មន្ត្រី​ទេសចរណ៍​នៅតែ​អះអាងថា ខេត្ត​ព្រះសីហនុ នៅតែ​ជា​គោលដៅ​ទេសចរណ៍​តំបន់ឆ្នេរ​យ៉ាងរឹងមាំ​

118
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: លោក នី ផល្លី អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍​ដែល​ទើបតែ​មកពី​ចុះ​ត្រួតពិនិត្យ​នៅ​ខេត្ត​ព្រះសីហនុ​ថ្មីៗ បាន​គូសបញ្ចាក់ថា ខេត្ត​ព្រះសីហនុ នៅតែ​ជា​គោលដៅ​សម្រាកលម្ហែ​កម្សាន្ត​តំបន់ឆ្នេរ​សមុទ្រ​បែប​ផាសុកភាព​ប្រកបដោយ​សុវត្ថិភាព​។​

​ការអះអាង​របស់​អនុរដ្ឋលេខាធិការ រូបនេះ​បានធ្វើ​ឡើងនា​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​ឃ្វី​ន​កូ ក្រុងព្រះសីហនុ នាឱកាស​សិក្ខាសាលា​ផ្សព្វផ្សាយ និង​បណ្តុះបណ្តាលស្តីពី​វិធានការ​ទប់ស្កាត់​បង្ការ​ជំងឺ​កូ​រ៉ូ​ណា​ថ្មី​ដល់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​។​

​លោក នី ផល្លី បាន​សង្កត់ធ្ងន់ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា​គ្រប់គ្រង​សភាពការណ៍បាន​យ៉ាង​ល្អ​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​រ៉ូ​ណា​តាមរយៈ​យន្តការ​បង្ការ ទប់ស្កាត់ និង​ឆ្លើយតប​នៅ​ក្របខ័ណ្ឌ​ទូទាំងប្រទេស​ជារួម និង​នៅ​ខេត្ត​ព្រះសីហនុ​ដោយឡែក ដោយ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​អង្គការ​សុខភាព​ពិភពលោក WHO និង​ស្ថាប័ន​អន្តរជាតិ​នានា​​ពាក់ព័ន្ធ​ដូចជា USCDC របស់​សហរដ្ឋអាម៉េរិក​ជាដើម​។​

​សិក្ខាសាលា​ផ្សព្វផ្សាយ និង​បណ្តុះបណ្តាល​ស្តីពី​វិធាន​ការបង្ការ​ទប់ស្កាត់​ពី​ជំងឺ​កូ​រ៉ូ​ណា​ថ្មី បានរៀបចំ​ឡើង​ដោយ​ក្រសួងទេសចរណ៍ សហការ​ជាមួយ​រដ្ឋបាលខេត្ត​ព្រះសីហនុ តំណាង​ដោយ លោក ឈិន សេង​ងួន អភិបាលរង​ខេត្ត ដោយមាន​ការចូលរួម​ពី​តំណាង​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ និង​បណ្តាញ​យុវជន​ផងដែរ​សរុប​ប្រមាណ​ជាង​២០០​នាក់​។ ក្រៅពី​ការផ្សព្វផ្សាយ​និង​បណ្តុះបណ្តាល អង្គសិក្ខាសាលា​ក៏បាន​ពិភាក្សា​ពី​បញ្ហា​ប្រឈម​នានា និង​ដំណោះស្រាយ​សមស្រប ដើម្បី​ជំរុញ​ដល់​វិស័យ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​។​

​ស្រប​ជាមួយគ្នា លោក​នី ផល្លី បានលើកឡើង​ក្នុងការ​កែប្រែ​បញ្ហា​ប្រឈម​នេះ ទៅជា​ឱកាស​តាមរយៈ​ការពង្រឹង​ចំណុចខ្លាំង​នានា ដូចជា​ការពង្រឹង​គុណភាព​សេវាកម្ម ភាព​ស្អាត និង​អនាម័យ​នៅ​គ្រប់​ចង្វាក់​ផលិតកម្ម​ទាំងអស់ នៅក្នុង​ឧស្សាហកម្ម​ទេសចរណ៍ ដើម្បី​ទទួលបាន​ទំនុកចិត្ត​ពី​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ក្នុងការ​មក​សម្រាក​កម្សាន្ត ក៏ដូចជា​ក្នុងតំណាក់កាល​នេះ បុគ្គលិក​អាច​ឆ្លៀតពេល​រៀន​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​បន្ថែម ដើម្បី​ពង្រឹងសមត្ថភាព​របស់​ខ្លួន​សំដៅ​ធានាបាន​នូវ​ការផ្តល់​សេវាកម្ម​ទេសច​រណ៍​ប្រកបដោយ​គុណភាព និង​ភាព​ទាក់ទាញ​។​

​គួរ​បញ្ជា​ក់ថា ខេត្ត​ព្រះសីហនុ គឺជា​គោលដៅ​ទេសចរណ៍​ឆ្នេរសមុទ្រ​ដ៏​ទាក់ទាញ ពោរពេញ​ដោយ​សក្តានុពល​ដ៏​សម្បូរ​បែប ហើយ​ការកម្សាន្ត​នៅ​ឆ្នេរសមុទ្រ​ប្រៀបបាន​ដូចជា​ការថែរក្សា និង​បង្កើន​សុខភាព និង​ភាពរឹងមាំ​នៃ​សរីរាង្គ​របស់​មនុស្ស​៕ ល​/Ha