មន្ត្រី​បសុពេទ្យ​ចុះ​ចាក់​វ៉ាក់សាំង​ឲ្យ​គោក្របី​ការពារ​ជំងឺសារ​ទឹក​និង​អុតក្ដាម​

712
ចែករម្លែក

​ដោយ​៖​ចាន់ ថន / ព្រៃវែង​: ដោយ​ស្ថានភាព​ទឹកជំនន់ បាន​បង្ក​ឲ្យ​លិច​លំនៅដ្ឋាន ស្ពាន​ថ្នល់​មួយចំនួន​នៅ​ខេត្តព្រៃវែង ជាមួយគ្នា​នោះ​កសិករ​បាន​ជម្លៀស​សត្វពាហនៈ មក​ទីទួល​សុវត្ថិភាព នៅ​ឡូកឡំ​គ្នា​។ ​ទើប​មន្ត្រី​បសុពេទ្យ​បាន​ចុះ ចាក់​ថ្នាំ​ការពារ​កុំ​ឲ្យ​សត្វ​ឈឺ​ឆ្លង​ពីមួយ​ទៅមួយ កំឡុងពេល​ទឹកជំនន់​ឡើងមក និង​ស្រក​ទៅវិញ​។​

​លោក ចិន វិសាល ប្រធានការិយាល័យ​បសុពេទ្យ ដឹកនាំ​មន្ត្រី​ចុះ​ចាក់​ថ្នាំ​ឲ្យ​គោក្របី​នៅ​ស្រុក​ពោធិ៍​រៀង កាលពី​ព្រឹក​ថ្ងៃទី​២៣​សីហា ឆ្នាំ​២០១៨ បាន​មានប្រសាសន៍ថា តប​តាម​អនុសាសន៍​ដ៍​ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិបាល​នៃ​គណ​អភិបាលខេត្ត និង​តាម​ការណែនាំ របស់លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្តព្រៃវែង អោយ​ជានិច្ច​ជា​កាល​យកចិត្តទុកដាក់ ក្នុងការ​ថែរក្សា​សុខភាព​សត្វ និង​សុខមាលភាព​របស់ សត្វ​ជាប្រចាំ​ក្នុង​រដូវ​ទឹកជំនន់​នេះ ការិយាល័យ​ផលិតកម្ម​និង​ប​សុ​ព្យា​ល​បាល​។ លោក​បាន​ដឹកនាំ​ក្រុម​អន្តរាគមន៍ ចុះ​ផ្សព្វផ្សាយ​ការចិញ្ចឹម​សត្វ ការថែទាំ​សត្វ និង​ចុះ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ សារ​ទឹក អុតក្តាម​គោក្របី​ជូន​កសិករ​នៅក្នុង​ស្រុក​ពោធិ៍​រៀង​ទាំងមូល ដោយ​សម្រេចបាន ការផ្សព្វផ្សាយ​ដល់​កសិករ​ការចិញ្ចឹម​សត្វ​តាម​ទីទួល​សុវត្ថិភាព​និង​តាម​ដងផ្លូវ បាន​១៥៧​គ្រួសារ​។ ចុះ​ចែក​ខិត​ប​ណ្ណ័​ជំងឺ​សត្វ​បាន ៣០១​សន្លឹក​។ ចាក់​វ៉ាក់សាំង​សារ​ទឹក អុតក្តាម គោ ក្របី បាន ២៨៣​ក្បាល​។​

​ក្នុងនោះ មន្ត្រី​អន្តរាគមន៍​និង​មន្ត្រី​បសុព្យាបាល​ស្រុក​រួម និង​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​បាន​បន្ត​រហូត​ចាក់​ឲ្យ​បាន​សត្វ​គ្រប់​ចំនួន​តាម​ភូមិ ដែល​បានកំណត់​ចំនួន​១៧០៤​ក្បាល​។​

​លោក​បន្តថា វិធានការ​នេះ បន្តធ្វើ​រហូត​គ្រប់​តំបន់​ទូទាំង​ខេត្ត ខណៈ​ទឹកជំនន់​បាន​ជន់​លិច ១១​ស្រុក ក្រុង ស្មើ​៦៦​ឃុំ សង្កាត់ ១១៤៩​ភូមិ ដើម្បី​ធានាថា សត្វ​ទាំងនោះ​មាន​សុខ​ភាពល្អ គ្មាន​ឈឺ ឬ​ងាប់ កុំ​ឲ្យ​កសិករ​ខាតបង់​៕ ល​

#