មន្ត្រី​ធម្មការ​ថា កឋិនទាន​នៅ​បន្ទាយមានជ័យ​ឆ្នាំ​២០១៩ វត្ត​ល្បី​និង​វត្ត​នៅ​ប្រជុំជន​នៅ​សម្បូរ តែ​នៅ​ជនបទ​អត្តខាត់​

164
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ប្រធាន​ម​ន្ទិ​រ​ធម្មការ និង​កិច្ចការ​សាសនា​ខេត្តបន្ទាយមានជ័យ​ថា កឋិនទាន​នៅ​ខេត្ត​នេះ​នា​ឆ្នាំ​២០១៩​នេះ នៅតាម​វត្ត​អារាម​ល្បីៗ​និង​វត្ត​នៅ​ប្រជុំជន នៅ​ទីក្រុង​នៅ​សម្បូរ​សប្បាយ​ជា​មធ្យម និង​បង្គួរ តែ​វត្ត​នៅ​ជនបទ ដាច់ស្រយាល​ភាគច្រើន​អត្តខាត់​ឬ​ខ្វះខាត​។​

​លោក បៀ​វ ថា​ន ប្រធាន​ថ្មី​មន្ទីរ​ធម្មការ និង​កិច្ចការ​សាសនា​ខេត្តបន្ទាយមានជ័យ ប្រាប់​កាសែត​រស្មី​កម្ពុជា ថ្ងៃទី​៣១​ខែតុលា​ឆ្នាំ​២០១៩​ថា នៅ​ឆ្នាំ​២០១៩​នេះ គ្មាន​កឋិនទាន​ដែលមាន​ម្ចាស់​តែមួយ​ឬ​២-៣ នាក់​នោះទេ​។ មានតែ​កឋិនទាន​សាមគ្គី​ជា​ក្រុមៗ​មាន​សមាជិក​ច្រើន​នាក់​។

​មកទល់ពេលនេះ មាន​វត្ត​ខ្លះ​មិនទាន់​ទទួលបាន​សប្បុរសជន និង​ពុទ្ធា​បរិស័ទ​ណា​ចុះឈ្មោះ​ធ្វើបុណ្យ​ដង្ហែ​កឋិន​នៅឡើយ​។ ហេតុនេះ ព្រះសង្ឃ អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ត្រូវ​គិតគូរ​ធ្វើ​កឋិន​សាមគ្គី​នៅក្នុង​វត្ត​តែម្តង ព្រោះ​មិនអាច​អត់​មាន​កឋិន​បានទេ​។ ហើយ​ជារួម លោក មន្ត្រី​និង​ព្រះសង្ឃ​បាន​អង្កេត​ឃើញថា ស្ថានភាព​បុណ្យកឋិន​ទាន​នា​ឆ្នាំនេះ ពុំមាន​បុគ្គល​ជា​ម្ចាស់​ផ្តាច់មុខ​ហ៊ាន​ធ្វើបុណ្យ​កឋិនទាន​ទេ គឺ​មានតែ​អង្គ​កឋិនទាន​សាមគ្គី​ក្នុង​ចំនួន​ច្រើន​នាក់​។​

​សម្រាប់​វត្ត​ដែល​ល្បីឈ្មោះ វត្ត​នៅ​ប្រជុំជន នៅ​ទីក្រុង​អង្គ​កឋិនទាន​ដង្ហែ​ចូល​មិន​បញ្ហា​ទេ គឺមាន​សភាព​សម្បូរ​ស​ប្បាយ​ជា​មធ្យម​និង​បង្គួរ ។​ឬ​អាច​ថា អាច​ប្រមូល​បច្ច័យ​សម្រាប់​កសាងបាន​យ៉ាងតិច​ក៏​ពី​១៥​ទៅ​៤០​លាន​រៀល​។ ឬ​បើ​កឋិនទាន​សាមគ្គី​ធំ​របស់​មន្ត្រី​និង​អ្នក​សម្បូរ​ធនធាន បាន​បច្ច័យ​ពី​១០០​ទៅ​៤០០​លាន​រៀល ។​

​ឧទាហរណ៍​កឋិនទាន​មហា​សាមគ្គី​របស់លោក ឧបនាយករដ្ឋមន្ត្រី​កែ​គឹមយ៉ាន លោកស្រី ម៉ៅ ម៉ា​ល័យ ពី​រាជធានី​ភ្នំពេញ និង​កឋិនទាន​សាមគ្គី​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​ដែល​រួមគ្នា​ដង្ហែ​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ចម​សទ្ធា​វាស​ហៅ​វត្ត​ស្វាយ​ចាស់​ភូមិ​១​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ កាលពី​ថ្ងៃទី​៣០​ខែតុលា​ឆ្នាំ​២០១៩ ប្រមូល​បច្ច័យ​បាន​៣៤០​លាន​រៀល​។ ប៉ុន្តែ​បច្ច័យ​នេះ ត្រូវ​បែងចែក​សម្រាប់​កសាង​សាលា​ឆាន់​ដ៏​ធំ​មួយ​ក្នុង​វត្ត​និង​មួយផ្នែក សម្រាប់​សង​ថ្លៃ​កសាង​អគារ​ថែម​នៃ​ពុទ្ធិ​កះ​វិទ្យាល័យ​សម្តេច​ធម្ម​ពោធិ​សាល​ជា ស៊ីម ស្ថិតក្នុង​បរិវេណ​វត្ត​ផង និង​ត្រូវ​រំលែក​ទៅ​វត្ត​នៅ​កន្លែង​ផ្សេងទៀត​និង​នៅ​ជនបទ​ដាច់ស្រយាល​ជិត​១០​វត្ត​ផ្សេងទៀត​។​

​ឧទាហរណ៍​មួយទៀត កឋិនទាន​សាមគ្គី​ផ្ដូ​ច​ផ្ដើម​ពី​លោក​ឧត្ដមសេនីយ៍ឯក ព្រហ្ម មរណៈ មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​ប្រធាន​គណៈកម្មាធិការ នៃ​មណ្ឌល​អភិវឌ្ឍន៍​៣១៧​តេ​ជោ​ភ្នំ​ឆ័​ត្រ ពី​លោក លោកស្រី ដែលជា​ពុទ្ធ​បរិ​ស័​ទ្ធ​មកពី​ទីជិត​ឆ្ងាយ ពិសេស​ក្រុមគ្រួសារ​យោធិន​ពិការ​ដង្ហែ​ទៅ​វ​ត្ត្ត​ប្រាសាទសំរោង​តេ​ជោ​សែន​ជ័យ​នៅ​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ជនពិការ​៣១៧ -​តេ​ជោ​ភ្នំ​ឆ័​ត្រ នា​ភូមិ​អភិវឌ្ឍន៍​តេ​ជោ​ឃុំ​/​ស្រុក​ស្វាយចេក ទទួល​បច្ច័យ​ជិត​៦០ លាន​រៀល​។​

​លោក បៀ​វ ថា​ន និយាយ​បន្ថែមថា មូលហេតុ​ដែល​បុណ្យ​កឋិនទាន​នៅ​ទីជនបទ តាម​ស្រុកភូមិ​ឃុំ​មាន​សភាព​អត្តខាត់​ជាង​ឆ្នាំមុន មកពី​ប្រជា​ពុទ្ធបរិស័ទ ដែល​ភាគច្រើន​ជា​កសិករ និង​បាន​ផល​ពី​វិស័យ​កសិកម្ម ព្រួយបារម្ភ​នឹង​ផលដំណាំ​ស្រូវ​ធ្លាក់ចុះ ព្រោះ​ជួប​គ្រោះរាំងស្ងួត​ផង ជួប​គ្រោះទឹកជំនន់​ផង​កន្លងមក​។ ចំណែក​ដំណាំ​ដំឡូង​មី ដំណាំ​កសិឧស្សាហកម្ម​ផ្សេងទៀត ក៏​មិនទាន់​ច្បាស់​ថា នឹង​ទិន្នផល​និង​តម្លៃ​ទីផ្សារ​ដូចម្តេច​នៅឡើយ​នា​ឆ្នាំ​២០១៩ នេះ​៕ ល​