មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​រាយការណ៍​ជាបន្ទាន់​ពេល​ឃើញ​ស្ថាប័ន​មីក្រូ​ណាមួយ​យកការប្រាក់​លើសពី​១៨%​ក្នុង​មួយឆ្នាំ​

464
ចែករម្លែក
  • 169
    Shares

ដោយៈលីនណា/ភ្នំពេញ: លោក គិត សុវណ្ណារិទ្ធ អគ្គនាយករង និង​ជា​ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ដល់ទី​កន្លែង​ធនាគារជាតិ នៃ​កម្ពុជា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ទូទាំង​ស្រុក​ស្វាយ​អ​ន្ទ​រ ក្នុង​ខេត្តព្រៃវែង​ទាំងអស់ ត្រូវ​រាយការណ៍​ជាបន្ទាន់​មកកាន់​ធនាគារជាតិ នៃ​កម្ពុជា ពេល​បានឃើញ​ស្ថាប័ន ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ណាមួយ​ឲ្យ​ប្រជាពលរដ្ឋ​ខ្ចីប្រាក់​យកការប្រាក់​លើសពី ១៨​ភាគរយ ក្នុង​មួយឆ្នាំ​។​

​ការអំពាវនាវ​របស់​លោក គិត សុវណ្ណារិទ្ធ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២៦​ខែកុម្ភៈ​ឆ្នាំ​២០១៩​នេះ ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ ស្ដីពី “​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​” ជូន​ដល់​មន្ត្រី​អាជ្ញាធរ​ចាប់ពី​ថ្នាក់ភូមិ​ដល់​ថ្នាក់ស្រុក​ជិត​៥០០​នាក់ ទូទាំង​ស្រុក​ស្វាយ​អ​ន្ទ​រ​។ ការអំពាវនាវ​នេះ គឺជា​ការឆ្លើយតប​ទៅនឹង​កង្វល់​របស់លោក ប៉ិច សុង អភិបាលស្រុក ក៏​ដូច​សិក្ខាកាម ដែល​លើកឡើង​នោះ​ផងដែរ ដើម្បី​ស្វះ​ស្វែងរក​ការអន្តរាគមន៍ និង​រក​ដំណោះស្រាយ​ដែល​សុទ្ធតែជា​បញ្ហា​ដែល​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ជួបប្រទះ​កន្លងមក​។​

​លោក គិត សុវណ្ណារិទ្ធ បាន​បន្តទៀតថា ដើម្បី​បញ្ជៀ​ស​ពី​បំណុល​វ័ណ្ឌក​ពី​ការ​ប្រាក់កម្ចី​នោះ គប្បី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​បន្ត​ផ្សព្វផ្សាយ និង​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​អំពី​ច្បាប់ នៃ​ការខ្ចីប្រាក់ ការប្រើប្រាស់​ប្រាក់កម្ចី​ឲ្យ​ចំ​គោលដៅ និង​កាតព្វកិច្ច​សង​ប្រាក់​។ ទន្ទឹមនឹង​នេះដែរ គឺ​ត្រូវ​សកម្ម​ចូលរួម​ទប់ស្កាត់​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ចាញ់បោក​ជនខិលខូច​ឃោសនា​។ ដោយឡែក​ចំពោះ​គ្រឹះស្ថាន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ ត្រូវ​កំណត់​គោលនយោបាយ​ឲ្យ​ច្បាស់លាស់​និង​ដាក់ចេញ​នូវ​វិធានការ​ចំពោះ​មន្ត្រី និង​បុគ្គលិក​រូប​ណា ដែល​មិន​គោលរ​ព​តាម​បទបញ្ជា​ផ្ទៃ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រតិបត្តិ​ការខ្លួន​។​

​លោក គិត សុវណ្ណារិទ្ធ បាន​បញ្ជាក់ដែរថា ដើម្បី​កុំ​ឲ្យ​មាន​ការយល់ច្រលំ​ដូច​រយៈពេល​កន្លងមក អាជ្ញាធរ​គួរ​បញ្ឈប់​សកម្មភាព​ស​ហ​ការ​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​និង​ប្រតិបត្តិការ​ឥណទាន​ជនបទ​នានា ក្នុងការ​ដើរទារ​ឬ​ប្រមូលប្រាក់​ពី​ប្រជាពលរដ្ឋ​ដែល​នាំ​ឲ្យ​មាន​ការយល់ច្រលំ​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឬ ប្រតិបត្តិការ​ឥណទាន​ជនបទ​ទាំងនោះ ជា​របស់​រដ្ឋ​តទៅទៀត​។​

​ទោះបីជា​វិស័យ​មួយ​នេះ ជួប​បញ្ហា​ប្រឈម​ខ្លះៗ​នា​កន្លងមក​ពិតមែន ក៏ដោយ​តែ​លោក គិត សុវណ្ណារិទ្ធ បានចាត់ទុក​វិស័យ​មួយ​នេះ បានរួម​ចំណែក​ច្រើន​ដល់​ការ​ការលើកស្ទួយ​ជីវភាព​រស់នៅ​ប្រជាពលរដ្ឋ និង​សេដ្ឋកិច្ចជាតិ​។ លោក​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​បំណាច់​ខែធ្នូ​ឆ្នាំ​២០១៨​កន្លងមកនេះ ទំហំ​ប្រាក់កម្ចី​សរុប​មាន​រហូត​ប្រមាណ ២២,២៦​ទ្រី​លាន​រៀល ស្មើនឹង​នឹង​៥,៥៤​ប៊ី​លាន​ដុល្លារ​អាមេរិក ត្រូវបាន​ផ្ដល់​ឲ្យ​អ​ថិ​តិ​ជន​ដែលជា​អ្នក​ខ្ចី​ប្រមាណ​២,១៥​លាន​នាក់ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។ ផ្ដល់ប្រាក់​កម្ចី​របស់​ប​ណ្ដា​គ្រឹះស្ថាន​មីក្រូ​ទាំងនេះ ត្រូវបាន​ការត្រួតពិនិត្យ​ផ្ទា​ល់ពី​ធនាគារជាតិ នៃ​កម្ពុជា​៕ ល​