មន្ត្រី​សង្គម​កិ​ច្ចៈ សូម​ស្ត្រី​ទាំងឡាយ​បង្កើន​សមត្ថភាព​ដើម្បី​ដណ្តើម​ឱកាស​ថែមទៀត​

286
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ លោកស្រី ខៀវ បូរី រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីត​យ​ទ្ធ​ជន បាន​សំណូមពរ​ដល់​ស្ត្រី​ឱ្យ​បង្កើន​សមត្ថភាព​របស់​ខ្លួន ជាពិសេស​ក្នុង​វិស័យ​មុខរបរ​ថា ស្ត្រី​ទាំងឡាយ​ដែល​កំពុង​ប្រកបមុខរបរ ឬ កំពុង​បំពេញការងារ ទោះ​តូច ឬ ធំ ក្តី ក៏​សូម​បង្កើន​សមត្ថភាពរ​បស់​ខ្លួន ទាំង​ផ្នែក​រឹង និង ផ្នែក​ទន់ ឱ្យ​ឆ្លើយតប​ទៅនឹង​ការវិវឌ្ឍ នៃ សម័យកាល​បច្ចេកវិជ្ជា​ជឿនលឿន ដើម្បី ចាប់យក​ឱកាស​ឱ្យបាន​កាន់តែច្រើន​ថែមទៀត ព្រោះ​ឥឡូវនេះ យើង​បានឃើញ​ទាំងអស់គ្នា​ហើយ​ថា ស្ត្រី​ទាំងឡាយ ត្រូវបាន​ផ្តល់ និង ធានា​នូវ​សិទ្ធិ​ដោយ​ច្បាប់ និង រាជរដ្ឋាភិបាល ហើយ​ស្ត្រី​ក៏បាន​ចូលរួម​ច្រើន និង ទទួលបាន​ជោគជ័យ មាន​កេរ​ឈ្មោះ​បោះ​សំឡេង សង្គម​ទទួលស្គាល់​ច្រើនណាស់​មកហើយ​ដែរ ក្នុង​ផ្នែក​សហគ្រិនភាព ក៏ដូចជា​ផ្នែក​នយោបាយ សង្គម និង វប្បធម៌​ជាដើម


​លោកស្រី ខៀវ បូរី សំណូមពរ​យ៉ាង​ដូច្នេះ នាឱកាស​អញ្ជើញ​ជា​អធិបតី សិក្ខាសាលា​ស្តីពី​ស្ត្រី និង សហគ្រិនភាព រៀបចំ​នៅឯ​ក្រសួង​សង្គមកិច្ច នា​ព្រឹក​ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៩ ដែល​ការរៀប​ចំនេះ​គឺ​ស្រប​ពេលដែល​ទិវា​សិទ្ធិនារី​អន្តរជាតិ ៨ មីនា កៀក​នឹង​ចូលមក​ដល់ ។​


​កម្ពុជា គឺជា​រដ្ឋ​ភាគី នៃ សិទ្ធិមនុស្ស​សកល ក៏ដូចជា​សិទ្ធិនារី និង អនុសញ្ញា CEDAW ជាដើម ដែល​ទាំងអស់នេះ គឺជា​យន្តការ​ធានា​ភាព​ស្មើភាព​គ្នា នៃ ស្ត្រី និង បុរស ក៏មាន​វិធានការ​ជាក់ស្តែង​ជាច្រើន​ត្រូវបាន​ដាក់ចេញ ហើយ​ជា​លទ្ធផល គឺមាន​ស្ត្រី​ច្រើន​ទៅៗ បាន​ចូលរួម​ក្នុងសង្គម សេដ្ឋកិច្ច វប្បធម៌ និង នយោបាយ​ជាដើម ។​


​ទោះយ៉ាងណា ត្រូវបាន​ទទួលស្គាល់​ជាទូទៅ​ថា បន្ទុក នៃ ការ​មើលថែ​គ្រួសារ នៅតែ​ជា​របាំង​ដ៏​ធំ​របស់​ស្ត្រី​ក្នុងការ​ចូលរួម​ក្នុង​វិស័យ​ផ្សេងៗ​នៅ​ខាងក្រៅ​ផ្ទះ ដែល​ទាំងនេះ គឺជា​អ្វីដែល​គេ​គប្បី​បង្កើន​ការគិតគូរ​បន្ថែមទៀត ដើម្បី ផ្តល់ឱកាស​ឱ្យ​ស្ត្រី​ចូលរួម​ក្នុងសង្គម សេដ្ឋកិច្ច នយោបាយ អប់រំ សុខភាព និង សង្គម ឱ្យបាន​កាន់តែច្រើន​ថែមទៀត ៕Kh