មន្ត្រី​វៀតណាម​ស្នើ​ឱ្យ​លក់​ដេញថ្លៃ​ទំនិញរត់ពន្ធ​ខុសច្បាប់​ដែល​ចាប់​រឹបអូស​សម្រាប់​ចំណូល​ថវិការដ្ឋ​

3533
ចែករម្លែក

មន្រ្តីជាន់ខ្ពស់នៅតំបន់ដីសណ្ដទន្លេមេគង្គរបស់ប្រទេសវៀតណាមបាននិយាយថាការលក់ដេញថ្លៃទំនិញរត់ពន្ធខុសច្បាប់ដែលត្រូវបានរឹបអូសបាន អាចនាំប្រាក់ចំណូលកាន់តែច្រើនឡើងដល់ថវិកាជាតិជាជាងការលក់ទៅឱ្យក្រុមហ៊ុនឯកជន នាពេលបច្ចុប្បន្ន។

គំនិតនេះត្រូវបានដាក់ចេញដោយ លោក Nguyen Hoang Van​ អនុប្រធាននាយកដ្ឋានឃ្លាំមើលទីផ្សារនៅខេត្តអាងយ៉ាង ។

លោក Nguyen Hoang Van​ បានប្រាប់កាសែតTuoi Tre កាលពីថ្ងៃព្រហស្បតិ៍ទី១៧ឧសភាថា​ បើសិនស្ករ៩៥តោនដែលលួចដឹកចូលពីប្រទេសថៃ ដែលត្រូវបានចាប់រឹបអូសដោយអាជ្ញាធរកាលពីឆ្នាំមុនត្រូវបានដាក់លក់ដេញថ្លៃនោះ ថវិកាក្នុងស្រុកនឹងកើនឡើងដល់ទៅ៣រយភាគរយបើប្រៀបធៀបទៅនឹងប្រាក់ចំណូលតិចតួច
ដែលទទួលបានដោយការលក់វាទៅឱ្យក្រុមហ៊ុនឯកជន។

ក្នុងករណីជាក់ស្តែងនេះ ស្ករសនេះ ត្រូវបានលក់ទៅឱ្យក្រុមហ៊ុនក្នុងសរុបតម្លៃ៥០.០០០ ដុល្លារកាលពីឆ្នាំ២០១៧។ នៅឆ្នាំដដែលនោះក្រុមអាជ្ញាធរនៃខេត្តអាងយ៉ាង បានបំផ្លាញបារីរត់ពន្ធចំនួន១,៦លានកញ្ចប់ ដែលគិតសរុបចំនួន៧០៤.០០០ដុល្លារ ។

លោកNguyen Hoang Van​ បាននិយាយថា រដ្ឋបាលខេត្តបានយល់ព្រមរួចហើយអំពីផែនការនៃការដាក់លក់ដេញថ្លៃទំនិញរត់ពន្ធខុសច្បាប់ដែលត្រូវបានចាប់រឹបអូសយក នៅពេលអនាគត។


រថយន្តដឹកស្ករសរត់ពន្ធពីថៃ ត្រូវបានចាប់ឃាត់នៅខេត្តAn Giang ប្រទេសវៀតណាម កាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៨

នៅអាងយ៉ាង ច្បាប់ចែងថាទំនិញដែលត្រូវរឹបអូសណាដែលគ្មានវិក្កយបត្រនិងឯកសារស្របច្បាប់ហើយគ្មានម្ចាស់ចេញមកអះអាងក្នុងរយៈពេល៣០ថ្ងៃ នឹងត្រូវចាត់ទុកជារបស់រដ្ឋដែលត្រូវដាក់លក់ដោយដេញថ្លៃ។

ការរត់ពន្ធ ជាពិសេសស្ករសនិងបារី ក្លាយជាសកម្មភាពធម្មតានៅក្នុងខេត្តអាងយ៉ាង ដោយសារខេត្តក្នុងតំបនើដីសណ្តទន្លេមេគង្គនេះមានព្រំដែនចម្ងាយ១០០គីឡូម៉ែត្រជាប់កម្ពុជា រួមមានផ្លូវគោក ផ្លូវទឹក និងវាលស្រែ៕ដោយ:សុខា/SN

ប៉ូលិសខេត្តអាងយ៉ាងរបស់វៀតណាមចាប់ឈើក្រញូងដែលត្រូវបានឈ្មួញលួចដឹកតាមរថយន្តក្រុងពីកម្ពុជា

#