មន្ត្រី​សង្ឃៈ សូម​បិណ្ឌ​បាត្រ​ឈប់​យក​រឿងអាស្រូវ​សាស​នា​ទៅ​ហែក​កកាយ​លេងសើច​

2585
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ ព្រះ​មង្គល​វិសុទ្ធិ សុខ សុភាព ជំនួយការ​ផ្ទាល់​របស់​សម្តេច​ព្រះពុទ្ធ​ជ័យ​មុនី ឃឹម សន ព្រះប្រធាន​លេខាធិការដ្ឋាន​គណៈសង្ឃ​នាយក នៃ ព្រះរាជណាចក្រ​កម្ពុជា បាន​មាន​ព្រះ​ថេរ​ដីកា​ថា  បុគ្គល​សង្ឃ​ដែលមាន​កំហុស​ចំពោះ​ធម៌​វិន័យ​ព្រះពុទ្ធសាសនា ត្រូវបាន​ដោះស្រាយ​ចប់សព្វគ្រប់​ហើយ តាម​ធម៌​វិន័យ កិ​ច្ចា​នុ​កិច្ច​ពាក់ព័ន្ធ​នឹង​ព្រះពុទ្ធសាសនា បាន​ចប់​ហើយ ។ តទៅ​នេះ ប្រសិនបើ​បុគ្គល​នោះ​មាន​បញ្ហា​អ្វី​ទៀត​ដែល​ត្រូវ​ប្រឈម ឬ ដោះស្រាយ​ចំពោះមុខ​ច្បាប់​នោះ គឺជា​រឿង​បុគ្គល​និង​ច្បាប់​រដ្ឋ គឺ​មិនមែន​ជាមួយ​សាសនា​ទៀត​ទេ ។ ព្រះពុទ្ធសាសនា​នៅ​កម្ពុជា មិនមែនជា​សាសនា​របស់​ព្រះសង្ឃ​តែ​ម្ខាង​ទេ ប៉ុន្តែ​គឺជា​សាសនា​របស់​ជាតិខ្មែរ​ទាំងមូល ដូច្នេះ​គ្រប់គ្នា មាន​កតា​ព្វ​កិច្ច​ថែរក្សា​ការពារ​សេចក្តីថ្លៃថ្នូ​ររ​បស់​ព្រះពុទ្ធសាសនា មិនមែន​យក មក​ហែក​កកាយ​លេងសើច​បង្អាប់​ន្តុះ​ឡើយ  ។


​ការពន្យល់​របស់​ព្រះ​ភិក្ខុ សុខ សុភាព យ៉ាង​ដូច្នេះ ដោយសារ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​បាននាំគ្នា​យក​រឿងអាស្រូវ​របស់​បុគ្គល​សង្ឃ​មួយរូប​នៅ​ខេត្តបន្ទាយមានជ័យ ដែលមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្ត្រីភេទ ប្រាសចាក​ពី​វិន័យ​សង្ឃ ទៅ​ចែកចាយ​តៗ​គ្នា និង ត្រូល​បន្តុះបង្អាប់​លេងសើច​យ៉ាង​គគ្រឹកគគ្រេង ។​

​តាមពិតទៅ ក្នុង​លោក​នេះ សាសនា​ណា​ក៏មាន​ភាព​ល្អក់កករ និង រឿងអាស្រូវ​ដែរ ប៉ុន្តែ នៅ​បណ្តា​ប្រទេស​ដែល​ប្រជាពលរដ្ឋ និង សាសនិក មានការ​យល់ដឹង ចេះ​ថ្លឹងថ្លែង​ធ្ងន់​ស្រាល ពួកគេ​សហការ​ជាមួយ​ថ្នាក់​មន្ត្រី​សាសនា ដោះស្រាយ​បញ្ហា​អធិករណ៍​ទាំងនោះ ហើយ​ពួកគេ​មិន​យកទៅ​ហែក​កកាយ​ឡើយ ព្រោះ​ពួកគេ​ដឹង​ច្បាស់​ថា ការ​ហែក​កាយ គឺជា​ការធ្វើឱ្យ​សាសនា​របស់​ពួកគេ អាប់អន់​កិត្តិយស​តែប៉ុណ្ណោះ ។​

​ព្រះ​ភិក្ខុ សុខ សុភាព បាន​បន្តថា ព្រះពុទ្ធសាសនា មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​តាំងពី​ថ្នាក់ជាតិ​រហូតដល់​ថ្នាក់មូលដ្ឋាន ឬ វត្ត​អារាម រាល់​បញ្ហា​តូចធំ​ក្នុង​សាសនា ត្រូវ​ដោះស្រាយ​តាម​ឋានានុក្រម តាម​ធម៌​វិន័យ​ព្រះពុទ្ធសាសនា ។ លោកអ្នក​ទាំងឡាយណា ដែល​ចាត់ទុក​ខ្លួនឯង​ជា​ពុទ្ធសាសនិក ឬ ជា​អ្នក​ស្រឡាញ់​ព្រះពុទ្ធសាសនា​នោះ គប្បី​ពិចារណា​ថា នៅពេល​មាន​បញ្ហា​នៅក្នុង​ព្រះពុទ្ធសាសនា ឬ ឃើញ​រឿង​មិន​អ្នក​ប្រ​ព្រឹ​ត​មិនល្អ​ក្នុង​ព្រះពុទ្ធសាសនា គប្បី​សហការ​ជាមួយ​ថ្នាក់ដឹកនាំ​ព្រះពុទ្ធសាសនា​( និង អាជញ្ញាធរ ក្នុង​ករី​មាន​ពាក់ព័ន្ធ​នឹង​ច្បាប់​រដ្ឋ ) ដើម្បី ដោះស្រាយ​តាម​ធម៌​វិន័យ ជម្រះ​នូវ​រាល់​បញ្ហា​អវិជ្ជមាន​ក្នុង​សាសនា ប៉ុន្តែ​មិន​យក​រឿង​ទាំងនោះ រិះគន់​វាយប្រហារ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​រហូត យកទៅ​ហែក​កាយ​ជា​សាធារណៈ​ដូចជា​តាម​ប​ញ្តា​ញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​ដើមឡើយ ព្រោះ​វា​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស​របស់​សាសនា​ជាតិ​កាន់តែ​ជ្រាលជ្រៅ ។

​និយាយ​ម្យ៉ាង​ទៀតថា ការរិះគន់ វាយប្រហារ ឬ យក​រឿង​អវិជ្ជមាន​ក្នុង​ព្រះពុទ្ធសាសនា ទៅលេង​សើច គឺជា​ការជាន់​ឈ្លី​ព្រះពុទ្ធសាសនា​ទៅវិញ​ទេ ហើយក៏​ជាការ​ជាន់ឈ្លី​នូវ​រាល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ​ក្នុង​សាសនា​ផង វា​ជាការ​ជាន់ឈ្លី​ដល់​អ្នក​ស្អាតស្អំ​រាប់លាន​នាក់​នាក់​ក្នុង​សាសនា​ផង វា​ជាការ​បង្ហាញ​នូវ​ភាពខ្វះ​ការយល់ដឹង​របស់​អ្នក​រិះគន់​វាយប្រហារ​ទាំងនោះ​ទៀតផង​៕ Kh

#