មន្ត្រី​វប្បធម៌ៈ ការប្រកួត​ពានរង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី ឆ្នាំ ២០២០ កើន​ទាំង​ចំនួន​ស្នាដៃ និង គុណភាព​

160
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ លោក កុក រស់ ប្រធាន​នាយកដ្ឋាន​សៀវភៅ និង ការអាន នៃ ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ ដែលជា​អ្នកទទួលបន្ទុក​រៀបចំ​ចាត់ចែង​ការប្រកួតប្រជែង​តែង​និពន្ធ​ដណ្តើមពាន​រង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី បានឱ្យដឹង​អំពី​សន្ទុះ នៃ ការចូលរួម​ប្រកួត​ពាន់រង្វាន់ នៃ ក្រសួង​វប្បធម៌ មួយ​នេះ​ថា “ បើ​ធៀប​ទៅនឹង​បណ្តា​ឆ្នាំមុនៗ ការប្រកួតប្រជែង​តែង​និពន្ធ​ដណ្តើម​ពានរង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី ឆ្នាំ ២០២០ នេះ កើនឡើង​ទាំង​ចំនួន​ស្នាដៃ​ចូលរួម ហើយ​តាមរយៈ​ការពិនិត្យ​ត្រួសៗ យើង​ឃើញថា គុណភាព នៃ ស្នាដៃ​តែង​និពន្ធ ក៏មាន​ការកើនឡើង​ខ្លាំងក្លា​ណាស់ដែរ ហើយ​ការចូលរួម​ប្រកួតប្រជែង​ទៀតសោត ក៏មាន​សភាព​ផុលផុស​ខ្លាំងក្លា​ទាំង​អ្នកនិពន្ធ​រៀមច្បង ទាំង​និពន្ធ​វ័យក្មេង ទាំង​នៅ​រាជធានី​ភ្នំពេញ និង បណ្តា​ខេត្ត​នានា “ ។

លោក កុក រស់ ប្រធាន​នាយកដ្ឋាន​សៀវភៅ និង ការអាន នៃ ក្រសួង​វប្បធម៌ ដែលជា​អ្នកទទួលបន្ទុក​ចាត់ចែង​ការប្រកួតប្រជែង​តែង​និពន្ធ​ពានរង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី ( រូបៈ មេសា )


​លោក កុក រស់ ថ្លែង​ប្រកបដោយ​មោទកភាព​បែបនេះ នាឱកាស​ផ្តល់​បទសម្ភាសន៍​ផ្តាច់មុខ ដល់​រស្មី​កម្ពុជា នា​ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២០ ។​


​ការប្រកួតប្រជែង​តែង​និពន្ធ​ដណ្តើម​ពានរង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី ឆ្នាំ ២០២០ នេះ នឹង​ទ​ទូល​ស្នាដៃ​រហូតដល់​ល្ងាច​ថ្ងៃទី ៣០ ខែ ឧសភា ដែល​ប្រការនេះ​បានសេចក្តីថា លោកអ្នក​ដែល​ស្រឡាញ់​វិស័យ​តែង​និពន្ធ ទាំង​ផ្នែក​កំណាព្យ និង ផ្នែក​ប្រលោមលោក នៅមាន​ពេលវេលា​ជាង ២ សប្តាហ៍ ទៀត សម្រាប់​តែង​និពន្ធ និង ដាក់​ស្នាដៃ​របស់ខ្លួន​ចូលរួម​ប្រកួតប្រជែង​ដណ្តើមពាន​រង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី ឆ្នាំ ២០២០ នេះ ។​


​គប្បី​រំឭកថា ការប្រកួតប្រជែង​តែង​និពន្ធ​ដណ្តើម​ពានរង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី កាលពី​ឆ្នាំ ២០១៩ កន្លងទៅ ទទួលបាន​ស្នាដៃ​ចូលរួម​សរុប ៩១ ស្នាដៃ ក្នុងនោះ កំណាព្យ ២៣ ស្នាដៃ និង ប្រលោមលោក ៦៨ ស្នាដៃ គឺជា​ចំនួន​ដែល​ត្រូវបាន​លោក កុក រស់ ហៅថា ច្រើន​បំផុត​ពុំ​ធ្លាប់មាន​នៅក្នុង​ប្រវត្តិ នៃ ការប្រកួតប្រជែង​ដណ្តើមពាន​រង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី ក្នុង​រយៈពេល ២០ ឆ្នាំ​មកនេះ ហើយ​នោះ​គឺជា​សូចនាករ នៃ ការរីកចម្រើន​វិស័យ​តែង​និពន្ធ​នៅក្នុង​ប្រទេស​កម្ពុជា ។​


​ដូចដែល​បានលើកឡើង​ខាងលើ​មកនេះ គេ​ត្រូវ​រង់ចាំ​រហូតដល់​ថ្ងៃទី ៣០ ខែ ឧសភា ដែលជា​ថ្ងៃ​ចុងក្រោយ នៃ ការទទួល​ស្នាដៃ​ចូលរួម​ប្រកួត ទើប​គេ​អាច​ដឹងថា តើ​ឆ្នាំ ២០២០ នេះ នឹង​អាច​បំបែក​កំណត់ត្រា​ចំនួន​ស្នាដៃ​កាលពី​ឆ្នាំ ២០១៩ ពោលគឺ​នឹងមាន​ចំនួន​លើសពី ៩១ ស្នាដៃ បានដែរ ឬ យ៉ាងណា ។​


​ក៏​គប្បី​បញ្ជាក់​ផងដែរ​ថា ដោយសារ​ឆ្នាំនេះ កម្ពុជា ( ក៏ដូចជា​ពិភពលោក ) រង​ការ​ញាំញី​ដោយ​ជំងឺ​កូ​វីដ ១៩ ទើប​ការដាក់ និង ទទួល​ស្នាដៃ​ចូល​រូ​ម​ប្រកួតប្រជែង​តែង​និពន្ធ​ពានរង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី ត្រូវធ្វើឡើង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដូចជា​តាម តេ​ឡេ​ហ្ក្រា​ម ជាដើម ៕ Kh

លោក កុក រស់ ប្រធាន​នាយកដ្ឋាន​សៀវភៅ និង ការអាន នៃ ក្រសួង​វប្បធម៌ ដែលជា​អ្នកទទួលបន្ទុក​ចាត់ចែង​ការប្រកួតប្រជែង​តែង​និពន្ធ​ពានរង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី ( រូបៈ មេសា )