មន្ត្រី​វប្បធម៌​អាមេរិកៈ ពិ​ព័រណ៍​ថ្ម​ឋាន​ព្រះ​ចន្ទ​ដើម្បី​សន្តិភាព និង ស្តេម

1133

​ដោយៈ មេសា​/​ភ្នំពេញៈ មន្ត្រី​កិច្ចការ​វប្បធម៌ នៃ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា លោកស្រី ម៉ូ​នី​កា ដេ​វី​ស បាន​មានប្រសាសន៍ថា  ការបែងចែក​ថ្ម​ឋាន​ព្រះ​ចន្ទ ទៅដល់​បណ្តា​ប្រទេស​នានា ដោយ​រួមទាំង​ប្រទេស​កម្ពុជា​ផង ហើយ​ការធ្វើ​ពិ​ព័រណ៍​នេះ​ថ្ងៃនេះ ក្នុង​គោលបំណង​ដើម្បី​បង្កើត​ក្តីសង្ឃឹម និង ភាពជឿជាក់​ចំពោះ​សន្តិភាព​ដល់​មនុស្សជាតិ​នៅ​ទូទាំង​ពិភពលោក​ផង ក៏ ដើម្បី ជំរុញ​នូវ​ចំណេះដឹង វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា(ស្តេម,STEM) ដល់​យុវជន​កម្ពុជា ផងដែរ  ។

​លោកស្រី ម៉ូ​នី​កា ដេ​វី​ស ថ្លែង​យ៉ាង​ដូច្នេះ​នៅក្នុង​ពិធី​ពិ​ព័រណ៍ ថ្ម​ឋាន​ព្រះ​ចន្ទ នៅ​សារមន្ទីរ​ជាតិ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលជា​កិច្ចសហការ​រៀបចំ​រវាង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា និង សារមន្ទីរ​ជាតិ នៃ ប្រទេស​កម្ពុជា ។​

​ថ្ម​ឋាន​ព្រះ​ចន្ទ ឬ ថ្ម​សុ​ឆន្ទៈ​ឋាន​ព្រះ​ចន្ទ ដែល​អាមេរិក បាន​នាំយក​មកពី​ឋាន​ព្រះ​ចន្ទ គឺជា​ដុំថ្ម ១ ដុំ ហើយ​ត្រូវបាន​ជ្រៀក​ជា ១៣៥ ដុំ តូចៗ ចែក​ដល់​ប្រទេស​នានា​រួមទាំង​កម្ពុជា​ផង ។ ថ្ម​ឋាន​ព្រះ​ចន្ទ​ដែល​ត្រូវបាន​ប្រគល់​មកឱ្យ​មក​ប្រទេស​កម្ពុជា គឺ​តាមរយៈ​លោក កែវ សង់​គីម រដ្ឋមន្ត្រី​ក្រសួងអប់រំជាតិ​កម្ពុជា កាលពី​ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ១៩៧៣ ភ្ជាប់​មកជា​មួយ​យ​នូវ​លិខិត​មួយច្បាប់ ហើយ​ប្រយោគ​មួយ នៃ លិខិត​នោះបាន​សរសេរថា ប្រសិនបើ​មនុស្ស នៃ ប្រជាជាតិ​នានា​ធ្វើ​រួមគ្នា ដើម្បី សម្រេច​ក្តី​សុបិន​របស់​មនុស្សជាតិ​នៅក្នុង​អវកាស​បាន ពិតណាស់ យើង​អាចធ្វើ​រួមគ្នា ដើម្បី សម្រេច​ក្តី​សុបិន​របស់​មនុស្សជាតិ​ដែល​ចង់បាន​សន្តិភាព​នៅលើ​ភពផែនដី​នេះ  ៕ Kh