុង​ការងារ​មិនតិចជាង​៥​ឆ្នាំ​អាច​ស្នើសុំ​ចូលរៀន​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត​នេះ​បាន ពី​សាកលវិទ្យាល័យ​អន្តរជាតិ​»​។​

​នាឱកាស​នោះដែរ លោក សា​បូ អូ​ហ្សា​ណូ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​ជា​សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​អន្តរជាតិ​បាន​បញ្ជាក់ថា​បុគ្គលិក​ក្នុង​វិស័យ​ឯកជន​អង្គកា​សង្គម​ស៊ីវិល​និង​មន្ត្រីរាជការ​ដែល​ពុំមាន​សញ្ញាបត្រ​និង​បរិញ្ញាបត្រ​ចាប់ពីពេលនេះ​តទៅ​អាច​ចូលរៀន​ថ្នាក់អនុបណ្ឌិត​បាន​លើ​ជំនាញ​សុខភាព​សហគមន៍ និង​ជំនាញ​អភិវឌ្ឍន៍ជនបទ ពី​សាកលវិទ្យាល័យ​អន្តរជាតិ (IU)​។
​ដោយ​តម្រូវឱ្យ​មានការ​ដាក់ពាក្យ​ស្នើសុំ​រៀន​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត​នេះ​ដោយ​ត្រូវ​ទំនាក់ទំនង​ជាមួយនឹង​សមាគមយុវជន​សេដ្ឋកិច្ចកម្ពុជា​៕S/

​លោក​ឈឹម​សៅ​គី​រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជនបទនិង​លោក​បណ្ឌិត​ឡី​សុភាព​ក្នុង​ពិធី​ប្រកាស​ផ្ដល់​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត​ជំនាញ​សុខភាព​សហគមន៍​និង​ជំនាញ​អភិវឌ្ឍន៍ជនបទ​ដល់​យុវជន​

#