មន្ត្រី​និង​ជាងសំណង់​ជ័យលាភី​ពី​ការប្រកួត​ជំនាញ​អេ​ស៊ីជី​អំពាវនាវ​ឱ្យ​យុវជន​រៀន​ជំនាញ​

287
ចែករម្លែក

ដោយ​:​មុនី​រ័ត្ន​/​ភ្នំពេញ​:​មន្ត្រី​ជំនាញ​ជាន់ខ្ពស់​និង​មេជាង​សំណង់​ដែល​ឈ្នះ​ជ័យលាភី​ពី​ការប្រកួតប្រជែង​ជំនាញ​របស់​ក្រុមហ៊ុន អេស​ស៊ីជី ឆ្នាំ ២០១៩ បាន​លើកទឹកចិត្ត​ឱ្យ​យុវជន​នាំគ្នា​រៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដែល​ទីផ្សារ ការងារ កំពុង ត្រូវការ ក្នុង នោះ​រួមទាំង ជំនាញ ផ្នែក សំណង់​។​

​លោក ហ៊ីង ស៊ី​ដេ​ត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​(TVET) នៃ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មាតាបិតា​អាណាព្យាបាល សហគមន៍ និង អ្នកពាក់ព័ន្ធ ទាំងអស់ បញ្ជូន កូនចៅ ឲ្យ ចូលរៀន នៅក្នុង វិស័យ​អប់រំ​បណ្ដុះបណ្ដាល បច្ចេកទេស និង វិជ្ជាជីវៈ ដើម្បី ឲ្យ​មាន ជំនាញ មួយ​ពិតប្រាកដ​។​

​លោក អគ្គនាយក ហ៊ីង ស៊ី​ដេ​ត ថ្លែង យ៉ាង ដូច្នេះ ថា «​កាលណា យើង​មាន ជំនាញ មួយ ពិត ប្រាកដ យើង នឹងមាន ចំណូល​សមស្រប បម្រើ ដល់​ជីវភាព​ក្នុង​គ្រួសារ ក៏ដូចជា ជួយ​កសាង ប្រទេសជាតិ​»​។​
​លោក ហ៊ីង ស៊ី​ដេ​ត លើកឡើង បែបនេះ នៅឯ ពិធី បិទ ការប្រកួតប្រជែង ជំនាញ​របស់ ក្រុមហ៊ុន អេស​ស៊ីជី លើក​ទី​២ ឆ្នាំ ២០១៩ ដែល​សហការ​រៀបចំ​ដោយ ក្រុមហ៊ុន អេស​ស៊ីជី និង ក្រសួង ការងារ និង បណ្ដុះ បណ្ដាល វិជ្ជាជីវៈ នា​រសៀល​ថ្ងៃទី​២៨ វិច្ឆិកា ដែល ក្នុង នោះ ជ័យលាភី លេខ ១, លេខ ២ និង លេខ ៣ ត្រូវបាន​ប្រកាស សម្រាប់ មុខជំនាញ សំណង់ ៣​ប្រភេទ​ផ្សេងៗ​គ្នា រួមមាន ជំនាញ ការងារ បូក​, ប្រក់ ដំបូល និង ស្មា​តបត​។​

​បើតាម​លោក ហ៊ីង ស៊ី​ដេ​ត អគ្គនាយក TVET នៃ ក្រសួង​ការងារ បាន ឲ្យ ដឹងថា ជំនាញ​ចំនួន ៥ ដែល ទីផ្សារ ការងារ កំពុង ត្រូវការ រួមមាន ផ្នែក​សំណង់​, ផ្នែក​រថយន្ត​, ផ្នែក​អេឡិចត្រូនិក​, ផ្នែក អគ្គិសនី​, និង ផ្នែក​កា​ម្មន្ត​សាល​។ លោក បន្ថែម​ផង ដែរ ថា នៅ​ទូទាំង ប្រទេស បច្ចុប្បន្ន ក្រសួង ការងារ មាន គ្រឹះស្ថាន អប់រំ បណ្ដុះ បណ្ដាល បច្ចេកទេស និង វិជ្ជាជីវៈ (TVET) ចំនួន ៣៨ គ្រឹះស្ថាន ក្នុងនោះ ២០​គ្រឹះស្ថាន ទទួលបាន ISO ធានា​ផ្នែក​ការគ្រប់គ្រង​។​

​ផ្ដល់ បទសម្ភាសន៍ ដល់ អ្នកសារព័ត៌មាន នៅក្រោយ ពេល​ប្រកាស លទ្ធផល​ប្រកួត​,​ជ័យលាភី​លេខ​១ លើ​ជំនាញ​ប្រក់​ដំបូល​លោក​ខាត់​ធុច​មកពី​ខេត្តសៀមរាប​បាន​អំពាវនាវ​ទៅកាន់​យុវជន​ទូទៅ​ថា​ធ្វើយ៉ាងណា​ត្រូវ​ចាប់​ជំនាញ​អ្វីមួយ​ឲ្យ​ច្បាស់លាស់​។​លោក​ខាត់​ធុច​និយាយ​យ៉ាង​ដូច្នេះ​ថា «​ឲ្យ តែ ចេះ ជាង ជាង អី​ក៏ដោយ ឲ្យ​តែ ចេះ ប្រាកដ​។ ខ្ញុំ រស់​ដោយសារ របរ ជាង​នេះ​ជាង ១៧​ឆ្នាំ ហើយ … ក្នុង មួយខែ ជា​មធ្យម ខ្ញុំ រកបាន ចំណេញ​ពី ៥០០ ទៅ ៧០០​ដុល្លារ ខែ​ណា សម្បូរ ការងារ អាច ដល់ បាន ១០០០ ឬ ១២០០​ដុល្លារ​»​។​

​លោក វី​រុត ផានិត​ភុតចាម៉ាន (Wirot Phanitphotchamarn) នាយក​គ្រប់គ្រង ផ្នែក​ទីផ្សារ​និង​ការលក់ របស់ SCG នៅ​កម្ពុជា ថ្លែង ថា កម្មវិធី បណ្ដុះបណ្ដាល ជាងសំណង់ អេស​ស៊ីជី បាន ចូលរួមចំណែក ដល់ ការ ធ្វើ ឲ្យ ប្រសើរឡើង នៃ​វិស័យ​សំណង់​នៅ​កម្ពុជា​ខណៈដែល​ប្រទេស​នេះ​កំពុង​ត្រូវការ​ចាំបាច់ នូវ​ពលកម្ម ជំនាញ ច្រើន​ថែមទៀត ជាពិសេស នៅក្នុង វិស័យ សំណង់​។​

​លោក វី​រុត បាន និយាយ ដូច្នេះ​ថា «​អេស​ស៊ីជី សង្ឃឹមថា កម្មវិធី នេះ នឹង ក្លាយជា ផ្នែក​មួយ នៃ ការអភិវឌ្ឍ ប្រកប ដោយ ចីរភាព របស់ កម្ពុជា មិនមែន តែ នៅក្នុង វិស័យ សំណង់ នោះ ទេ ប៉ុន្តែ ក៏ រួម ចំណែក ដល់ ការលើកកម្ពស់ គុណភាព​រស់នៅ របស់ ម្ចាស់ លំនៅដ្ឋាន និង ប្រជាពលរដ្ឋ កម្ពុជា ទូទៅ ផងដែរ​»៕S/​