មន្ត្រី​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ​ពីរ​នាក់ បើករថយន្ត​បុក​ស្ត្រី​ម្នាក់ រួច​ចុះមក​ទាត់​ធាក់​បន្ថែម ត្រូវ​បញ្ជូនមក​តុលាការ

2004

(​ភ្នំពេញ​)៖ មន្ត្រី​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ​ចំនួន​ពីរ​នាក់ ដែល​បើក​រថយន្តបុក​ស្ត្រី​ម្នាក់ ហើយ​ខឹង​ស្ត្រី​រងគ្រោះ​ជេរ​បន្តិចបន្តួច ក៏​បើករថយន្ត​មក​តាម ហើយ​ចុះមក​លោត​ធាក់ រហូត​ដួល​ម៉ូតូ​រងរបួស​បា ន​ត្រូវ​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ កសាង​សំណុំរឿង​បញ្ជូនមក​តុលាការ នៅ​រសៀល​ថ្ងៃទី​២៦​ខែធ្នូ ដើម្បី​ចាត់ការ​តាមច្បាប់​។​

​មន្ត្រី​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ​ពីរ​នាក់​នេះ ឈ្មោះ ស៊ុំ សុវណ្ណ​រិ​ទ្ធ អាយុ​៣០​ឆ្នាំ និង​ឈ្មោះ​ស៊ុំ​សត្យា​ពណ្ណរាយ អាយុ​២៦​ឆ្នាំ ជា​បងប្អូន​បង្កើត​មាន​ទីលំនៅ​ផ្ទះ​លេខ​៥​អេ​ហ្វ ផ្លូវ​២០០៨ ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន​កម្លាំង​នគរបាល​តាម​ចាប់ខ្លួន នៅ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៧​នេះ​ក្រោយ​ស្ត្រី​រងគ្រោះ​ដាក់ពាក្យ​ប្តឹង បន្ទាប់ពី​កើតហេតុ​ភ្លាមៗ​។​

​ស្ត្រី​រងគ្រោះ​ឈ្មោះ ឆែ សុផល អាយុ​ជាង​២០​ឆ្នាំ បាន​និយាយថា មុនពេល​កើតហេតុ នាង​កំពុងបើក​ម៉ូតូ​ចេញពី​កន្លែងធ្វើការ​នៅ​ទួលគោក​។ លុះ​មកដល់​ផ្លូវ​២០០៤ ត្រង់​ស្ថានីយ​ប្រេង​តូ​តា​ល់ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ស្រាប់តែ​ជនសង្ស័យ​ទាំង​២​នាក់ បើករថយន្ត​ម៉ាក​កូរ៉ូឡា អេស ពណ៌​កណ្តុរ​ប្រមេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-4653 មក​បុក​នាង​ពីក្រោយ​។ បន្ទាប់មក នាង​ក៏​លាន់មាត់​ជេរ​បន្តិចបន្តួច ហើយ​បន្តដំណើរ​មក​មុខ​ស្រាប់តែ​ពួកគេ​ទាំង​២​នាក់ បើករថយន្ត​តាម​ទាន់​នៅ​ចំណុច​ស្តុ​ប​វត្ត​អង្គ​តា​ម៉ិ​ញ ក៏​បើកទ្វារ​ចុះមក​ទាត់​ធាក់​បណ្តាល​ឲ្យ​ដួល​រង​បួស​តែម្តង​។​

​នៅ​ថ្ងៃទី​២៥​ខែធ្នូ​មន្ត្រី​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ​ពីរ​នាក់​នេះ បាន​សរសេរ​លិខិត​សុំទោស និង​សំណង​ចំនួន​៦៥០០​ដុល្លារ​ដល់​នារី​រងគ្រោះ ជា​ថ្នូរ​នឹង​ការដក​ពាក្យបណ្តឹង​។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ក៏​សមត្ថកិច្ច​នៅ​កសាង​សំណុំរឿង និង​ជនសង្ស័យ​ពីរ​នាក់​នេះ​មក​តុលាការ​ដដែល ព្រោះ​នៅជាប់​បណ្តឹងអាជ្ញា​៕L ដោយៈ ស​រិ​ទ្ធ​