មន្ត្រី​សាលាក្រុង​ភ្នំពេញ វាយ​ស្គរ​អបអរសាទរ ការបញ្ចូល​ប្រាសាទសំបូរព្រៃគុក ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

454

(​ភ្នំពេញ​)៖ មន្ត្រី​សាលាក្រុង​ភ្នំពេញ ដឹកនាំ​ដោយ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង នៅ​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៧ បានធ្វើ​ពិធី​អបអរសាទរ​ការសម្រេច​របស់​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ​ដែល​បាន​ចុះបញ្ជី​តំបន់​​ប្រាសាទសំបូរព្រៃគុក​» ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។​

​ពិធី​អបអរ​នេះ​ធ្វើឡើង​តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​ដែល​បាន​ណែនាំ​ដល់​មន្ត្រី​គ្រប់លំដាប់​ថ្នាក់ ព្រះសង្ឃ​និង​ប្រជាពលរដ្ឋ​ទាំងអស់​រួមគ្នា​រៀបចំ​ពិធី អបអរសាទរ បន្ទាប់ពី ប្រាសាទសំបូរព្រៃគុក ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេ​តិ​​ក​ភណ្ឌ​ពិភពលោក​ដោយ​វាយគង ទូងស្គរ ទះ​ប៉ោត និង​គោះ​ត្រដោក​នៅតាម ទីសាធារណៈ​សំខាន់ៗ ចាប់ពី​ក្នុង​ក្រសួង រហូតដល់​តាម​ភូមិ នៅវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៧​នេះ​។​

​សារលិខិត​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​ខ្ញុំ​សូម​ណែនាំ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន នៃ​រាជរដ្ឋាភិបាល នៅ​ថ្នាក់ជាតិ និង​គ្រប់​ស្ថាប័ន​នៅ​ថ្នាក់ក្រោម​ជាតិ រួមមាន​៖ គ្រប់​រាជធានី​-​ខេត្ត​គ្រប់​មន្ទីរជំនាញ​រាជធានី​-​ខេត្ត គ្រប់​ក្រុង​-​ស្រុក​-​ខ័​ណ្ឌ និង​គ្រប់​ឃុំ​-​សង្កាត់ ព្រមទាំង​សូម​អំពាវនាវ ដល់​ជនរួមជាតិ​កម្ពុជា​គ្រប់រូប ដោយ​មិន​ប្រកាន់​អាយុ​ស្រទាប់​​វណ្ណៈ ពណ៌​សម្បុរ មុខរបរ និង​ឋានៈ​សង្គម រួមគ្នា​ធ្វើការ​វាយគង ទូងស្គរ ទះ​ប៉ោត និង​គោះ​ត្រដោក​តាម​គ្រប់​មធ្យោបាយ​ដែល​ខ្លួន​មាននៅ​ម៉ោង​១០​ព្រឹក នា​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៧ នៅ​គ្រប់​ទីកន្លែង​សាធារណៈ​សំខាន់ៗ រួមមាន​ទីស្តីការក្រសួង​-​ស្ថាប័ន និង​អង្គភាព​គ្រប់​សាលា​រាជធានី​ខេត្ត គ្រប់​សាលាក្រុង​-​ស្រុក​-​ខ័​ណ្ឌ គ្រប់​សាលាឃុំ​-​សង្កាត់ គ្រប់​វត្ត​អារាម និង​សាលា​បុណ្យ ព្រមទាំង​គ្រប់​ទីប្រជុំ​សហគមន៍​នៅតាម​ភូមិ​ឲ្យ​បាន​កុះករ ខ្ញៀវខ្ញារ ប្រកបដោយ​ទឹកចិត្ត​មោទនៈ និង​សប្បាយរីករាយ​ចំពោះ ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​”​។​

​សូមបញ្ជាក់ថា ការសម្រេច​បញ្ចូល “​ប្រាសាទសំបូរព្រៃគុក​” ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​៤១ នៃ​គណៈកម្មាការ​បេតិកភណ្ឌ ពិភពលោក ដែល​ប្រារព្ធ​ឡើង​នៅ​ពីថ្ងៃ​ទី​០២-១២ ខែកក្កដា ឆ្នាំ​២០១៧ ដែលមាន​១៩៣ ប្រទេស​ជា​សមាជិក និង​២១​ប្រទេស ជា​គណៈកម្មាធិការ​អចិន្ត្រៃយ៍ បានសម្រេច អនុម័ត​បញ្ចូល «​ប្រាសាទសំបូរព្រៃគុក​» ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នា​វេលា​ម៉ោង​៩៖៤០​នាទី (​ម៉ោង​នៅ​កម្ពុជា​) យប់​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ទីក្រុង Krakow ប្រទេស​ប៉ូឡូញ​៕ ​ដោយ ៖វាសនា