មន្ត្រី​សាលាខេត្ត​សៀមរាប បង្ហាញថា សំរាម​នៅជាប​ញ្ហា​ក្នុង​ក្រុង​សៀមរាប​

405
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: អាជ្ញាធរ​ខេត្តសៀមរាប​បាន​ចាត់​ឲ្យ​មន្ត្រី​ជំនាញ ចុះ​សិក្សា​អំពី​ទីតាំង​ចាក់សំរាម​ថ្មី​ហើយ​។​នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​សាលាខេត្ត​សៀមរាប កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ថា បន្ទាប់ពី​មានការ​រិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ អំពី​ករណី​ទឹកស្អុយ​ហូរ​ចេញពី​រថយន្ត​ដឹក​សំរាម​មកលើ​ផ្លូវ បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ និង​ករណី​ទីតាំង​ញែក​សំរាម ដែល​បង្ក​ឲ្យ​មាន​ក្លិនស្អុយ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ​ខាង​នោះ​។​

​មន្ត្រី​សាលាខេត្ត​សៀមរាប​បានបញ្ជាក់​ថា អាជ្ញាធរ​ខេត្តសៀមរាប តែងតែបាន​ហៅ​ក្រុមហ៊ុន​មក​ធ្វើការ​ណែនាំ​បន្ថែម អំពី​ការដឹកជញ្ជូន​សំរាម​មិន​ឲ្យ​ធ្លាក់​រាយប៉ាយ និង​ស្រក់​ទឹក ព្រមទាំង​ការបើកបរ​ដោយ​ការយកចិត្តទុកដាក់ គោរព​ច្បាប់​ចរាចរ ជៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ ពិសេស​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម ដោះស្រាយ​នូវ​បញ្ហា​សេវា​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​។​
​មន្ត្រី​សាលាខេត្ត​សៀមរាប បាន​បន្តថា រដ្ឋបាលខេត្ត និង​រដ្ឋបាល​ក្រុង ក្នុងនាម​ភាគី​អនុវត្ត​កិច្ចសន្យា បាន​ពិនិត្យ​ទៅលើ​ការអនុវត្ត​កិច្ចសន្យា​របស់​ក្រុមហ៊ុន ទាំង​សេវា​ប្រមូល​សំរាម​មិន​ឲ្យ​មានការ​យឺតយូរ​ឬ​អាក់ខាន ការដឹកជញ្ជូន​ដោយ​បញ្ចៀស​ការហូរ​ទឹក ឬ​ធ្លាក់​សំរាម​រាយប៉ាយ និង​ការញែក​សំរាម​ជាដើម​។​

​មន្ត្រី​មានប្រសាសន៍​ទៀតថា បច្ចុប្បន្ននេះ អាជ្ញាធរខេត្ត​បាន​នឹង​កំពុង​យកចិត្តទុកដាក់​ខ្ពស់ និង​ជា​ការងារ​អាទិភាព ពិសេស​ការស្វែងរក​ទីតាំង​ចាក់​រណ្តៅ​ថ្មី តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជាមួយ KOICA ដែល​បាន​សិក្សា​គម្រោង​រួចរាល់​ហើយ ចំណែក​ជាមួយ​ធនាគារពិភពលោក គឺ​ខេត្ត​កំពុង​ចាត់​មន្ត្រី​ចុះ​សិក្សា​យ៉ាងយូរ​រយៈពេល ៦​ខែ ហើយ​ការសិក្សា​ក្រោយនេះ នឹង​ស្វែងរក​ទីតាំង​ចាក់សំរាម ដែល​កាត់បន្ថយ​ផលប៉ះពាល់​ជា​អតិបរមា និង​ការប្រើប្រាស់​បច្ចេកទេស​ក្នុងការ​កែច្នៃ​សំរាម ទៅជា​ថាមពល និង​ជីសរីរាង្គ​ជាដើម​។

​មន្ត្រី​មានប្រសាសន៍​បន្ថែមទៀត​ថា អាជ្ញាធរ​ខេត្តសៀមរាប ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ការចូលរួម​ផ្តល់ព័ត៌មានរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ និង​សំណូមពរ​ឲ្យ​បងប្អូន​ចូលរួម​ផ្តល់ព័ត៌មាន​មក​រដ្ឋបាល​ខេត្ត ឬ​រដ្ឋបាល​ក្រុង ស្រុក ឬ​អាជ្ញាធរ​មូលដ្ឋាន​ដោយផ្ទាល់ និង​ឲ្យ​បាន​ឆាប់ ដើម្បី​មាន​វិធាន​ដោះស្រាយ ដែលជា​ផ្នែក​មួយ​យ៉ាងសកម្ម​មិនអាច​ខ្វះ​បាន​សម្រាប់​ការចូលរួម​អភិវឌ្ឍន៍​ខេត្ត ដែលជា​ប៉ូល​ទេសចរណ៍​ដ៏​សំខាន់​មួយ​នេះ ៕ ល​