មន្ត្រី​សុខាភិបាល​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​លើ​ការងារ និង​មាន​ទំនួល​ខុស​ត្រួវ​ខ្ពស់​

1461
ចែករម្លែក

(​កំពត​)៖ ថ្នាក់ដឹកនាំ និង​មន្ត្រី​សុខាភិបាល​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ក្នុង​កិច្ចការងារ​របស់ខ្លួន ឱ្យ​កាន់តែ​ល្អប្រសើរ ពិសេស​ខិតខំ​ប្រឹងប្រែង​បង្កើន​ចំណេះដឹង និង​បទពិសោធន៍​ថ្មីៗ​បន្ថែម ដើម្បី​ឈានទៅដល់​ការសម្រេច​គោលដៅ នៃ​ការអនុវត្ត​ការងារ​នាពេលខាងមុខ​។

​ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​សុខាភិបាល ប្រចាំឆ្នាំ​២០១៧ និង​លើក​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​មន្ទីរ​សុខាភិបាល​ខេត្តកំពត ឯក​ត្ត​ម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​មានប្រសាសន៍ថា គ្រប់​ថ្នាក់ដឹកនាំ​មន្ទីរ​សុខាភិបាល​ខេត្ត មន្ទីរពេទ្យបង្អែក មណ្ឌល​សុខភាព​នានា ព្រមទាំង​លោកគ្រូ​អ្នកគ្រូ និង​បុគ្គលិក​ផ្តល់​សេវា សុខាភិបាល​ទាំងអស់​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ ក្នុងការ​បំពេញការងា​រ​របស់ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ​។ លើសពីនេះ ត្រូវខិតខំ​ប្រឹងប្រែង​បង្កើន​ចំណេះ​ជំនាញ និង​បទពិសោធ​ថ្មីៗ​បន្ថែម ដើម្បី​ឈានទៅ​សម្រេច​គោល​ដល់​ដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០១៨ ក៏ដូចជា​ឆ្នាំ​បន្តបន្ទាប់​ទៀត​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្តថា រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​លើ​វិស័យ​សុខាភិបាល ជាពិសេស​សុខុមាលភាព​ប្រជាពលរដ្ឋ តាមរយៈ​ការបង្កើន​ប្រាក់​បៀរ​វត្សរ៍​ជូន​មន្ត្រីរាជការ​ក្នុង​មួយឆ្នាំ​ពីរដង ការផ្តល់ប្រាក់​បុរេប្រទាន​ដល់​មណ្ឌល​សុខភាព ព្រមទាំង​មន្ទីរពេទ្យបង្អែក ការអនុវត្ត​អង្គភាព​ថវិកា ការអនុវត្ត​គម្រោង​លើកទឹកចិត្ត​មួយចំនួន ដូចជា ការផ្តល់ប្រាក់​លាភការ បន្ថែម​ប្រាក់ឧបត្ថម្ភ​ឆ្មប​បង្កើតកូន មូលនិធិ​សមធម៌​សុខាភិបាល​ក្នុង​បំណង​បង្កើន​គុណភាព ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​។ សកម្មភាព​ទាំងនេះ ដើម្បីឱ្យ​ពលរដ្ឋ​មានលទ្ធភាព​ចូលមក​ប្រើប្រាស់​សេវា​សុខាភិបាល​សាធារណៈ ប្រកបដោយ​សមធម៌​ឈានទៅ​កាត់បន្ថយ​អត្រា​ឈឺ ស្លាប់​របស់​មាតា ទារក និង​កុមារ​។ ទាំងនេះ​ក៏​ជា​បញ្ហា​មួយ​ក្នុងការ​កាត់បន្ថយ​អត្រា​ឈឺ និង​ស្លាប់​ដោយ​ជំងឺឆ្លង បន្ថយ​បន្ទុក​ជំងឺមិនឆ្លង ព្រមទាំង​គិតគូរ​អំពី​សុខភាព​សាធារណៈ​ផ្សេងៗ​ទៀត ដែលជា​ការចូលរួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ឱ្យ​រីកចម្រើន​ដូច​បណ្តា​ប្រទេស​ជឿនលឿន លើ​ពិភពលោក​។​

ឯកឧត្តម ម៉ម ប៊ុនហេង បាន​រំលឹក​បញ្ជាក់ថា គ្រប់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ចាប់ពី​មន្ទីរ​រហូតដល់​មណ្ឌល​សុខភាព​ត្រូវ​ធ្វើជា​គំរូ ដោយ​រួមសហការ​ឱ្យបាន​ល្អ​ក្នុងការ​បំពេញភារកិច្ច ទាំង​ការងារ​ផ្ទៃក្នុង និង​ការងារ​ផ្តល់​សេវា​សុខាភិបាល​ខាងក្រៅ​។ ពិសេស​ត្រូវមាន​ទំនួល​ខុសត្រូវ​រួម​ចំពោះមុខ​ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ​។

​ជា​មតិ​ស្វាគមន៍​សម្រាប់​ពិធី​នេះ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​មានប្រសាសន៍ថា វិស័យ​សុខាភិបាល​កំពុងមាន​មោទនភាព​ខ្ពស់ ដោយ​កម្ពុជា​សម្រេចបាន​ជោគជ័យ​ក្នុង​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស​ជុំវិញ ការកាត់បន្ថយ​មរណ​ភាព​មាតា ទារក និង​កុមា ព្រមទាំង​កែលម្អ​នូវ​ស្ថានភាព​កង្វះ​អាហារ រូប​ត្ថ​ម​របស់​ស្ត្រី​និង​កុមារ កាត់បន្ថយ​ការចម្លង​មេរោគ​អេដស៍​ថ្មី ការឈឺ និង​ស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់ គ្រុនឈាម​។ ដោយឡែក​ជំងឺរបេង​ក៏បាន​ថយចុះ​ជា​អតិបរមា និង​បាន​បង្កើន​ការបង្ការ​ហានិភ័យ​ហិរញ្ញវត្ថុ​ផ្នែក​សុខាភិបាល​ដល់ក​ម្មករ កម្មការិនី កីឡាករ អ្នកធាក់ស៊ីក្លូ មន្ត្រី​សាធារណៈ អតីតមន្ត្រី​រាជការ អតីតយុទ្ធជន ប្រជាពលរដ្ឋ​ក្រីក្រ ព្រមទាំង​ជន​ងាយ​រងគ្រោះ​តាមរយៈ​ការផ្តល់​មូលនិធិ​សមធម៌ និង​ការ​គាំពារ​របប​សន្តិសុខ​សង្គម​ទូទាំងប្រទេស​។​

​ឯកឧត្តម​អភិបាលខេត្ត​បាន​បញ្ជាក់ថា សម្រាប់​ខេត្តកំពត វិស័យ សុខាភិបាល​មាន​លក្ខណៈ​ល្អប្រសើរ ដោយ​មន្ត្រី​សុខាភិបាល​គ្រប់​ជាន់ថ្នាក់​ចេះ​ប្រើ​ភាពឈ្លាសវៃ និង​មានការ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​អនុវត្ត​ការងារ​រហូត​សម្រេចបាន​លទ្ធផល​ល្អ​គ្រប់ផ្នែក​។

សូមបញ្ជាក់ថា តាម​របាយការណ៍​រប​ស់លោក​វេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពត​បានឱ្យដឹងថា ប្រជាពលរដ្ឋ​ខេត្តកំពត​មាន​ទំនុកចិត្ត​កាន់តែច្រើន និង​បានមក​ទទួលយក​សេវា​សុខាភិបាល​របស់​រដ្ឋ​កើន​ឡើងជា​លំដាប់​គ្រប់ផ្នែក ទាំង​សុខភាព​មាតា ទារក និង​កុមារ ពិសេស​ផ្នែក​ប្រយុទ្ធប្រឆាំង នឹង​ជំងឺឆ្លង​ផ្សេងៗ​៕L ដោយ​៖ បូកគោ​

#