មន្ត្រី​បុគ្គលិក​បច្ចេកទេស​អាជ្ញាធ​រ​ជាតិ​អប្សរា​២៣​រូប ទទួល​បណ្តុះបណ្តាល​ជំនាញ​ភាសា​អង់គ្លេស​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​

1179
ចែករម្លែក

​សិក្ខាកាម ជា​បុគ្គលិក​បច្ចេកទេស ថតរូប​អនុស្សាវរីយ៍​ជាមួយ​មន្ត្រី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា និង​អគ្គនាយករង​អា​ជ្ងា​ធរ​ជាតិ​អប្សរា​។

(ភ្នំពេញ)៖​-​សិក្ខាកាម​ចំនួន ២៣​រូប ជា​មន្ត្រី​បុគ្គលិក​បច្ចេកទេស​នៃ​អា​ជ្ញាធរ​ជាតិ​អប្សរា បានបញ្ចប់​វគ្គ​បណ្តុះបណ្តាល​ភាសា​អង់គ្លេស ជា​ស្ថាពរ​ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ទី​២៧ កក្កដា ២០១៧​។ វគ្គ​បណ្តុះបណ្តាល គាំទ្រ​ដោយ​គម្រោង English Language Fellow Programs នេះ​គឺ​ក្រោម​ជំនួយ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា និង​រៀបចំ​ដោយ​អា​ជ្ញាធរ​ជាតិ​អប្សរា​។
​ ​
​​ថ្លែង​ក្នុងឱកាស​ប្រគល់​វិញ្ញាបនបត្រ លោកស្រី Monica Davis មន្ត្រី​កិច្ចការ​វប្បធម៌​ស្ថានទូត​អាមេរិក បាន​មានប្រសាសន៍ថា «​ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​អ្នក​ទាំងអស់គ្នា ខ្ញុំ​គិតថា​ការធ្វើការ​បណ្ដើររៀន​បណ្ដើរ មិនមែនជា​ការងាយស្រួល​ទេ​។ ខ្ញុំ​សង្ឃឹមថា​ទាំងអស់គ្នា​នឹង​យក​ចំណេះដឹង​ទាំងនេះ​ទៅ​បម្រើ​ក្នុង​វិស័យ​ផ្សេងៗ ដែលជា​ប្រយោជន៍​ដល់​ប្រទេស​កម្ពុជា​ផ្ទាល់​»​។​

​​ស្រង់​សំដី លោក ហង់ ពៅ អគ្គនាយករង​អា​ជ្ញា​ធរ​ជាតិ​អប្សរា ថ្លែង​ក្នុងឱកាស​នៃ​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​នេះ​បាន​ឲ្យ​ដឹងថា «​អ្នកចេះ​ភាសា​អង់គ្លេស​ប្រៀបដូចជា​មាន​ប៉ាស្ព័រ​សម្រាប់​ឆ្លងដែន ឬ​មាន​អាវុធ​សម្រាប់​ប្រយុទ្ធ​»។ លោក​បន្តថា « យើង​ត្រូវធ្វើ​ការប្រកួតប្រជែង​ការងារ ដូច្នេះ​ភាសា​អង់គ្លេស​ជា​មធ្យោបាយ​យ៉ាងសំខាន់​សម្រាប់​ខ្លួន​យើង​។ អង់គ្លេស​ជា​ភាសា​សំខាន់ និង​សំខាន់​សម្រាប់​រយៈពេល​យូរអង្វែង​។ ខ្ញុំ​ចង់ឱ្យ​យើងទាំងអស់គ្នា​ជា​ខ្មែរ ប្រើ​ភាសា​អង់គ្លេស​ដើម្បី​ពន្យល់​ជនបរទេស​ឱ្យ​យល់​ពី​វប្បធម៌​ខ្មែរ ជាជាង​ឱ្យ​ជនបរទេស​ពន្យល់​ជនបរទេស​អំពី​វប្បធម៌​ខ្មែរ​»​។​

​​សូម​រំលឹកថា វគ្គ​បណ្ដុះបណ្ដាល​ភាសា​អង់គ្លេស​ជំនាញ​ទំនាក់ទំនង​ទូទៅ និង​ជំនាញ​សរសេរ​នេះ ចាប់ផ្តើម​ពី​ខែតុលា ឆ្នាំ​២០១៦ ដល់​ខែ កក្កដា ឆ្នាំ​២០១៧​នេះ ចែកជា ៣​វគ្គ មាន​សិក្ខាកាម​ចូលរួម​សរុប​ចំនួន ២៣​នាក់ ក្នុងនេះ​មាន​ស្រី​ចំនួន ១០​នាក់ មកពី​នាយកដ្ឋាន​ចំនួន​៨​ផ្សេងគ្នា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​៕​​ដោយ​-​បញ្ញា​សាស្ត្រ​