មន្ត្រី​ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង​ផ្តល់ឱកាស​ឲ្យ​អ្នកទោស​បាន​ចូលរួម​ក្នុង​ពិធីសូត្រមន្ត និង​រាប់​បាត​ព្រះសង្ឃ​

1276
ចែករម្លែក

ដោយ​: សន សក្តា / កំពង់ឆ្នាំង​: នា​ព្រឹក​ថ្ងៃទី​៦ ខែតុលា ជា​ថ្ងៃ​កាន់បិណ្ឌ​វេន​ទី​១២ មន្ត្រី​ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង បានរៀបចំ​ធ្វើ​ពិធីសូត្រមន្ត​និង រាប់​បាត​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​កុស​ល្យ​ផល​បុណ្យ​ជូន​ដល់​វិញ្ញាណក្ខន្ធ​ជីដូន​ជីតា បុព្វការី​ជន និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​បាត់​បង់ជីវិត ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត ព្រមទាំង​យុទ្ធជន​យុទ្ធ​នារី​ដ៏​អង់អាច​ក្លាហាន​របស់​កម្ពុជា ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ការពារជាតិ​មាតុភូមិ​។​

​នៅក្នុង​ពិធី​សាសនា​ដ៏​មាន​សារសំខាន់​នេះ លោក ពៅ វុទ្ធី ប្រធាន​ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង បាន​ផ្តល់ឱកាស ដោយបាន​អនុញ្ញាត​ឲ្យ​ទណ្ឌិត និង​ពិរុទ្ធជន​ទាំងអស់ ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ បាន​ចូលរួម​ក្នុង​ពិធីសូត្រមន្ត និង​រាប់​បាត​ព្រះសង្ឃ​ផងដែរ​។​

​លោក ពៅ វុទ្ធី បាន​មានប្រសាសន៍​ដោយ​គូសបញ្ជាក់ថា មន្ទីរ​ពន្ធនាគារ គឺជា​មជ្ឈមណ្ឌល​អប់រំ និង កែប្រែ​មនុស្ស​ដែល​ជាប់ទោស ឲ្យ​ភ្ញាក់រលឹក​ធ្វើអំពើ​ល្អ ដូចនេះ​ការ​ផ្តល់ឱកាស​អោយ​ពួកគេ​បាន​ចូលរួម ក្នុង​ពិធី​សាសនា គឺជា​ប្រការ​មួយ​ដ៏​ល្អ ដើម្បី​ឲ្យ​ពួកគេ​បាន​ស្តាប់ធម៌ និង​សង្ឃដីការ​អប់រំ​ផ្សេងៗ​ពី​ព្រះសង្ឃ​។

​នៅក្នុង​ឱកាស​នោះ​ផងដែរ លោក ពៅ វុទ្ធី ប្រធាន​ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង បាន​មានប្រសាសន៍​ផ្តាំផ្ញើរ​ដល់​ទណ្ឌិត និង​ពិរុទ្ធជន​ទាំងអស់​ឲ្យ​ខិតខំ​កសាង​ខ្លួន នៅពេល​ចេញទៅ​វិញ​ធ្វើ​តែ​អំពើ​ល្អ កុំ​ប្រ​ព្រឹ​ត​អំពើ​ល្មើសច្បាប់​ជា​បន្តទៀត​៕ ល​