មន្ត្រី​សង្ឃ​ថា​គុណភាព​សារ​ណា និស្សិត ព្រះសីហនុ​រាជ កើនឡើង​

310
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ ព្រះ​ភិក្ខុ ឃី សុវណ្ណ​រតនា សកលវិទ្យា​ធិ​ការរង នៃ ពុទ្ធិក​សកល​វិទ្យាល័យ​ព្រះសីហនុ​រាជ បញ្ចេញ​ទស្សនៈ​ចំពោះ​គុណភាព​សារ​ណា របស់​និស្សិត​ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ ថា ជា​លទ្ធផល នៃ កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​ថ្នាក់ដឹកនាំ និង បុគ្គលិក​ពាក់ព័ន្ធ​ទាំងអស់ ក្នុងការ​ធ្វើកំណែទម្រង់​វិស័យ​សិក្សាធិការ ធ្វើឱ្យ​គុណភាព នៃ សា​រណា​របស់​សមណ​និស្សិត និង និស្សិត ពីមួយ​ជំនាន់​ទៅ មួយ​ជំនាន់ កើន​ឡើងជា​បន្តបន្ទាប់ ។ ចំណែក​គុណភាព​សា​រណា​នៅ​ឆ្នាំនេះ គឺមាន​ការកើនឡើង​ខ្លាំង ដែល​ប្រការនេះ​បញ្ជាក់​ពី​កម្រិត​សមត្ថភាព​របស់​សមណ​និស្សិត និង និស្សិត​ទាំងនេះ​ថា គឺជា​អ្នក​ដែលមាន​ចំណេះដឹង និង សមត្ថភាព​ខ្ពស់ សមស្រប​ទៅនឹង​តម្លៃ នៃ បរិ​ញ្ញាបត្រ ។ ម្យ៉ាងទៀត​សមណ​និស្សិត និង និស្សិត​ខ្លះ​ក្នុងចំណោម​អ្នក​ទាំ​នេះ គឺជា​មន្ត្រី​សង្ឃ ឬ ជាអ្នក​ដែល​បាន និង ​កំពុងធ្វើការ​នៅតាម​ស្ថាប័ន​នានា​ស្រាប់​ទៅហើយ ។​


​ព្រះមហា​សមណៈ ឃី សុវណ្ណ​រតនា មាន​ព្រះ​ថេរ​ដីកា ប្រកបដោយ​មោទនភាព​បែបនេះ នៅក្នុង​ពិធី​ណែនាំ​បទបញ្ជា និង លក្ខន្តិកៈ ដល់​សមណៈ​និស្សិត និង និស្សិត នៃ ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ ចំនួន ១៨៧ អង្គ និង នាក់ ដែល​ត្រូវការពារ​សា​រណារបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ លើ​ឯកទេស ទស្សនវិជ្ជា​ពុទ្ធសាសនា , រដ្ឋបាល​អប់រំ , គ្រប់គ្រង​ទូទៅ , អក្សរសាស្ត្រ​ខ្មែរ , ភាសាបាលី និង អក្សរសាស្ត្រ​អង់គ្លេស ដែល​ពិធី​នេះ ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១២ ថ្ងៃទី ១៣ និង​ទី ១៤ ខែ មីនា ឆ្នាំ ២០១៩ ។


​ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ គឺជា​ពុទ្ធិក​ឧ​ត្ត​ម​សិក្សា​ដ៏​មាន​វ័យ​ចំណាស់ និង មាន​កិត្តិនាម​បំផុត​នៅ​កម្ពុជា ហើយក៏​ត្រូវ​បានទទួល​ទាំង​នៅ​ថ្នាក់​តំបន់ និង ពិភពលោក​ផង ។ សីលធម៌ ចរិយា​ធម៌ គឺជា​មុខវិជ្ជា​ស្នូល​មួយ​ផ្សេងទៀត ដែល​ត្រូវបាន​បញ្ចូល​នៅក្នុង​គ្រប់​កម្ម​វិ​សិក្សា ឬ អាច​និយាយ​ម្យ៉ាង​ទៀតថា រាល់​សមណ​និស្សិត និង និស្សិត​ទាំងអស់ ទោះជា​ចាប់យក​ឯកទេស​អ្វី ក៏​សុទ្ធតែ​ត្រូវ​សិក្សា​​សីលធម៌ និង ចរិយា​ធម៌​ ដែរ ។


​គិត​មកដល់ពេលនេះ អ្នក​ដែល​បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចេញ​ពី​ពុទ្ធិក​សកល​វិទ្យា​ល័យ​ព្រះសីហនុ​រាជ មាន​ចំនួន ២.៨៦៩ អង្គ និង នាក់ , ចំណែក​អ្នក​ដែល​បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ចំនួន ៣៨ អង្គ និង នាក់ ហើយ​អ្នក​ទាំងនោះ ត្រូវបាន​ទទួលស្គាល់ថា​ជា​អ្នកមាន​សមត្ថភាព​ក្នុងការ​បំពេញការងារ​ផង ជា​អ្នក​ដែលមាន​សុជីវធម៌ សីលធម៌ ចរិយា​ធម៌​ខ្ពស់ យល់ដឹង​ពី​របៀប​រស់នៅ ងាយស្រួល​ធ្វើការ​ជាមួយ និង មានចំណេះដឹង​ផ្នែក​ប្រពៃណី​វប្បធម៌​ជាតិ​ផង ។​


​ព្រះ​ភិក្ខុ ឃី សុវណ្ណ​រតនា មាន​ព្រះ​ថេរ​ដីកា​ថា នៅក្នុង​ឆ្នាំ ២០២០ ខាងមុខនេះ ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ នឹង​បើក​ថ្នាក់បណ្ឌិត​ថែមទៀត ដោយពេល​នេះ បាន​ត្រៀមលក្ខណៈ​រួចរាល់​ហើយ ។​


​ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ គឺជា​គ្រឹះ​ស្ថា​ឧ​ត្ត​មសិ​ក្សា​សម្រាប់​ព្រះសង្ឃ​ក៏ពិតមែន ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បានធ្វើ​កំណែទម្រង់ ទទួលយក​និស្សិត​ជា​គ្រហស្ថ​ទាំងប្រុស ទាំងស្រី ឱ្យចូល​សិក្សា​នៅ​ទីនោះ​ជាមួយ​ព្រះសង្ឃ​មិនតិចជាង ៥០ ភាគរយ​ឡើយ ៕ Kh

ព្រះមហា​សមណៈ ឃី សុវណ្ណ​រតនា មាន​ព្រះ​ថេរ​ដីកា​ទៅកាន់​សមណ​និស្សិត និង និស្សិត​ដែល​ត្រូវការពារ​សារ​ណា នៅ​ថ្ងៃទី ១២ ទី ១៣ និង ទី ១៤ ខែ មីនា នេះ ( រូបៈ មេសា )