មន្ត្រី​សុខាភិបាល បន្ត​កម្ចាត់​ជម្រក​មូស​ខ្លា​ក្នុងភូមិ​សាស្ត្រ​ខេត្តកោះកុង​

541
ចែករម្លែក

​ដោយ​: សុ​ផានី​តា​
​កោះកុង​:
ខណៈ​អត្រា​មនុស្ស​វ័យ​ចំណាស់ និង​កុមារ ញាំញី​ខ្លាំង​ដោយ​ជំងឺគ្រុនឈាម​នា​ដើមរដូវ​វស្សា​នេះ មន្ទីរ​សុខាភិបាល និង​អាជ្ញាធរ​រដ្ឋបាល​ពាក់ព័ន្ធ នៅ​បន្ត​កម្ចាត់​ជ​ម្រាក​សត្វ​មូស​ខ្លា និង​ដង្កូវទឹក​តាម​ខ្នង​ផ្ទះ​ពលរដ្ឋ​ក្នុងភូមិ​សាស្ត្រ​ខេត្តកោះកុង​ជា​បន្តបន្ទាប់ ដើម្បី​ការពារ​អាយុជីវិត​ពល​រដ្ឋ​។​

​គ្មាន​ទេការ​ប្រ​ងើយ​កន្តើយ​នឹង​ផ្ទុះឡើង នៃ​ជំងឺគ្រុនឈាម​នា​រដូវវស្សា​ឆ្នាំ​២០១៩​នេះ ដោយ​មន្ត្រី​មន្ទីរ​សុខាភិបាល សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រុក និង​យុវជន​ស្ម័គ្រចិត្ត​នៅ​បន្ត​ចុះ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ អប់រំ​យល់ដឹង​ពី​វិធី​ការពារ​ទប់ស្កាត់​ការឆ្លង​ជម្ងឺគ្រុនឈាម និង​គ្រុនចាញ់​។​

​លោក ទៅ ម៉ឹង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ក្នុង​យុទ្ធនា​ការអប់រំ និង​សម្លាប់​ជម្រក​មូស​ខ្លា ក្នុង​ក្រុង​ខេមរភូមិន្ទ ថា មន្ត្រី​របស់លោក​បានកា​ល​វិភាគ​ចុះ​យុទ្ធនាការ​បាញ់ថ្នាំ​មូស​ខ្លា​ញី និង​ដាក់​ថ្នាំ​សម្លាប់​ដង្កូវទឹក​ជូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​ស្រុកស្រែ​អំបិល ស្រុក​កោះកុង ស្រុក​ថ្មបាំង និង​ក្រុង​ខេមរភូមិន្ទ ក្នុង​គោល បំនង​ការពារ​អាយុជីវិត​ពល​រដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី មិនអោយ​កើត​ជម្ងឺគ្រុនឈាម​។​

​ប្រធាន​មន្ទីរ​សុខាភិបាល សង្កត់ធ្ងន់​ដែរ​ថា ទន្ទឹមនឹង​ការយកចិត្តទុកដាក់​ធ្វើ​យុទ្ធនាការ​កម្ចាត់​ជ​ម្រាក សត្វ​មូស​ខ្លា ក៏​ចាំបាច់​ត្រូវមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ផងដែរ ដោយ​ចេះ​សម្អាត​ធ្វើ​អនាម័យ​បរិស្ថាន​ជុំវិញ​ផ្ទះសម្បែង គេង​ត្រូវដាក់​មុង​ឱ្យបាន​ត្រឹមត្រូវ សម្លៀក​ពាក់​ខោអាវ​វែងៗ ប្រសិនបើ​មានការ​សង្ស័យថា កើត​ជម្ងឺគ្រុនឈាម គឺ​ប្រញាប់​រួសរាន់​បញ្ជូន​អ្នក​ជម្ងឺ​មកកាន់​មន្ទីរពេទ្យ​ដែល​នៅ​ជិត​លំនៅដ្ឋាន​ជាបន្ទាន់​។​

​គួរ​កត់សម្គាល់ថា ស្ថានភាព​ជម្ងឺគ្រុនឈាម​នៅ​កោះកុង នៅតែ​ជាស​ញ្ញា ព្រួយបារម្ភ របស់​ក្រុម មន្ត្រី សុខាភិបាល មិន​ខុសពី​បណ្តា​ខេត្ត​ផ្សេងទៀត​ទេ​។ ហើយ​យ៉ាងហោចណាស់ ក្នុង​១ សប្តាហ៍ មន្ត្រី​សុខាភិបាល​រកឃើញ​អ្នកមាន​ជម្ងឺគ្រុនឈាម​៣០​ករណី​ដែរ​។ តាំងពី​ដើមឆ្នាំ​២០១៩​មកទល់​ខែមិថុនា នេះ ពលរដ្ឋ​ក្មេង​ចាស់​ជាង​៣២៦​នាក់​ដែល​បានកើត​ជម្ងឺគ្រុនឈាម ក្នុងចំណោម​នោះ មាន​កុមារ​ម្នាក់​បាន​ស្លាប់ ពីព្រោះ​តែ​ប​ញ្ចូ​ន​មក​ព្យាបាល​មិនទាន់​ពេលវេលា​។​

​លោក​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធាន​មន្ទីរ​សុខាភិបាល ក៏​ព្រមាន អ្នកផ្តល់​សេវា​ព្យាបាល​ឯកជន​ដែល បើសិន​នៅតែ​រឹងទទឹង​ជម្នះ​ពិនិត្យ និង​ព្យាបាល​អ្នក​ជម្ងឺគ្រុនឈាម បណ្តា​ឱ្យ​អ្នក​ជម្ងឺ​ស្លាប់​នោះ គឺ​នឹង​ប្រឈម​កសាង​សំណុំរឿង​ទៅ​តុលាការ និង​បិទ​អាជីវកម្ម​តែម្តង​។​

​កាលដែល​ព្រមាន​យ៉ាង​ដូច្នេះ ក៏​ព្រោះតែ​សេវា​ព្យាបាល​ឯកជន​មួយចំនួន​ពុំមាន​ជំនាញ​តាមដាន ពិនិត្យ និង​ព្យាបាល​អ្នក​ជម្ងឺ​បានច្បាស់លាស់​នោះទេ​។ នៅពេល​ស្ថានភាព​អ្នក​ជម្ងឺ​កាន់តែ​ធ្ងន់ធ្ងរ​ព្យា បាល​មិនបាន ទើប​ជំរុញ​ឱ្យ​អាណាព្យាបាល​បញ្ជូនមក​ម​ន្ទីរ​ពេទ្យ​បង្អែក ពោលគឺ​វា​ហួសពេល​ហើយ​។​

​ដោយឡែក​លោក​វេជ្ជបណ្ឌិត ហៃ ឡៃ​សុន ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង វិញ ក៏​ធ្លាប់បាន​ពន្យល់ថា ក្រុមគ្រូពេទ្យ​សេវា​សុខាភិបាល​ឯកជន ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ពិនិត្យ​ធ្វើ​រោគវិនិឆ្ឆ័យ​ពី​សញ្ញា​គ្រោះថ្នាក់ ករណី​បើ​ដឹងថា អ្នក​ជម្ងឺ​កើត​ជម្ងឺគ្រុនឈាម​ហើយ​នោះ គឺ​ត្រូវ​ប​ញ្ចូ​ន​អ្នក​ជម្ងឺ​មកកាន់​មន្ទីរពេទ្យ​ភ្លាមៗ ជៀសវាង​យឺត​ពេល​លំបាក​ព្យាបាល​។ ហើយ​អោយតែ​ជម្ងឺគ្រុនឈាម​អោយ​មិនមាន​ទៅ​ទទួល​សេវា​ព្យាបាល​នៅ​ឯកជន​ទេ​។

​សព្វថ្ងៃនេះ ខេត្តកោះកុង មាន​គ្លី​និ​ច​សេវា​ព្យាបាល​ជម្ងឺ​ទូទៅ​របស់​ឯកជន​ចំនួន​៨០​ទីតាំង ដែល​បាន​ចុះបញ្ជី​ការត្រឹមត្រូវ​ក្នុង​មន្ទីរ​សុខាភិបាល​ខេត្ត​។ មន្ទីរ​សុខាភិបាល​គ្រោង​ស្នើសុំ​ថ្នាំ​សម្លាប់​ដង្កូវទឹក​ជាង​៤​តោន​ទៀត​ពី​ក្រសួង ដើម្បីឱ្យ​យុទ្ធនាការ​លុបបំបាត់​ជម្ងឺគ្រុនឈាម និង​គ្រុនចាញ់​មាន​ប្រសិទ្ធិភាព​៕ ល​