ដោយ: គ្រញួង / បាត់ដំបង: កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្ត បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យម្ហូបអាហារនិងទំនិញ ដែលដាក់តាំងលក់នៅតាមផ្ទះនានា ក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង រកឃើញទំនិញខូចគុណភាពហួសកាលបរិច្ឆេទប្រើប្រាស់ចម្រុះជាង៥៣គីឡូក្រាម យកទៅរក្សាទុក រង់ចាំដុតកម្ទេចចោលនៅពេលក្រោយ។
លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានឱ្យដឹងថា ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យទំនិញនិងម្ហូបអាហារ ដែលពលរដ្ឋបានដាក់តាំងលក់នៅតាមផ្ទះនានា ក្នុងសង្កាត់ចម្ការសំរោងក្នុងនោះ មន្ត្រីជំនាញបានធ្វើការពិសោធន៍ទៅលើទំនិញចំរុះមួយចំនួន ដោយបានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពចំនួន៥៣គីឡូក្រាម យកមករក្សាទុកនៅសាខា ដើម្បីដុតកំទេចចោល។
លោកប្រធានបានបន្តថា មន្ត្រីសាខាកាំកុងត្រូលទាំងអស់ បានចុះធ្វើការអប់រំផ្សព្វផ្សាយជាប្រចាំ តាមរយៈបិទស្ទិកឃើ នៅនឹងកន្លែងលក់ក្នុងផ្សារ តាមផ្ទះ ឬតាមប្រព័ន្ធផ្សាយផ្សេងទៀត ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ ពីផលប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់ និងបានអំពាវនាវដល់អាជីវករលក់ដូរ និងអ្នកប្រើប្រាស់ទាំងអស់ថាយើងនាំគ្នាប្តេជ្ញាចូលរួមទប់ស្កាត់ និងឈប់លក់ទំនិញខូចគុណភាពបន្តទៀត។
លោកសុខរិនបានបន្ថែមថា មន្ត្រីជំនាញបានត្រួតពិនិត្យអំពីស្លាកសញ្ញា និងសុពលភាពនៃការប្រើប្រាស់ និងបានធ្វើការវិភាគបឋម ដើម្បីរកសារធាតុគីមីហាមឃាត់លើម្ហូបអាហារ និងណែនាំទៅដល់អាជីករ ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិតផលទំនិញ ដើម្បីជៀសវាងការបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀតផង៕ ល