មន្ត្រី​ធម្មការ​ផ្តល់​ការពន្យល់​ណែនាំ​បន្ថែម ៣ ចំណុច សម្រាប់​ពិធី​ចូលឆ្នាំ​ខ្មែរ​

116
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត កាលពី​ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២០ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល កម្ពុជា បាន​មានប្រសាសន៍ថា ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​នៅ​ខែមេសា ខាងមុខនេះ នឹង​ប្រព្រឹត្តទៅ​ជាធម្មតា គ្រាន់តែ​មិនមាន​ការរៀបចំ​ជា​សង្ក្រាន្ត ឬ ពិធី​ជួបជុំ​ប្រមូលផ្តុំ​មនុស្ស​ច្រើនតែ​ប៉ុណ្ណោះ ។


​ដើម្បី កាន់តែច្បាស់​ថែមទៀត លោក សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង សាសនា ដែល​លោក ក៏​ជា​បញ្ញវ័ន្ត​មួយរូប​ផ្នែក​ព្រះពុទ្ធសាសនា​ដែរ បាន​ពន្យល់​បន្ថែម​នូវ​កិច្ចការ​លម្អិត​មួយចំនួនទៀត សម្រាប់​ព្រះសង្ឃ អាចារ្យ​គណៈកម្មការ​វត្ត ក៏ដូចជា​ពុទ្ធបរិស័ទ​ប្រតិបត្តិ​នៅ​អំឡុង​ចូលឆ្នាំ​នោះ ដើម្បី បង្ការ​ទប់ស្កាត់​ការឆ្លង​ជំងឺ ខូ​វីដ ១៩ ។​


១. ចំពោះ​តាម​ទី​វត្ត​អារាម​នានា ពិធី​ចម្រើន​ព្រះ​បរិត្ត សមាទានសីល សម្តែង​ធម្មទេសនា និង ពិធី​ទទួល​ទេវតា ជាដើម អាច​ប្រព្រឹត្ត​ទៅជា​ប្រក្រតី ប៉ុន្តែ​មិនត្រូវ​ឱ្យមាន​ការជួបជុំ​ប្រមូលផ្តុំ​មនុ​សុ្ស​ច្រើន​ឡើយ រីឯ​ព្រះសង្ឃ​ដែល​ត្រូវ​សូត្រមន្ត មិនចាំបាច់​ចំនួន​ច្រើន​ទេ ។ ចំណែក ពុទ្ធបរិស័ទ​ដែល​ត្រូវយក​ចង្ហាន់ ឬ ទេយ្យទាន​ទៅ​ប្រគេន​ព្រះសង្ឃ ពេល​ប្រគេន​រួច ក៏​គួរ​ត្រលប់​ទៅ​លំនៅឋាន​វិញ ចៀសវាង​ការ​នៅ​ជួបជុំគ្នា ដោយ​ទុក​ត្រឹមតែ​អាចារ្យ ឬ គណៈកម្មការ​ប៉ុន្មាន​នាក់​ដែល​ចាំបាច់ នៅ​ចាត់ចែង​បាន​ហើយ ។ រីឯ​ការដែល​យក​ចង្ហាន់ និង ទេយ្យទាន ទៅ​ប្រគេន​ព្រះសង្ឃ ក៏ត្រូវ​តែមាន​ការប្រុងប្រយ័ត្ន​រក្សា​អនាម័យ និង សុវត្ថិភាព​ឱ្យបាន​ច្បាស់លាស់ ចៀសវាង​ការចម្លង​មេរោគ​ផ្សេងៗ​តាមរយៈ​ចង្ហាន់ និង ទេយ្យទាន​ទាំងនោះ ។

លោក សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង សាសនា ( រូបៈ មេសា )


​លោក សេង សុ​មុនី បន្ថែមថា រីឯ​ការ​សូត្រមន្ត និង សម្តែងធម៌​ទេសនា គឺ​ព្រះសង្ឃ​អាច​សូត្រ និង សម្តែង តាម​ម៉េ​ក្រូ​ជាដើម ដែល​ពុទ្ធបរិស័ទ​អាច​ស្តាប់​បាន​ពី​តាម​ផ្ទះ​រៀងៗ​ខ្លួន ពោលគឺ​មិនចាំបាច់​នៅ​ជួបជុំគ្នា​ស្តាប់​នៅឯ​វត្ត​ឡើយ​ហើយ​នៅតាម​វត្ត​ក៏​មិនត្រូវ​រៀបចំ​ល្បែង​កម្សាន្ត​ផ្សេងៗ ដែលនាំឱ្យ​មានការ​ជួប​ជុំ​ប្រមូលផ្តុំ ដូចជា​ពិធី​រាំច្រៀង​ជាដើម​ដែរ ។​
២. ចំពោះ​ពិធីសូត្រមន្ត និង បង្សុកូល​នៅតាម​គ្រួសារ លោក សេង សុ​មុនី បាន​បន្ថែមថា ពុទ្ធបរិស័ទ​អាចធ្វើ​ជា​ប្រក្រតី​បាន ប៉ុន្តែ​មិន​គប្បី​និមន្ត​ព្រះសង្ឃ​ច្រើន​អង្គ​ទេ ហើយ​ពុទ្ធបរិស័ទ ក៏​មិន​គប្បី នៅ​ជួបជុំ​គ្នាច្រើន​ដែរ ហើយ​ត្រូវ​នៅ​ឱ្យ​ឃ្លាត​ពីគ្នា ពី​ចន្លោះ ១ ម៉ែត្រ​កន្លះ​ទៅ ២ ម៉ែត្រ ហើយ​ជាថ្មី​ម្តងទៀត ការ​ប្រគេន​ចង្ហាន់ ភេសជ្ជៈ បច្ច័យ ឬ ទេយ្យទាន​ដល់​ព្រះសង្ឃ ក៏​ត្រូវតែ​ធ្វើឡើង​ដោយ​ហ្មត់ចត់​តាម​ក្បួន​អនាម័យ និង សុវត្ថិភាព​ចំណីអាហារ ។​
៣. ម្យ៉ាងទៀត អ្នក​ដែល​ទៅ​ជួបជុំគ្នា​នៅឯ​ស្រុកកំណើត ជាទូទៅ គឺជា​មនុស្ស​ដែល​ចេញពី​ប្រភព​ផ្សេងគ្នា ហេតុនេះ ឯកឧត្តម សេង សុ​មុនី បាន​រំឭក​បន្ថែមថា គ្រួសារ​ដែលជា​កន្លែង​ជួបជុំគ្នា នៃ សាច់ញាតិ បងប្អូន ប្រសិនបើ​មានលទ្ធភាព គួរតែ​ឱ្យមាន​ឧបករណ៍​វាស់​កម្តៅ ហើយក៏​ត្រូវតែមាន​សាប៊ូ​លាងដៃ ទឹក​អាល់កុល ឬ ជែ​ល​សម្រាប់​លាងដៃ ឱ្យបាន​គ្រប់គ្រាន់​ជាប្រចាំ ហើយក៏​ត្រូវ​ពាក់​ម៉ាស់​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ ។​
​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រ​ណៃ​ខ្មែរ​ឆ្នាំនេះ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ ១៤ កើត ដល់​ថ្ងៃ ១ រោច ខែ ចេត្រ ត្រូវ​នឹង​ថ្ងៃទី ១៣ ដល់​ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២០ ៕ Kh

ពិធី​សាសនា​នានា​ឆ្នាំនេះ មិនគួរ​មាន​ព្រះសង្ឃ និង មនុស្ស​ចូលរួម​ច្រើន​ទេ និង ត្រូវ​នៅ​ឱ្យ​ឃ្លាត​ពីគ្នា ពី ១ ម៉ែត្រ​កន្លះ ទៅ ២ ម៉ែត្រ ហើយក៏​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ចង្ហាន់ បច្ច័យ និង ទេយ្យទាន​ផងដែរ ( រូបៈ ឯកសារ )