មន្ត្រី​ធម្មកា​រៈ សូម​អាចារ្យ​ទាំងអស់​ប្រឹង​សិក្សា​ប្រពៃណី​ទំ​នៀត​ម្លា​ប់​ខ្មែរ​ឱ្យបាន​ជ្រៅជ្រះ​

457
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា បាន​សំណូមពរ​ឲ្យ​អាចារ្យ​ទាំងអស់ ឱ្យ​ខិតខំ​លើកកម្ពស់​ប្រពៃណី និង​ទំនៀមទម្លាប់​ខ្មែរ​ថា ” សូម​អាចារ្យ​ទាំងអស់ ដែល​នឹងចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី​តួនាទី ភារកិច្ច និង​ក្រមសីលធម៌​អាចារ្យ​ខ្មែរ​ជំនា​ន់ទី​៣១ ខិតខំ​ត្រងត្រាប់ ស្តាប់​នូវ​បទឧទ្ទេស​ពី​សំណាក់​ព្រះ​ឧទ្ទេសាចារ្យ គ្រូ​ឧទ្ទេសាចារ្យ និង​បន្ត​លើកកម្ពស់​ការពង្រឹង​ការប្រតិបត្តិ​នូវ​ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ​ឱ្យបាន​គត់មត់ ស្របតាម​ចរន្ត​សាកលភាវូបនីយកម្ម ។ សូម​ខិតខំ​រៀនសូត្រ នូវ​គម្ពីរ​ក្បួនច្បាប់​ឱ្យបាន​ជ្រៅជ្រះ ដើម្បីឱ្យ​ការអនុវត្ត​មាន​ភាពត្រឹមត្រូវ ទៅតាម​ក្បួនច្បាប់​បុរាណ ទើប​អាច​ថែរក្សា​ឱ្យបាន​គង់វង្ស និង រីកចម្រើន​នូវ​អត្តសញ្ញាណ​របស់​ជាតិ ” ។​


​ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម សំណូមពរ យ៉ាង​ដូច្នេះ នៅក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​តួនាទី ភារកិច្ច និង​ក្រមសីលធម៌​អាចារ្យ​ខ្មែរ​ជំនា​ន់ទី​៣១ នៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩ នៅឯ​ក្រសួង​ធម្មការ និង សាសនា ។​


​លោក ហ៊ឹម ឆែម បន្តថា កិច្ច​ការដែល​បាន​នឹង​កំពុង​ធ្វើ​នេះ គឺ​រក្សាបាន​នូវ​ការអភិរក្ស និង​អភិវឌ្ឍ​ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ អរិយធម៌ និង​សាមគ្គីភាព​ដ៏​យូរលង់​របស់​ដូនតា​ខ្មែរ ដែល សម្បត្តិ​ធនធាន កេរ​មរតក​ទាំងអស់​នេះ គឺជា​មូលធនសង្គម​ដ៏​ចាំបាច់ និង​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន សម្រាប់​ការកសាង​សង្គម​កម្ពុ​ជាមួយ ដែលមាន​កោសិកា​ផ្សារភ្ជាប់​គ្នា​ដ៏​រឹងមាំ មាន​ប្រជាជន​ដែលមាន​ចំណេះដឹង​ជ្រៅជ្រះ​ច្បាស់លាស់​អំពី​វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​របស់​ជាតិ​ខ្លួន រស់នៅក្នុង​ជីវភាព​ថ្លៃថ្នូរ ប្រកបដោយ​សុខសន្តិភាព មាន​ភាព​សុ​ខុ​ដុមរ​មនា និង​មានការ​អភិវឌ្ឍ​ប្រកបដោយ​ចិ​រ​ភាព និង​វិបុលភាព​។


​លោក រដ្ឋមន្ត្រី ហ៊ឹម ឆែម បញ្ចេញ​ទស្សនៈ​ថា សមិទ្ធផល​ទាំងឡាយ​ដែល​នឹង​កើតចេញពី​វគ្គ​បណ្តុះបណ្តាល​នេះ គឺ​មិន​ត្រឹមតែ​ជា​មោទនភាព និង​ជា​ប្រយោជន៍​សម្រាប់តែ​សិក្ខាកាម​ផ្ទាល់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​មោទនភាព​របស់​សង្គមជាតិ​ទាំងមូល​ដែរ ដោយ​នឹង​ទទួលបាន​នូវ​ធនធាន​អាចារ្យ​បន្ថែមទៀត ដែលមាន​ចំណេះដឹង​ត្រឹមត្រូវ​តាម​ក្បួនច្បាប់ ពី​បុរាណ​សម្រាប់​ចូលរួមចំណែក និង​ជួយ​ជំរុញ​ដំណើរការ​អភិវឌ្ឍ​សង្គម ដោយ​រក្សាបាន​នូវ​វប្បធម៌​ដ៏​ផូរផង់ និង​អត្តសញ្ញាណ​ជាតិ​ផងដែរ ៕ Kh

#