មន្ត្រី​សង្ឃៈ ព្រះសង្ឃ​និមន្ត​ចូល​ផ្សារ​ពេលខ្លះ​ខុស ពេលខ្លះ​មិន​ខុស​ទេ​

1883
ចែករម្លែក

ដោយៈ មេសា/​ភ្នំពេញៈ កន្លងមក​នៅពេល​ឃើញ​ព្រះសង្ឃ​និមន្ត​ចូលក្នុង​ផ្សារ អ្នកខ្លះ​បាន​រិះគន់ថា ព្រះសង្ឃ​ធ្វើ​បែប​នោះ ខុស​វិន័យ​សង្ឃ ធ្វើឱ្យប៉ះពាល់​ភាព​ផូរផង់ និង កិត្តិយស ឬ សេចក្តីថ្លៃថ្នូ របស់​ព្រះពុទ្ធសាសនា ពោលគឺ​ពួកគេ​គិតថា ព្រះសង្ឃ​មិន​គប្បី​និមន្ត​ទៅក្នុង​ទីផ្សារ​ឡើយ ដែល​គេ​ហៅថា ” ទី​អ​គោ​រដ្ឋា​ន ពោលគឺ​ទី​ដែល​ព្រះសង្ឃ​មិន​គប្បី​និមន្ត​ទៅ ” ព្រោះ​ទីផ្សារ​មាន​មនុស្ស​ប្រជៀ​ត​ចង្អៀត​លាយឡំ​គ្នា ហើយ​ជាពិសេស ច្រើន​ទៅដោយ​ស្ត្រីភេទ គឺជា​ភេទ​ដែល​ព្រះសង្ឃ​មិនត្រូវ​ស្និទ្ធស្នាល ឬ ប៉ះពាល់ ។​

​ព្រះ​ភិក្ខុ ស៊ុំ សុខា ព្រះ​សមុហ​គណ​រាជធានី​ភ្នំពេញ ពន្យល់ថា  ទីផ្សារ​គឺជា​ទី​អគោចរដ្ឋាន ពោលគឺ​ទី​ដែល​ព្រះសង្ឃ​មិន​គប្បី​និមន្ត​ទៅ​ក៏ពិតមែន​ហើយ ប៉ុន្តែ​ក្នុងករណី​ព្រះសង្ឃ​និមន្ត​ទៅ​ផ្សារ​ដោយសារ​មាន​ភារកិច្ច​ដែល​ត្រូវធ្វើ ដូចជា​និមន្ត​ទៅ​ទិញ​សម្ភារ​ប្រើប្រាស់ មាន​ទិញ​ស្បង់​ជីពរ ទិញ​ថ្នាំសង្កូវ ឬ ទិញ​សៀវភៅ​ប៊ិក ឬ ទៅដោយ​សារ​គេ​និមន្ត ដូចជា​និមន្ត​ទៅ​ទទួល​ភត្ត ( ចង្ហាន់ ) ឬ និមន្ត​ទៅ​សូត្រមន្ត​ជាដើម​នោះ គឺ​មិនមាន​ទាស់ខុស​អ្វី​ឡើយ​ទៅនឹង​ធម៌​វិន័យ​របស់​ព្រះពុទ្ធសាសនា ឬ បម្រាម របស់​គណៈសង្ឃ ។ ដូច្នេះ​ចូរ​ជនានុជន​មេត្តា​ជ្រាប និង បើក​ចិត្ត​ឱ្យ​ទូលាយ កុំ​រិះគន់​ព្រះសង្ឃ​ក្នុងករណី​បែបនេះ​ឡើយ ពោលគឺ​ព្រះសង្ឃ​អាច​និមន្ត​ទៅ​ផ្សារ​បាន ក្នុងករណី​លោក​មាន​កាតព្វកិច្ច​ដែល​ត្រូវធ្វើ  ។​

ព្រះ​ភិក្ខុ ស៊ុំ សុខា ព្រះ​សមុហ​គណ​រាជធានី​ភ្នំពេញ , រូបៈ មេសា

​សូមជម្រាបថា ដោយ​អនុលោម​ទៅតាម​ធម៌​វិន័យ​ដែលមាន​ក្នុង​ព្រះពុទ្ធសាសនា​ស្រាប់ សាលា​គណ​រាជធានី​ភ្នំពេញ បានដាក់​បម្រាម​ការ​បិ​ណ្ឌិ​បាត្រ និង រៃអង្គាស​នៅ​ទីកន្លែង​មួយចំនួន​ដែល​ហៅថា ទី​អគោចរដ្ឋាន ក្នុងនោះ​ដូចជា​ក្នុង​ទីផ្សារ ចំណតរថយន្ត មុខ​មន្ទីរពេទ្យ មុខ​រោងចក្រ​សហគ្រាស មុខ​ភោជនីយដ្ឋាន តាម​អាគារ​មាន​ជាន់ និង ទីប្រជុំជន​នានា ដែល​ជាទី​មិន​គាប់​ភ្នែក​មហាជន ។​

​ហេតុនេះ​ព្រះ​ភិក្ខុ ស៊ុំ សុខា បន្ថែមថា ករណី ៣ ទៀត​ដែល​ព្រះសង្ឃ​មិន​គប្បី​និ​ម​ន្តៅ​ទៅក្នុង​ផ្សារ​នោះ គឺ​ទី ១. ប្រសិនបើ​ព្រះសង្ឃ​និមន្ត​ទៅលេង ដែល​ភាសា​សាមញ្ញ​ថា និមន្ត​ទៅ​ដើរលេង គឺជា​រឿង​ខុស​ទាំង​ចំពោះ​ធម៌​វិន័យ​ជា​ពុទ្ធ​ប្បញ្ញត្តិ ខុស​ទាំង​បម្រាម​របស់​គណៈសង្ឃ ។ ទី ២ គឺ ព្រះសង្ឃ​បិណ្ឌ​បាត្រ​នៅក្នុង​ទីផ្សារ​លក់​ត្រី​លក់​សាច់ ក៏​ជា​រឿង​មិនត្រូវ​ដែរ ។ ទី ៣ ព្រះសង្ឃ​និមន្ត​ចូល​រៃអង្គាស​ក្នុង​ផ្សារ ក៏​រឹតតែ​មិន​ត្រឹមត្រូវ​ទៅទៀត


​ព្រះមហា​សមណៈ សុំ សុខា បាន​សំណូមពរ​ថា ប្រសិនបើ​បានឃើញ​ព្រះសង្ឃ​និមន្ត​ចូលក្នុង​ទីផ្សារ ដូចដែល​បានលើកឡើង​ខាងដើម​មកនេះ សូម​ផ្តល់ព័ត៌មាន​ទៅ​សាលា​គណ​រាជធានី​ភ្នំពេញ ឬ អាជ្ញាធរ​មូលដ្ឋាន ដើម្បី ស្ថាប័ន​សាសនា មាន​ចំណាត់ការ​តាម​ជាក់ស្តែង ។

​ក្នុងន័យនេះ​បានសេចក្តីថា អ្នកគ្រប់គ្រង​ផ្សារ ឬ សន្តិសុខ​ផ្សារ ក៏​គប្បី​សហការ​ជាមួយ​គណ​សង្ឃនាយក និង សាលា​គណ​រាជធានី ខេត្ត តាមរយៈ មិន​អនុញ្ញាតឱ្យ​អ្នកបួស ពោលគឺ​ព្រះសង្ឃ ចូលក្នុង​ផ្សារ​ធ្វើ​នូវ​កិច្ចការ​ទាំង ៣ ខាងលើ​នេះឡើយ គឺ​នុ​ញ្ញាត​តែ​ចំពោះ​ព្រះសង្ឃ​និមន្ត​ចូលក្នុង​ផ្សារ​ដូច​ករណី​ទី ១ ពោលគឺ​ព្រះសង្ឃ​មាន​កាត​ព្ច​កិច្ច​បាន​ហើយ ។ ក្នុងករណី​បានឃើញ​ព្រះសង្ឃ​ធ្វើ​ទង្វើ​ចំនួន ៣ ខាងដើម អ្នកគ្រប់គ្រង ឬ សន្តិសុខ​ផ្សារ​មិន​គប្បី​នៅ​ស្ងៀម​ឡើយ គឺ​ត្រូវ​និមន្ត​ព្រះសង្ឃ​អង្គ​ទាំ​នោះ​ឱ្យ​ចាក​ចេញពី​ផ្សារ​ជាបន្ទាន់ ឬ ក៏​ផ្តល់ដំណឹង​ទៅ​សាលា​គណ​រាជធានី​ខេត្ត​ខេត្ត​ក៏បាន ។ ចំពោះ​អ្នកគ្រប់គ្រង​ផ្សារ ឬ សន្តិសុខ​ផ្សារ​ទាំងឡាយណា មិន​អើពើ​ចំពោះ​ទង្វើ​របស់​អ្នកបួស ៣ ករណី​ខាងលើនេះ អ្នកគ្រប់គ្រង​ផ្សារ ឬ សន្តិសុខ​ផ្សារ​ទាំងនោះ បាន​ឈ្មោះថា​រួមគំនិត ឬ បណ្តែតបណ្តោយ​ឱ្យ​ជនខិលខូច​បង្ខូច​សាសនា​របស់​ជាតិ ។​

​ជាការ​កត់សម្គាល់ កន្លងមក​សាលា​គណ​រាជធានី​ភ្នំពេញ​ក៏​ធ្លាប់បាន​ចាត់ការ​សង្ឃ​និមន្ត​បិណ្ឌ​បាត្រ​តាម​ទីផ្សារ រៃអង្គាស​ក្នុង​ទីផ្សារ ឬ និមន្ត​ទៅលេង​នៅតាម​ទីផ្សារ រហូត​ពេលខ្លះ​រកឃើញថា​ជា​សង្ឃ​ក្លែងក្លាយ ក៏​ច្រើន​ករណី​មកហើយ​ដែរ ។ នេះ​បានសេចក្តីថា ប្រសិនបើ​មិនមាន​កិច្ចសហការ​ទេ ក៏​គ​មាន​ចំណាត់ការ​ពី​មន្ត្រី​សង្ឃ​ដែរ ហើយ​បើ​គ្មាន​ចំណាត់ការ ម្ល៉េះ​សម​ជន​ក្លែង​ជា​សង្ឃ​ទាំងនោះ នឹង​នៅតែ​បន្ត​សម្ងំ​លាក់ខ្លួន​ក្នុង​សាសនា បង្ខូច​សាសនា​តទៅទៀត​ជាមិនខាន ។ ហេតុនេះ​ទើប​ថា ជនានុជន ជាពិសេស​អ្នកគ្រប់គ្រង​ផ្សារ និង សន្តិសុខ​ផ្សារ មិន​គប្បី​នៅ​ស្ងៀម ឬ មិន​គប្បី​អនុញ្ញាតឱ្យ​ព្រះសង្ឃ​ធ្វើ​ទង្វើ​ទាំង ៣ ដូចដែល​បានលើកឡើង​ខាងដើម​ឡើយ ៕ Kh

​ការ​និមន្ត​បិណ្ឌ​បាត្រ​ក្នុង​ទៅ​ផ្សារ​លក់​ត្រី​លក់​សាច់ គឺជា​រឿង​ខុស​ទាំង​ធម៌​វិន័យ ទាំង​បម្រាម​របស់​សង្ឃ , រូបៈ គន្ធា
ជន​ក្លែង​ជាស​ង្ឃ ត្រូវបាន​មន្ត្រី​សង្ឃ និង សមត្ថកិច្ច​ចាត់ការ​តាមច្បាប់​សាសនា និង ច្បាប់​រដ្ឋ ,​រូបៈ ឯកសារ​