មន្ត្រី​បច្ចេកទេស ត្រូវតែ​យុត្តិធម៌ កុំ​បំផ្លាញ​លទ្ធផល​អត្ត​ព​លិ​ក​

1021
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​៖ ថ្លែង​នៅក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល មន្ត្រី​គណៈកម្មការ​បច្ចេកទេស កីឡាហែលទឹក​ថ្នាក់ជាតិ នា​ល្ងាច​ថ្ងៃទី​៣ ឧសភា លោក Ang Peng Wee មកពី​ប្រទេស​សឹង្ហ​បូរី ដែលជា​មន្ត្រី​បច្ចេកទេស រៀបចំ​ការប្រកួត របស់​សហព័ន្ធ កីឡាហែលទឹក អាស៊ីអាគ្នេយ៍ បញ្ជាក់ថា តួនាទី​របស់​មន្ត្រី​បច្ចេកទេស ចៅក្រម អាជ្ញាកណ្ដាល គឺ​កុំ​បំផ្លាញ​កីឡាករ ដោយសារតែ​ការកាត់ក្ដី​ខុស​របស់ខ្លួន ។​

ទិដ្ឋភាព​បិទ​វគ្គ​

​លោក​ក៏បាន​ចាត់ទុកថា នេះ​ជាវ​គ្គ​ដ៏​ល្អ​មួយ ដែល​បង្ហាញថា សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក កំពុងតែ​ទទួលខុសត្រូវ​ខ្ពស់ ពេលដែល​ខ្លួន ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡាហែលទឹក ជ្រើសរើស​ជើងឯក យុវជន​អាស៊ីអាគ្នេយ៍ លើក​ទី​៤៣ ឆ្នាំ​២០១៩ ដែល​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩​។

​លោក​បាន​បន្តថា លោក​មកនេះ គឺ​ដើម្បី​ជួយ និង​លើកតម្កើង​សមត្ថភាព ដល់​មន្ត្រី​បច្ចេកទេស​កម្ពុជា មិនមែន​មក ដើម្បី​វាយតម្លៃ​ពី​សមត្ថភាព​នោះទេ​។ លោក​បាន​បញ្ជាក់ថា តួនាទី​ជាម​ន្ត្រី​បច្ចេកទេស ត្រូវតែ​យុត្តិធម៌ តម្លាភាព Fair-Play ។​

ទិដ្ឋភាព​បិទ​វគ្គ​

​លោក ហែម គី​រី អគ្គលេខាធិការ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​ឲ្យ​ដឹង​ដែរ​ថា ខែមិថុនា ខាងមុខនេះ សហព័ន្ធ មាន​ភារកិច្ច​ធំៗ ចំនួន ២ គឺ​ព្រឹត្តិការណ៍​ប្រកួត​កីឡាហែលទឹក ជ្រើសរើស​ជើងឯក យុវជន​អាស៊ីអាគ្នេយ៍ លើក​ទី​៤៣ ឆ្នាំ​២០១៩ និង​ព្រឹត្តិការណ៍​ប្រកួត​កីឡា សិស្ស​ថ្នាក់ជាតិ​លើក​ទី​១ (The 1st National School Games) ដូច្នេះ​វគ្គ​នេះ ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់​។​

​សូម​បញ្ចា​ក់ថា វគ្គ​នេះ ចាប់ផ្ដើម​ពីថ្ងៃ​ទី​១ ហើយ​គ្រោង​នឹង​បញ្ចប់ នៅ​ថ្ងៃទី​៤ តែដោយសារ​ពេលវេលា មិន​អំណោយផល​នោះ ទើប​គ្រូឧទ្ទេស​បង្ខំចិត្ត បញ្ចប់​មុន​មួយថ្ងៃ ។ វគ្គ​នេះ សិក្សា​ច្រើន​ទៅលើ​ទ្រឹស្ដី ឯ​ការអនុវត្តន៍ មានតែ​មួយថ្ងៃ​ប៉ុណ្ណោះ ។​

ទិដ្ឋភាព​បិទ​វគ្គ​

​លោក ព្រំ ប៊ុណ្ណ​យី ទីប្រឹក្សា​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ចូលរួម ក្នុង​ពិធី​បិទ​វគ្គ បាន​មានប្រសាសន៍ថា អ្វីៗ​ត្រូវតែមាន​គោលដៅ ច្បាស់លាស់ បើ​គ្មាន​គោលដៅ​ទេ អ្វីៗ​នឹងមិន​បានទទួល ជោគជ័យ​ឡើយ ។ លោក​ក៏បាន​បញ្ជាក់ដែរថា ការវិនិច្ឆ័យ ដោយ​ភាពយុត្តិធម៌ សំខាន់​ខ្លាំងណាស់ ។ ការវិនិច្ឆ័យ​ខុស គឺ​បំផ្លាញ​អនាគត និង​បំផ្លាញ​ជោគជ័យ របស់​អត្ត​ព​លិ​ក​។​

​វគ្គ​នេះ មាន​សិក្ខាកាម ចំនួន ៥៦ រូប មកពី​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា នាយកដ្ឋាន​អប់រំ​កាយ និង កីឡា ក្រសួងមហាផ្ទៃ មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា​។ ក្នុងចំណោម​នេះ ៦០ ភាគរយ មានបទពិសោធន៍​រួចហើយ ឯ ៤០ ភាគរយ​ទៀត ថ្មី​សុទ្ធសាធ​តែម្ដង​៕v

ទិដ្ឋភាព​បិទ​វគ្គ​
#