មន្ត្រី​យោធា​អ៊ីរ៉ង់​៖ អ៊ីរ៉ង់​អាច​ពន្លិច​នាវាចម្បាំង​អាមេរិក​ជាមួយនឹង​«​សព្វាវុធ​អាថ៌កំបាំង​»

651
ចែករម្លែក

​ការអះអាង​នេះ​កើតឡើង​ចំពេល​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​និយាយថា​ក្រសួង​ការពារជាតិ​អាមេរិក​អាច​បញ្ជូន​ទាហាន​១.៥០០​នាក់​បន្ថែម​ទៅ​កាន់​តំបន់​​មជ្ឈិម​បូព៌ា ក្រោយ​ការបញ្ជូន​ក្រុម​នាវា​ផ្ទុក​យន្តហោះ​និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ទៅកាន់​តំបន់​។​គោលដៅ​នៃ​ការបញ្ជូន​នេះ គឺ​ទប់ទល់​នឹង​ការ​គំរាម​ពី​អ៊ីរ៉ង់​។​

​តែ​អ៊ីរ៉ង់​បាន​ព្រលយ​ថា ខ្លួន​ត្រៀម​ប្រើ​សព្វាវុធ​សម្ងាត់​ដើម្បី​ពន្លិច​នាវាចម្បាំង​អាមេរិក ដែល​ត្រូវបាន​បញ្ជូន​មកកាន់​ឈូង​សមុទ្រ​ពែ​ក្ស​។​

​ឧត្តមសេនីយ៍ Morteza Qorbani​ទីប្រឹក្សា​បញ្ជាការ​យោធា​អ៊ីរ៉ង់ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​Mizan​ថា​១​អាមេរិក​..​កំពុង​បញ្ជូន​នាវាចម្បាំង​២​មក​កាន់​តំបន់​។​បើ​គេ​ហ៊ាន​​ប្រព្រឹត្ត​អំពើ​ល្ងីល្ងើ​តែ​បន្តិច​ណា​មួយ យើង​នឹង​បញ្ជូន​នាវា​ទាំងនេះ​ទៅ​បាតសមុទ្រ​ជាមួយនឹង​ពលទាហាន​និង​យន្តហោះ​របស់​វា ដោយ​ប្រើ​កាំជ្រួច​ឬ​សព្វាវុធ​សម្ងាត់​ថ្មី​ពីរ​»​។​

អាមេរិក​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ទៅកាន់​មជ្ឈិមបូព៌ា

​ការព្រលយ​ពាក្យ​កំញើញ​នេះ​កើតឡើង​ចំពេល​ភាព​តានតឹង​រវាង​អ៊ីរ៉ង់​និង​អាមេរិក​បន្ត​កើនឡើង ក្រោយ​ពី​អាមេរិក​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​អ៊ីរ៉ង់​និង​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ យន្តហោះ​B-52​និង​កងកម្លាំង​កាំជ្រួច​ស្ទាក់​កំទេច​កណ្តាល​អាកាស​Patriot​ទៅកាន់​មជ្ឈិមបូព៌ា​។​

​ជុំវិញ​ភាព​តានតឹង​នេះ​ដែរ ប្រធានសភា​អ៊ីរ៉ាក់​កាលពី​ថ្ងៃ​សៅរ៍​បាន​និយាយថា រដ្ឋាភិបាល​ក្រុង​បា​ដា​ត​ត្រៀមខ្លួន​ធ្វើជា​អ្នកសម្របសម្រួល​ការចរចា​រវាង​អាមេរិក​និង​អ៊ីរ៉ង់ បើសិន​​ជា​ខ្លួន​ត្រូវ​បាន​ស្នើ​អោយធ្វើ​។​

​ការលើកឡើង​របស់​លោក​Mohamad Halbousi​កើតឡើង​ភ្លាម​បន្ទាប់​ពី​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif​បាន​មកដល់​ក្រុង​បា​ដា​ត​ដើម្បី​ចាប់ផ្តើម​​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​២​ថ្ងៃ​៕​ដោយ​៖​វាសនា​