មន្ត្រី​សុខាភិបាល​ថៃ​និយាយថា ក្មេងៗ​ទាំង​១២​នាក់​និង​គ្រូបង្វឹក​មាន​សុខ​ភាពល្អ ដោយសារ​ពួកគេ​មើលថែ​ខ្លួនឯង​យ៉ាង​ល្អ​ពេល​ជាប់​ក្នុង​ល្អាង​

903
ចែករម្លែក

​មន្ត្រី​សុខាភិបាល​ថៃ​ម្នា​ក់បាន​និយាយថា ក្មេងប្រុស​ទាំង ១២ នាក់ ដែល​គេ​ជួយសង្គ្រោះ​ពី​ល្អាង​លិច​ទឹក បាន​ស្រក​ទម្ងន់​យ៉ាងច្រើន​អំឡុងពេល​រងទុក្ខវេទនា ២ សប្តាហ៍ ប៉ុន្តែ​មានទឹក​ផឹក ខណៈដែល​ពួកគេ​កំពុង​ជាប់​ក្នុង​ល្អាង និង​ឥឡូវ​មាន​សុខ​ភាពល្អ​គ្រប់គ្នា​។​

​លោក ថោង​ចៃ ឡឺត​វី​ឡៃ​រតនា​ពង់ មន្ត្រី​អធិការកិច្ច​សុខភាព​សាធារណៈ​បាន​និយាយថា មិត្ត​រួម​ក្រុមកីឡា​បាល់ទាត់​និង​គ្រូបង្វឹក​របស់​ពួកគេ ដែល​គេ​ជួយសង្គ្រោះ​អំឡុង​រយៈពេល ៣ ថ្ងៃ “​បាន​មើលថែ​ខ្លួន​ពួកគេ​យ៉ាង​ល្អ​នៅក្នុង​ល្អាង​”​។​

​មន្ត្រី​រូបនេះ​បាន​និយាយថា​សមាជិក​ម្នាក់​ក្នុងចំណោម​ក្មេង​ចុងក្រោយ​ទាំង​៤​នាក់​និង​គ្រូបង្វឹក​ម្នាក់​ដែល​បាន​មកដល់​មន្ទីរពេទ្យ​កាលពី​យប់​ថ្ងៃ​អង្គារ​ទី​១០​កក្កដា បាន​ឆ្លង​មេរោគ​សួត​បន្តិចបន្តួច​។​

​ក្មេង ២ ក្រុម​ដំបូង​ក៏​ឆ្លង​មេរោគ​សួត​ដែរ ហើយ​ពួកគេ​ត្រូវការ​ថ្នាំពេទ្យ​ព្យាបាល​រយៈពេល ៧ ថ្ងៃ​។​

​ក្រុម​អ្នក​មុជទឹក​បាន​យក​ក្មេងៗ​ទាំងនេះ​ចេញពី​ល្អាង​ក្នុង​បេសកកម្ម​ពោរពេញ​ដោយ​ហានិភ័យ​ខ្ពស់​នៅតាម​ផ្លូវ​លិច​ទឹកជា​ច្រើន​គន្លាក់​។ ក្រុម​នេះ​បាន​ចូលក្នុង​ល្អាង​ភ្នំ​កាលពី​ថ្ងៃទី ២៣ មិថុនា ប៉ុន្តែ​ទឹកជំនន់​បាន​កាត់ផ្តាច់​ច្រកចេញ​៕ ដោយ៖ កញ្ញាដាលីស