មន្ត្រី​សុខាភិបាលៈ ចូរ​ឈប់​ក្អក​ឬ​កណ្តាស់​ដាក់​បាទដៃ ត្រូវ​ក្អក​ឬ​កណ្តាស់​ដាក់​ដើមដៃ​

1191
ចែករម្លែក

​ដោយៈ មេសា​/​ភ្នំពេញៈ កន្លងមក​នៅពេល​ក្អក ឬ កណ្តាស់ មាន​អ្នកខ្លះ​ក្អក ឬ កណ្តាស់​ដោយ​គ្មាន​យក​អ្វី​ខ្ទប់មាត់​ឡើយ ហើយ​អ្នកខ្លះ​ក្អក​ដាក់​បាទដៃ ឬ ក្អក​ដោយ​យក​បាទដៃ​ខ្ទប់មាត់ ។ ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង នៃ ក្រសួងសុខាភិបាល បាន​លើកឡើងថា ការ​ក្អក ឬ កណ្តា​ស់ទាំង ២ ប្រភេទ​នេះ គឺជា​ឥរិយាបថ​ខុសឆ្គង ដែល​គប្បី​ផ្លាស់ប្តូរ​ទម្លាប់ នៃ ការ​ក្អក​នេះ​ចោល​ចេញ ។

​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ បាន​បញ្ជាក់ថា  នៅពេល​ក្អក ឬ កណ្តាស់ ប្រសិនបើ​មាន​ក្រដាស កន្សែង ក្រមា ឬ ក្រណាត់​អ្វី​ម្យ៉ាង​សម្រាប់​ខ្ទប់មាត់ ក៏​ប្រើ​របស់​ទាំងនោះ​ខ្ទប់មាត់​ទៅ​ចុះ ។ ប៉ុន្តែ​ប្រសិនបើ​គ្មាន​របស់​អ្វី​ម្យ៉ាង​សម្រាប់​ខ្ទប់មាត់​ទេ សូមកុំ​យក​បាទដៃ​ទៅ​ខ្ទប់មាត់ ឬ កុំ​ក្អក​ដាក់​បាទដៃ​ឡើយ ព្រោះ​វា​ងាយ​នឹង​ចម្លង​មេរោគ​ទៅ​អ្នក​ដៃ​ទៃ គឺថា​នៅពេលដែល​ក្អក ឬ កណ្តាស់​ដាក់​បាទដៃ មេរោគ​ក៏​ជាប់​នៅ​នឹង​បាទដៃ ។ ពេល​យើង​ចាប់ដៃ​ជាមួយ​អ្នក មេរោគ ក៏​ឆ្លងទៅ​អ្នកដទៃ  ។

​ការពន្យល់​របស់លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ បែបនេះ​ដោយសារ​បារម្ភ​ថា នៅក្នុង​រដូវវស្សា​ឆ្នាំនេះ ត្រូវបាន​រកឃើញថា មាន​ជំងឺ​ក្អក គ្រុនក្តៅ និង ផ្តាសាយ​ជាច្រើន​ប្រភេទ ។ ជំងឺ​ទាំងនោះ អាច​នឹង​ធ្វើឱ្យ​មនុស្ស​ស្លាប់បាត់​បង់ជីវិត​បាន ប្រសិនបើ​ស្វែងរក​ការព្យាបាល​មិនទាន់​ពេលវេលា ឬ ព្យាបាល​ខុស ។​

​លោក​វេជ្ជបណ្ឌិត បន្ថែមថា នៅពេល​មេរោគ​ជាប់​នឹង​បាទដៃ​របស់​យើង ដោយសារ​ការ​ក្អក ឬ កណ្តាស់​ដាក់​បាទដៃ​នោះ កាលណា​យើង​ទៅ​ចាប់​កាន់​របស់របរ​ប្រើប្រាស់​នានា ដោយ​រួមទាំង​បង្កាន់ដៃ​ទ្វារ​ជាដើម​ផង មេរោគ ក៏​ទៅ​ជាប់​នឹង​របស់របរ​ទាំងនោះ ។ លុះ​ពេល​អ្នកដទៃ ចាប់​កាន់​របស់របរ​ទាំងនោះ មេរោគ ក៏​នឹង​ឆ្លងទៅ​អ្នកដទៃ​ជាច្រើន​អ្នក​ផ្សេងទៀត ។ ហេតុនេះ ទើប​ត្រូវតែ​ប្តូរ​វិធី​ក្អក គឺ​ចូរ​កុំ​ក្អក ឬ កណ្តាស់​ដាក់​បាទដៃ ឬ យក​បាទដៃ​ខ្ទប់មាត់​ឡើយ ប៉ុន្តែ​ចូរ ក្អក​ដាក់​ដើមដៃ​ជា​ជំនួស​វិញ ព្រោះ​មេរោគ​ជាប់​នៅ​នឹង​ដើមដៃ ហើយ​យើង​ក៏​មិន​ចាប់ដៃ​អ្នកដទៃ ឬ ចាប់​កាន់​របស់របរ​អ្វី​ដោយ​ដើមដៃ​ដែរ ទើប​មេរោគ ក៏​នឹង​មិនអាច​ឆ្លងទៅ​អ្នកដទៃ​បានដែរ ។​

​ក្អក ឬ កណ្តាស់ គឺជា​សញ្ញា នៃ ជំងឺ​កាចៗ និង ងាយ​ឆ្លង​មួយចំនួន ដូចជា​ជំងឺរបេង និង ជំងឺ​ផ្តាសាយ​គ្រប់​ប្រភេទ​ជាដើម ហើយ​មេរោគ នៃ ជំងឺ​ទាំងនោះ មាននៅ​ក្នុង​ទឹកមាត់ នៃ អ្នកជំងឺ ជាហេតុ​ងាយ​ឆ្លងទៅ​អ្នកដទៃ​តាមរយៈ​ទឹកមាត់​ពេលដែល​អ្នកជំងឺ​ក្អក ។​

​វិធី​បង្ការ​កុំឱ្យ​ឆ្លង​ជំងឺ​ទាំងនេះ គឺ​ត្រូវឱ្យ​អ្នកជំងឺ និង អ្នក​នៅ​ជុំវិញ​អ្នកជំងឺ​ពាក់​ម៉ាស់ នៅ​ឱ្យ​ឆ្ងាយ​ពី​អ្នកជំងឺ​ឆ្ងាយ​ជាង ១ ម៉ែត្រ ឧស្សាហ៍​លាងដៃ​នឹង​សាប៊ូ ឬ ជែ​ល ។ ត្រូវការ​ព័ត៌មាន​បន្ថែម​អាច​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ១១៥ ដោយ​មិន​គិតថ្លៃ​សេវា​ពី​គ្រប់​ប្រព័ន្ធ ៕ Kh


 លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ សូមឱ្យ​ឈប់​ក្អក​ដាក់​បាទដៃ ដោយ​ក្អក​ដាក់​ដើមដៃ​វិញ
ពេល​ក្អក ឬ កណ្តាស់​ត្រូវយក​ក្រណាត់​ខ្ទប់មាត់ ហើយ​ត្រូវ​ពាក់​ម៉ាស់