មន្ត្រី​បរិស្ថាន​មិនត្រូវ​រងគ្រោះ​ដោយ​ក្រុម​ជនល្មើស ជា​ព្រានព្រៃ និង​អ្នក​កាប់​ឈើ​

968
ចែករម្លែក

ក្រុម​ព្រានព្រៃ​បាន​បើក​ការបាញ់ប្រហារ​លើ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ម្នាក់ ក្នុង​បំណង​ផ្ដាច់ជីវិត ក្នុងពេល​មន្ត្រី​រូបនេះ​បំពេញបេសកកម្ម ស្វែងរក​បទល្មើស​ព្រៃឈើ និង​បង្ក្រាប​បទល្មើស​សត្វព្រៃ នៅក្នុង​ស្រុក​កោះ​ញែក​កាលពី​វេលា​ទៀបភ្លឺ ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩​។​

​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែល​រងរបួស​នោះ ស្ថិតក្នុង​ក្រុមការងារ​ល្បាត ដែល​បាន​ចុះ​ល្បាត​នៅ​ចំណុច​មួយ ឈ្មោះថា អូរ​ល្វេ ស្ថិតក្នុង​ភូមិ​ជី​មៀត ឃុំ​ណង​ឃី​លឹក ស្រុក​កោះ​ញែក ហើយ​បាន​ជួបនឹង​ជំរំ​មួយ ដែលមាន​ចង​អង្រឹង​។ ដោយមាន​ការសង្ស័យ​ក្រុមការងារ​បរិស្ថាន​បានដាក់​កម្លាំង​ចាំ​អង្កេត មើល​។ ក្រុមការងារ​បាន​ពង្រា​យ​កម្លាំង​ពួន​ចាំ​ស្ទាក់ នៅ​ចំណុច​អូរ​ល្វេ​នោះ​។​

​បន្ទាប់មក​នៅ​ម៉ោង​ប្រមាណ​ជា ៣:៣០​យប់ ទៀបភ្លឺ ថ្ងៃទី​២៩ ខែមករា ស្រាប់តែ​ឮ​សំឡេង​ម៉ូតូ មកដល់​ចំណុច​ក្បែរ​ជំរំ​នោះ​។ ម៉ូតូ​មួយគ្រឿង​នោះ មិនបាន​ជិះ​ចុះមក​អូរ​ទេ ដោយមាន​ជន ម្នាក់​លី​បាវ​មួយ​លើ​ស្មា ដែល​គេ​សង្ស័យថា ក្នុង​បាវ​នោះ គឺជា​សត្វព្រៃ​។ នៅពេលដែល​ជន ម្នាក់​នោះ ចូល​មកដល់​ចំណុច​ជំរំ ក៏បាន​ពើបប្រទះ​នឹង​កម្លាំង ដែល​ពួនស្ទាក់ ហើយ​ក្រុមការងារ បាន​ឃាត់ខ្លួន​ជន​ម្នាក់​នោះ​ដើម្បី​សួរនាំ​។

​ប៉ុន្តែ​គ្រាន់តែ​ក្រុមការងារ​ឧ​ទ្យា​នុ​រក្ស​និយាយថា នឹង​ឃាត់ខ្លួន​ជន​ម្នាក់​នោះ ដើម្បី​សួរនាំ ស្រាប់តែ មាន​ស្នូរ​កាំភ្លើង​ផ្ទុះ​សន្ធាប់​ឡើង​ពី​ខាងលើ​ច្រាំង​នៃ​អូរ​ល្វេ​។ ដោយមាន​ការបាញ់​សន្ធាប់​បែបនេះ ក្រុមការងារ​ឧ​ទ្យា​នុ​រក្ស បាន​បាញ់​តបត​ទៅវិញ ហើយ​ក្រុម​ព្រានព្រៃ បាន​ដកថយ​ទៅវិញ​។​

​ក្រុមការងារ​មន្ត្រី​ល្បាត ដែល​រង​ការបាញ់ប្រហារ​នោះ មាន​គ្នា ៦​នាក់ ក្នុងនោះ មាន​មន្ត្រី យោធា​ម្នាក់ នគរបាល​ម្នាក់ អ្នក​នាំ​ផ្លូវ​ពីរ​នាក់ និង​ឧ​ទ្យា​នុ​រក្ស ចំនួន​ពីរ​នាក់​។ យោងតាម​ការ ប៉ាន់ស្មាន ពេល​កំពុងតែ​ផ្ទុះអាវុធ​នោះ ក្រុមការងារ​បាន​សន្ម​ត់​ថា ក្រុម​ជនល្មើស មាន​គ្នីគ្នា ពី ៥ ទៅ ៦​នាក់ ប្រដាប់​ដោយ​អាវុធ​បី​ដើម ហើយ​ក្រុមការងារ​របស់​មន្ត្រី​បរិស្ថាន​មាន​អាវុធ​តែ ពីរ​ដើម​នោះទេ​។

​ក្រោយ​ផ្ទុះអាវុធ ក្រុម​ឧ​ទ្យា​នុ​រក្ស ក៏បាន​ដកឃ្លា​ទៅវិញ ហើយ​បាន​រាប់​សមាជិក ឃើញថា សមាជិក​ម្នាក់ បាន​រងរបួស​ចំ​ចុង​ភ្លៅ ធ្លាយ​ទៅ​គូទ​។ ឃើញ​ដូច្នេះ ក្រុមការងារ បាន​ដកថយ ទៅ​ចម្ងាយ​ជាង ១០០​ម៉ែត្រ ដើម្បី​ស្រោចស្រង់​ស្ថានការណ៍ និង​បាន​នាំ​ជនរងគ្រោះ​ទៅ​សង្គ្រោះ ភ្លាមៗ​។

​នៅ​ម៉ោង​ប្រមាណ​ជាង ៥​ភ្លឺ ថ្ងៃទី​២៩​មករា ពោលគឺ​ប៉ុន្មាន​ម៉ោង​ក្រោយ​ការបាញ់ប្រហារ ក្រុម​ជនដៃដល់ បាន​លូន​មក​ជំរំ ដែល​ក្រុមការងារ​ឧ​ទ្យា​នុ​រក្ស បាន​ស្នាក់នៅ កាលពីពេល​ល្ងាច ប៉ុន្តែ​កងកម្លាំង​ឧ​ទ្យា​នុ​រក្ស​បានចេញ​អស់ ដោយ​បន្សល់ទុក​តែ​ម៉ូតូ​មួយគ្រឿង​ប៉ុណ្ណោះ​។ ក្រុម​ខ្មាន់កាំភ្លើង បាន​បាញ់​កម្ទេច​ម៉ូតូ​មួយគ្រឿង​នោះ​ចោល​តែម្ដង​។
​ ​
ប្រធាន​មន្ទីរ​បរិស្ថាន បាន​បញ្ជាក់ថា ករណី​បាញ់ប្រហារ​លើ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នេះ ជា​ភាពព្រហើន កោងកាច​របស់​ក្រុម​ជនល្មើស ជា​ព្រានព្រៃ​។ រហូតដល់​ថ្ងៃទី​៣១ ខែមករា នេះ​សមត្ថកិច្ច នៅ​ពុំទាន់​មាន​តម្រុយ ពាក់ព័ន្ធ​ទៅនឹង​ជនសង្ស័យ​ទាំងនោះ នៅឡើយ​។​
​ ​
គេ​នៅ​ចាំបាន​ថា កាលពី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៨ ក៏មាន​ករណី​បាញ់ប្រហារ​បណ្ដាល​ឲ្យ អ្នកការពារ​ព្រៃឈើ​បីនាក់ ជា​ប៉េ​អ៊ឹម មន្ត្រី​បរិស្ថាន និង​អ្នកបម្រើ​ការងារ​នៅ​អង្គការ​បរិស្ថាន បាន​បាត់​នៅ​ចំណុច​អូរ​រ​លែ ក្នុងភូមិ​សាស្ត្រ​ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ព្រំប្រទល់ កម្ពុជា​-​វៀតណាម​។ ប៉ុន្តែ​បន្ទាប់មក​សមត្ថកិច្ច​ចាប់បាន​ជនសង្ស័យ​ប្រាំមួយ​នាក់ ហើយ​ម្នាក់ ឈ្មោះ ផល ពេញ ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ជា​នគរបាល មាន​ឋានៈ​ជា​មេ​ប៉ុស្តិ៍​អូ​ររ​លែ ជា​ជនដៃដល់​បាញ់សម្លាប់​ម​ន្ត្រី​អភិរក្ស​ព្រៃឈើ​ទាំងបី​នាក់ ដោយសារតែ​នគរបាល​ព្រំដែន​នោះ ការពារ​ឈ្មួញ​កាប់​ឈើ​។
​ ​
គិត​មកដល់​ហេតុការណ៍​បាញ់ប្រហារ​កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩ គឺ​រយៈពេល​មួយគត់ ដែល​បទល្មើស​បាញ់ប្រហារ​អ្នកការពារ​ធនធានធម្មជាតិ​នៅតែ​បន្ត​កើតឡើង​ក្នុង​ទឹកដី ខេត្តមណ្ឌលគិរី​។

​អំពើ​ឃាតកម្ម​បាញ់សម្លាប់ និង​បាញ់ប្រហារ​មន្ដ្រី​ការពារ​ធនធានធម្មជាតិ ព្រៃឈើ និង​សត្វ ព្រៃ​នេះ គឺ​មិនគួរ​កើតមាន​តទៅទៀត​ឡើយ​។ កងកម្លាំងប្រដាប់អាវុធ​យើង ទាំង​មន្ត្រី​បរិស្ថាន ទាំង​ប៉ូលិស ទាំង​ប៉េអឹម ទាំង​ទាហាន រួមទាំង​អង្គការ​ខាង​បរិស្ថាន និង​ប្រជា​សហគមន៍ គួរតែ​ត្រូវបាន​ការពារ ហើយ​ផ្តល់​អាទិភាព​ដល់​ពួកគេ ក្នុង​ការចុះ​ល្បាត ទប់ស្កាត់ និង​បង្ក្រាប បទល្មើស​ព្រៃឈើ ក៏ដូចជា​បទល្មើស​សត្វ​ព្រៃ​។​
​ ​
​កម្លាំង​ត្រូវ​បង្កើន​ច្រើនជាង​មុន​។ អាវុធ​ក៏ត្រូវ​បំពាក់​ច្រើនជាង​មុន​។ ឧបករណ៍​សម្ភារៈ ម៉ូតូ ឡាន រួមទាំង​ទូរស័ព្ទ ឬ​វិទ្យុទាក់ទង ក៏ត្រូវ​មាន​គ្រប់​ចំនួន​។ កង​អន្តរាគមន៍ ក៏ត្រូវ​ត្រៀម​ជួយ​អន្តរាគមន៍ នៅពេល​ក្រុម​ចុះ​ល្បាត ជួប​ឧ​ប​ស័គ្គ ឬ​បញ្ហា​ដែល​ត្រូវ​ជនល្មើស​ស្ទាក់​ពួន​វាយប្រហារ ជាយថាហេតុ​។​
​ ​
ក្រុម​ជនល្មើស​ទាំង​អ្នក​កាប់​ឈើ ក៏ដូចជា​ទាំង​ក្រុម​ជនល្មើស ចាប់​សត្វព្រៃ គឺ​សុទ្ធតែជា​មនុស្ស ហើយក៏​មិនមែន​ចេះ​បំបាំង​ខ្លួន និង​ចេះ​ហោះ​ឯណា​? គឺ​សុទ្ធតែជា​អ្នកស្រុក​ភូមិ នៅ​មូលដ្ឋាន​នោះ ហើយ​នៅពេល​ពួកគេ​ចូល​កាប់​ឈើ ក៏​ប្រើ​រណា​យន្ត លាន់លឺ​ពេញ​ព្រៃ​។ ម្យ៉ាងទៀត នៅពេល​ជនល្មើស​កាប់​ឈើ​បាន ក៏ត្រូវ​ដឹកជញ្ជូន​ទាំង​ឡានៗ បើកបរ​កក្រើក​ព្រៃ និង​បាក់ស្រុត​ផ្លូវ រូងដី ខូច​ផ្លូវ​កៅស៊ូ​ដែរ ដើម្បី​យកទៅលក់​ឆ្លងកាត់​ព្រំដែន ឬក៏​លក់​ឲ្យ​ឈ្មួញ​បន្ត​ក្នុងស្រុក​។​

​រីឯ​ជនល្មើស​សត្វព្រៃ​វិញ ក៏​ពេល​ពួកគេ​ចាប់បាន​សត្វព្រៃ ក៏ត្រូវ​ដឹកជញ្ជូន​តាម​ម៉ូតូ​ក្តី តាម​គោ យន្ត​ក្តី ឬក៏​ដោយ​ថ្មើរជើង​ក្តី មក​លក់​នៅ​ទីប្រជុំជន នៅ​ផ្សារ នៅតាម​ហាង ដើម្បី​ចែកចាយ​ក្នុង តំបន់ ឬក៏​យក​បន្តទៅ​លក់​នៅក្រៅ​ខេត្ត ឬក៏​អាច​បន្ត​មកដល់​ភ្នំពេញ ជាដើម​។ គ្រាន់តែ​អាជ្ញាធរ សមត្ថកិច្ច ស្រាវជ្រាវ​ពី​អ្នកទិញ​សត្វព្រៃ មក​យក​ទទួលទាន ឬក៏​អ្នកទិញ​យកមក​លក់​ប​ន្ត គឺអាច​រកឃើញ​ជនដៃដល់​បាត់ទៅហើយ​។ ដូច្នេះ​អាជ្ញាធរ​សមត្ថកិច្ច​យើង មិនមែន​អសមត្ថភាព នោះទេ គឺ​ពួកគាត់​សុទ្ធតែ​អាច​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​បទល្មើស​សត្វព្រៃ បាន ដោយ​គ្រាន់តែ​រួម​កម្លាំង​គ្នា​ក្នុង​គោលបំណង​រួម​ដោយ​មិន​គិតពី​ផលប្រយោជន៍​លុយកាក់ ជាធំ​ទេនោះ​។

​រីឯ​ក្រុម​ជនល្មើស​វិញ ក៏​ដូចគ្នា ពោលគឺ​អាជ្ញាធរ​សមត្ថកិច្ច ក៏​អាច​តាម​ស្រាវជ្រាវ​ស្វែងរក​ចាប់ ខ្លួន​បាន​ដូចគ្នា ដូច​ករណី​បាញ់សម្លាប់​មន្ត្រី​អភិរក្ស​ព្រៃឈើ កាលពី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៨ ព្រោះថា ជនល្មើស​ទាំងនោះ ក៏​សុទ្ធតែជា​អ្នករស់នៅ​ក្នុងភូមិ​សាស្ត្រ នៅ​តំបន់​កើតហេតុ​នោះដែរ បានជា​ពួកគេ អាច​ចេញចូល ស្គាល់ផ្លូវ និង​រុករក​សត្វព្រៃ រួមទាំង​កាប់​ឈើ​បាន​។ នៅពេល​ចាប់ ខ្លួន​ជនល្មើស​ទាំងនោះ​បាន​ហើយ ច្បាប់ ក៏ត្រូវ​អនុវត្ត​តឹងរឹង ដោយ​កាត់ទោស​ធ្ងន់ធ្ងរ លើ​ក្រុម​ជន កំណាច​ទាំងនោះ ដើម្បី​ព្រមាន​ដល់​ជនដៃដល់​ផ្សេងទៀត ។​បើ​អាជ្ញាធរ​សមត្ថកិច្ច​ណា ចូល​ដៃ ចូល​ជើង ស៊ីលុយ​របស់​ក្រុម​ជនល្មើស ច្បាប់​យើង​ក៏ត្រូវ​ដាក់ទោស​ធ្ងន់ធ្ងរ​ថែមទៀត​លើ​អាជ្ញាធរ សមត្ថកិច្ច​ខិលខូច​ទាំងនោះ​៕ ដោយ​: ម៉េង​ឆៃ​