មន្ត្រី​សង្គមកិច្ច​: អភិវឌ្ឍន៍​ដោយ​បរិ​យា​ប័ន​ត្រូវការ​ជនពិការ​ចូលរួម​ច្រើន​ទៀត​

208
ចែករម្លែក

ដោយ​: មេសា / ភ្នំពេញ​: រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា​លោក សែម សុខា បាន​ពន្យល់​អំពី​សារសំខាន់ នៃ ជន​មាន​ពិការភាព​ក្នុងការ​អភិវឌ្ឍ​ប្រ​ដោយ​បរិ​យា​ប័ន​ថា “ ការអភិវឌ្ឍន៍​ដោយ​បរិ​យា​ប័ន គឺ​ការអភិវឌ្ឍន៍​សម្រាប់​ម​នុស្ស​គ្រប់គ្នា និង គ្រប់​ប្រភេទ គឺ​មិនមែន​សម្រាប់តែ​ក្រុមមនុស្ស​ប្រភេទ​ណា ឬ សង្គម​ណា​ឡើយ ហេតុនេះ វា​ក៏ត្រូវ​ការឱ្យ​មនុស្ស​គ្រប់គ្នា គ្រប់​ប្រភេទ​ចូលរួម​ដែរ ក្នុងនោះ​ជន​មាន​ពិការភាព និង គ្រួសារ​របស់​ពួកគេ ក៏មាន​កាតព្វកិច្ច​ចូលរួម និង ទទួលយក​ចំណែក នៃ ផលប្រយោជន៍​ពី​ការអភិវឌ្ឍ​ដោយ​បរិ​យា​ប័ន​ស្មើនឹង​មនុស្ស​ផ្សេងទៀត​ដែរ ហើយ​តាមរយៈ​នេះ ជន​មាន​ពិការភាព មិនមែនជា​បន្ទុក​រប​ស់​សង្គម​ទៀត​ទេ ប៉ុន្តែ​គឺជា​សមាសភាព​ដ៏​មាន​ប្រសិទ្ធភាព​មួយ ដូច​សមាសភាព​ដទៃ​ដែរ​“​។

លោក សែម សុខា ថ្លែង​នៅក្នុង​សន្និសីទ​ជាតិ​ស្តីពី​ផែនការមេ​អាស៊ាន ២០២៥

​លោក សែម សុខា ថ្លែង​យ៉ាង​ដូច្នេះ នៅក្នុង​សន្និសីទ​ជាតិ​ស្តីពី​ផែនការមេ​អាស៊ាន ២០២៥ នៅឯ​មជ្ឈមណ្ឌល​ដាយ​កូ​នៀ នា​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៩​។​

​បច្ចុប្បន្ន​នៅ​កម្ពុជា មាន​ជន​មាន​ពិការ​ប្រមាណ​ជាជាង ៥២ ម៉ឺន​នាក់ ហើយ​កន្លងមក​ក៏មាន​ជន​មាន​ពិការភាព​ជាច្រើន​ទទួលបាន​ការងារ និង មុខរបរ ដោយ​គ្រាន់តែ​ឆ្នាំ ២០១៨ កន្លងទៅ ជន​មាន​ពិការភាព​ប្រមាន​ជា ៥.០០០ នាក់​ត្រូវបាន​ជ្រើសរើស​ចូល​បម្រើ​ការងារ​នៅតាម​ក្រសួង ស្ថាប័នរដ្ឋ និង ឯកជន ហើយ​អ្នកពាក់ព័ន្ធ​ទាំងឡាយ​មើលឃើញថា ជន​មាន​ពិការភាព នៅមាន​សក្តានុពល​ច្រើន​ទៀត​ក្នុង​ការចូលរួម និង ទទួលយក​ផល​នៃ​ការអភិវឌ្ឍ​ដោយ​បរិ​យា​ប័ន ប៉ុន្តែ​អាចធ្វើ​បែប​នោះ​ទៅបាន គេ​ត្រូវ​ការបង្ក​បរិយាកាស​មួយ​ដែល​គេ​ហៅថា បរិស្ថាន​គ្មាន​ពិការភាព ពោលគឺ​សង្គម​មួយ​ដែល​គ្មាន​ឧបសគ្គ​ចំពោះ​ជន​មាន​ពិការភាព​។​ ​

លោក ងិន សៅ​រ័ត្ន នាយក​ប្រតិបត្តិ​អង្គការ​ជនពិការ​កម្ពុជា

ចំពោះ​ផែនការមេ​អាស៊ាន វិញ លោក ងិន សៅ​រ័ត្ន នាយក​ប្រតិបត្តិ​អង្គការ​ជនពិការ​កម្ពុជា បាន​ពន្យល់ថា គឺជា​យន្តការ​ថ្នាក់​តំបន់​ក្នុងការ​សម្របសម្រួល និង ជំរុញ​ឱ្យ​ជន​មាន​ពិការភាព​បាន​ចូលរួម និង ទទួលបាន​ផល​ពី​ការអភិវឌ្ឍ​ដោយ​បរិ​យា​ប័ន ព្រោះ​ផែនការមេ​អាស៊ាន​នេះ គឺជា​មធ្យោបាយ​បន្ស៊ី​គ្នា​ទៅនឹង​យន្តការ​នានា​ដែល​បាន​ដាក់ចេញ​កន្លងមក សំដៅ​ដក​របាំង​ចេញ ឬ ជាការ​បង្ក​បរិយាកាស​ដែល​គ្មាន​ឧបសគ្គ​សម្រាប់​មនុស្ស​គ្រប់គ្នា​។​

​ទោះយ៉ាងណា លោក ងិន សៅ​រ័ត្ន ក៏ដូចជា​អ្នកពាក់ព័ន្ធ​បាន​មើលឃើញថា ឧបសគ្គ​ជាច្រើន​នៅតែ​ជា​របាំង​សម្រាប់​ជន​មាន​ពិការភាព​នៅឡើយ ក្នុងនោះ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ដូចជា​ច្រកចេញចូល ជម្រាល​ផ្លូវ និង ភាសា​សញ្ញា​ជាដើម គឺ​នៅមាន​ក​ម្រឹត​នៅឡើយ ដែល​បានសេចក្តីថា គេ​ត្រូវ​ធ្វើការ​ច្រើន​ទៀត ដើម្បី ឱ្យ​ជន​មាន​ពិការភាព​អាច​ចូលរួម​គ្រប់​ទិដ្ឋភាព​៕ ល​