មន្ត្រី​បសុព្យាបាល ខេត្តកោះកុង ចុះ​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មេរោគ ត្រៀម​បង្ការ​ជំងឺប៉េស្ត​ជ្រូក​អា​ហ្វ្រិ​ច​

314
ចែករម្លែក

ដោយ​: សុ​ផានី​តា​
​កោះកុង​:
ក្រុមមន្ត្រី​ការិយាល័យ​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកោះកុង ផ្តើម​ចុះ​យុទ្ធនា​ការត្រៀម​បង្ការ​ជំងឺប៉េស្ត​ជ្រូក​អា​ហ្វ្រិ​ច តាមរយៈ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅតាម​ទី​សត្តឃាតដ្ឋាន កសិដ្ឋាន​ចិញ្ចឹមសត្វ និង​ហាមប្រាម​ឱ្យមាន​ការដឹក​ជ​ញ្ចូ​ន​សត្វ​ជ្រូក​គ្មាន​ប្រមូល​ច្បាស់លាស់​ពី​ខេត្ត​ផ្សេងៗ​ចូលមកក្នុង​ខេត្ត​នោះទេ​។​

​វិធានការ​របស់​មន្ត្រី​ជំនាញ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកោះកុង នៅពេលនេះ ធ្វើឡើង​ខណៈ​មាន​ខេត្តរតនៈគិរី ស្វាយរៀង ត្បួ​ង​ឃ្មុំ និង​ខេត្តកណ្តាល កំពុង​ព្រួយបារម្ភ​ពី​ផ្ទុះឡើង​ខ្លាំង​នៃ​ជំងឺ​មួយ​នេះ ដែល​បណ្តាលឱ្យ​សត្វ​ជ្រូក​ជាង​២០០០​ក្បាល​បាន​ងាប់​ជា​បន្តបន្ទាប់ ប៉ុន្មាន​ថ្ងៃ​មកនេះ​។​

​លោក ខៀវ កា​និ​ត ប្រធានការិយាល័យ​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកោះកុង បានឱ្យដឹង​នៅ​ថ្ងៃទី​១២ ខែកក្កដា ថា ខេត្តកោះកុង​មិនទាន់​រកឃើញថា​មាន​ករណី​ជម្ងឺប៉េស្ត​ជ្រូក​អា​ហ្វ្រិ​ច​ទេ ប៉ុន្តែ​ចាំបាច់ យកចិត្តទុកដាក់​ទប់​ស្កាត់​ចុះ​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​តាម​ទី​សត្តឃាតដ្ឋាន កសិដ្ឋាន​ចិញ្ចឹមសត្វ និង​រឹតបន្តឹង​ការត្រួតពិនិត្យ​ដឹក​ជ​ញ្ចូ​នស​ត្វ​ជ្រូក​ពី​បណ្តា​ខេត្ត​ផ្សេងៗ​ចូលក្នុង​ខេត្ត​។​
​ចំពោះ​ការ​ចរាចរណ៍​ដឹក​ជ​ញ្ចូ​នស​ត្វ​ពី​ខេត្ត​ផ្សេងៗ​ចូលមកក្នុង​ខេត្តកោះកុង លោក ខៀវ កា​និ​ត អះអាងថា នឹង​បង្កើន​ការ​រឹតបន្តឹង​ត្រួតពិនិត្យ​ខ្ពស់ ក្នុង​គោលដៅ​ធានា​សុវត្ថិភាព និង​គេច​ផុតពី​ជម្ងឺ​រាលដាល​។ លើសពីនេះ ឃ្លាំង​មើល​តាមដាន និង​អប់រំ​ផ្សព្វផ្សាយ​ពី​វិធី​បង្ការ​ជម្ងឺប៉េស្ត​ជ្រូក​ក្នុង​មូលដ្ឋាន​រស់នៅ​ប្រជាពលរដ្ឋ ជាពិសេស​កសិដ្ឋាន​ចិញ្ចឹមសត្វ​ធំ​តូច​។

​ខណៈ​ស្ថានភាព​ជំងឺ​ប៉េ​សត្ត​ជ្រូក​អា​ហ្វ្រិ​ច​កំពុង​ផ្ទះ​ឡើង លោក​ប្រធានការិយាល័យ​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកោះកុង ស្នើ​ដល់​អាជីវករ និង​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​ការទិញ​សត្វ​ជ្រូក​មក​ចិញ្ចឹម ឬ​ធ្វើ​បង្កាត់​ពូជ​ពី​ខេត្ត​ផ្សេង ដែល​ចំណុច​វា​អាចធ្វើឱ្យ​ឆ្លង​ជម្ងឺប៉េស្ត​ជ្រូក​បាន​យ៉ាង​លឿន ដោយនៅ​មិនទាន់​ថ្នាំ​វ៉ាក់សាំង​ណាមួយ​ព្យាបាល​បានទេ​។ ត្បិត​ជម្ងឺប៉េស្ត​ជ្រូក​អា​ហ្វ្រិ​ច​មិន​ឆ្លងទៅ​មនុស្ស​ក្តី មនុស្ស​ក៏ត្រូវ​មាន​អនាម័យ​រាល់​ទិញ​សាច់ជ្រូក​ដែល​តាំង​លក់​លើ​ទីផ្សារ​យកមក​ចម្អិន​អោយបាន​ឆ្អិន​ល្អ មុននឹង​បរិភោគ​វា​។​

​ដោយឡែក អ្នកស្រី អាម ណា និង​លោក លឹម សេង ជា​អាជីវករ​លក់​សាច់ជ្រូក​នៅ​ផ្សារ​ដងទង់​វិញ លើកឡើងថា សាច់ជ្រូក​ដែល​ពួកគាត់​លក់​សព្វថ្ងៃនេះ គឺ​ទិញ​មកពី​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ក្នុង​ខេត្ត ដូច្នេះ​មិន​ព្រួយបារម្ភ​ពី​សាច់ជ្រូក​កើត​ជម្ងឺ​ជ្រូក​ប៉េស្ត​អា​ហ្វ្រិ​ច​ទេ​។ ព្រោះ​មានការ​ត្រួតពិនិត្យ​ពី​មន្ត្រី​បសុព្យាបាល​។ ប៉ុន្តែ​៣​ទៅ​៤​ថ្ងៃ​មកនេះ ចំនួន​លក់​ជ្រូក​ក្នុង​ផ្សារ​ដងទង់​បាន​ថយចុះ ដែល​ធ្លាប់តែ​១​ថ្ងៃ​លក់បាន​ពី​២​ទៅ​៣​ក្បាល​។​

​ក្រុមអាជីវករ​លក់​សាច់​ជ្រូក ក៏​ជំ​រុញឱ្យ​មន្ត្រី​បសុព្យាបាល​បង្កើន​វិធា​ការបង្ក្រាប​រាល់​ឈ្នួល​ណា​ដែល​លួចលាក់​ដឹក​ជ​ញ្ចូ​ន​ជ្រូក​មាន​ជម្ងឺ​ចូលក្នុង​ខេត្ត​តាម​ផ្លូវគោក និង​ផ្លូវទឹក​ឱ្យបាន​តឹងរឹង​បំផុត​។
​បច្ចុប្បន្ន នៅ​ខេត្តកោះកុង មា​នទី​សត្តឃាតដ្ឋាន​ចំនួន​៣ ទី​១-​នៅក្នុង​ក្រុង​ខេមរភូមិន្ទ ទី​២-​នៅ​ស្រុក​ស្រែអំបិល និង​ទី​៣-​ស្រុក​បូ​ទុម​សាគរ​។ រីឯ​កសិដ្ឋាន​ចិញ្ចឹមសត្វ​វិញ គឺមាន​៣០​កសិដ្ឋាន ភាគច្រើន​នៅ​ស្រុកស្រែ​អំបិល​មាន​ច្រើនជាងគេ​។​
​គួរ​កត់សម្គាល់ថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​ផ្ទុះឡើង​ខ្លាំង​នៅ​ខេត្ត​ចំនួន ៥ ក្នុងប្រទេស​កម្ពុជា ដែលជា​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម រួមមាន​៖ ខេត្តរតនគិរី ត្បូងឃ្មុំ តាកែវ កណ្តាល និង​ខេត្តស្វាយរៀង ដោយមាន​សត្វ​ជ្រូក​ងាប់​ជាង​២០០០​ក្បាល​ជា​បន្តបន្ទាប់​គ្នា​។ បញ្ហា​នេះ ធ្វើ​ឲ្យ​ម្ចាស់​កសិដ្ឋាន និង​កសិករ​ចិញ្ចឹម​ជ្រូក​ព្រួយបារម្ភ​ជាខ្លាំង ឯ​ពលរដ្ឋ​ធម្មតា​វិញ ក៏​លែង​សូវ​ហ៊ាន​បរិភោគ​សាច់ជ្រូក ខ្លាចក្រែង​ទិញ​ប៉ះ​ជ្រូក​ឈឺ​ប៉ះពាល់​សុខភាព​។​

​វីរុស​ដែល​បង្ក​ជំងឺប៉េស្ត​អាហ្វ្រិក​មាន​ភាព​ធន់​នៅក្នុង​ផលិតផល​សាច់ជ្រូក និង​បរិយាកាស​ខាងក្រៅ រហូតដល់ ១០០០ ថ្ងៃ​ឯណោះ​។ នេះ​បើតាម​ការផ្សព្វផ្សាយ​រប​ស់​នាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ជា​ជំងឺឆ្លង​ធ្ងន់ធ្ងរ គ្មាន​វិធី​ព្យាបាល និង​វ៉ាក់សាំង​ការពារ​នោះទេ វា​បង្កឡើង​ដោយ​វីរុស​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​តាមរយៈ​ការចម្លង​ដោយផ្ទាល់ ឬ​ប្រយោល ហើយ​ជ្រូក​ដែល​ឆ្លង​វីរុស​នេះ​អត្រា​ស្លាប់​ស្ទើរតែ ១០០% ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​ឆ្លង​រាលដាល​លើ​ជ្រូក​នៅ​ខេត្តរតនគិរី​ដំបូង​គេ​បង្អស់ កាលពី​ខែ មីនា ឆ្នាំ ២០១៩ ៕

#