S-500 អាច​ទប់ទល់​ការវាយប្រហារ​ពី​ទី​អវកាស​

720
ចែករម្លែក

​កាលពី​ចុងខែ​មិថុនា លោក សឺ​ហ្គី ឆេ​មេ​ហ្សូ​វ (Sergei Chemezov) នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ឧស្សាហកម្ម​ការពារជាតិ Rostec របស់​រុស្ស៊ី​បាន​និយាយថា ប្រទេស​រុស្ស៊ី​ទើបតែ​ចាប់ផ្តើម​ផលិត​ប្រព័ន្ធ​កាំជ្រួច​ការពារ​អាកាស​ដ៏​ទំនើប​ធុន S-500 ។​

​លោក យូ​រី មូរ៉ា​គីន (Yuri Muravkin) អនុប្រធាន​នៃ​កងកម្លាំង​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ​នៃ​កងកម្លាំង​អវកាស​រុស្ស៊ី​បាន​និយាយប្រាប់​កាសែត​ប្រចាំថ្ងៃ​របស់​រុស្ស៊ី Krasnaya Zvezda កាលពី​ថ្ងៃអាទិត្យ​ទី​១៤​កក្កដា​ថា ប្រព័ន្ធ​កាំជ្រួច​ការពារ​អាកាស S-500 ថ្មី​នឹងត្រូវ​ផ្តោត​សំខាន់​លើ​ការទប់ស្កាត់​ការវាយប្រហារ​ពី​ទី​អវកាស​។​

​លោក​មូរ៉ា​គីន​បានចង្អុលបង្ហាញ​ថា “​ការដែល​ដឹង​ជាក់ស្តែង​ថា​សព្វថ្ងៃ​និង​ក្នុង​ពេលអនាគត​ព្រំដែន​រវាង​ផ្ទៃមេឃ​និង​លំហ​អាកាស​បាននិងកំពុង​និង​ត្រូវបាន​លុបចោល ខណៈ​សត្រូវ​លើ​មេឃ​កាន់តែ​ប្រែក្លាយ​ទៅជា​សត្រូវ​លើ​អវកាស​បន្តិច​ម្តងៗ​នោះ គេ​ហ៊ាន​និយាយថា ប្រព័ន្ធ​កាំជ្រួច​ប្រភេទ S-500 Prometey ដែល​នឹងដាក់​ឱ្យប្រើ​ប្រាស់​នោះ កំពុងតែ​ចាប់ផ្តើម​អភិវឌ្ឍ​ឡើង​ហើយ​”​។​

​ការ​ថ្លែង​កត់សម្គាល់​នេះ​កើតឡើង​បន្ទាប់ពី​លោក​សឺ​ហ្គី ឆេ​មេ​ហ្សូ​វ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​សាជីវកម្ម​រដ្ឋ Rostec បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​បណ្តាញ​ទូរទស្សន៍​រុស្ស៊ី Rossiya 1 កាលពី​ចុងខែ​មិថុនា​ថា ពួកគេ​កំពុង​ចាប់ផ្តើម​ផលិត​ប្រព័ន្ធ​កាំជ្រួច S-500​។​

​លោក​បាន​និយាយថា “​វា​មាន​ភាពទំនើប​ស្មុគស្មាញ​ជាង​មុន​។ ខ្ញុំ​មិន​ចង់​និយាយ​អំពី​វា​ឥឡូវនេះ​ទេពី​ព្រោះ​វា​មិនទាន់មាន​នៅឡើយ​ទេ​។ ខ្ញុំ​គិតថា​វា​នឹង​លេច​រូបរាង​ឡើង​នាពេល​ឆាប់ៗ​នេះ​”​។​

​លោក​ឆេ​មេ​ហ្សូ​វ​ក៏បាន​និយាយ​ផងដែរ​ថា ប្រព័ន្ធ S-500 នឹងត្រូវ​ដាក់ឱ្យ​ប្រើប្រាស់​បន្ទាប់ពី​ការធ្វើ​តេស្ត​ធ្វើ​រួចរាល់​។ គាត់​មិនបាន​បញ្ជាក់​លម្អិត​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

រុស្ស៊ី​កំពុង​អភិវឌ្ឍ​ប្រព័ន្ធ​កាំជ្រួច​ការពារ​អាកាស S-500 ដើម្បី​ទប់ស្កាត់​ការវាយប្រហារ​ពី​ទី​អវកាស