មន្ត្រី​យោធា​ម្នាក់​របួសធ្ងន់​ដោយ​ជិះ​ម៉ូតូ​បុក​រថយន្ត​ពីក្រោយ

534
ចែករម្លែក

ដោយ:ប​.​ជ័យ/បន្ទាយមានជ័យ ៖ មន្ត្រី​យោធា​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​បាន​ទៅបុក​រថយន្ត​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​របួសធ្ងន់ ។​ គ្រោះថ្នាក់​នោះ​កើតឡើង​កាលពី​ម៉ោង​៨​និង​១០​ព្រឹក ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៩ នៅត្រង់ចំណុច​ផ្សារ​ចំការ​គ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កំពង់ស្វាយ​បាន​ឲ្យ​ដឹងថា​ មន្ត្រី​យោធា​ម្នាក់​បាន​បើក​ម៉ូតូ​ម៉ាក ហុងដា​វ៉េវ​(Honda WAVE 110) ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ ឧ​.​មានជ័យ 1D- 4399 ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​។​ លុះ​មកដល់​ចំណុច​កើតហេតុ​មាន​រថយន្ត HIGHLANDER មួយគ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 2W -6795 បើក​ចេញពី​ផ្សារ​ឡើងលើ​ផ្លូវជាតិ លេខ​៥៦ ឆ្ពោះទៅ​ទិស​ខាងត្បូង​បាន​បន្តិច ក៏​ស្រាប់តែ​ម៉ូតូ​ខាងលើ​បាន​បុក​ពីក្រោយ​ពេញទំហឹង​តែម្តង ។​

មន្ត្រី​យោធា​ដែលជា​ជនបង្ក​និង​ជា​ជនរងគ្រោះ​ផងដែរ​នោះ មិនបាន​ពាក់មួក​សុវត្ថិភាព​ផង បាន​ដួល​បោក​ក្បាល​នឹង​ថ្នល់​កៅស៊ូ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹកយក​ទៅ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​- ជប៉ុន មង្គល​បូរី ដើម្បី​ធ្វើការ​សង្គ្រោះបន្ទាន់ ព្យ​បាល ។​

នគរបាល​បន្តថា មន្ត្រី​យោធា​នោះ​មានឈ្មោះ ហ៊ីង សំបាន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពងទឹក​ឃុំ​អំពិល​ស្រុក​បន្ទាយ​អំបិល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ។

ចំណែក​ម្ចាស់​រថយន្ត​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ ។​ ក្រោយពី​ធ្វើការ​វាស់វែង​រួច សមត្ថកិច្ច​បាន​យក​មធ្យោបាយ​ទាំងពីរ​ទៅ​រក្សាទុក ដើម្បី​រង់ចាំ​ភាគី​ទាំងពីរ​ចូលមក​ដោះស្រាយ​គ្នា​តាម​នីតិវិធី​នាពេល​ក្រោយ​៕B/