មន្ត្រី​អង្គការសហប្រជាជាតិ​ព្រមាន​ពី​ភាពអត់ឃ្លាន​ធំ​បំផុត​នៅលើ​ពិភពលោក​នៅ​ប្រទេស​យេ​ម៉ែន​

387

​មន្ត្រីជាន់ខ្ពស់​ម្នាក់​រប​ស់​អង្គការ​សហ​ប្រ​ហ​ជា​ជាតិ​បាន​ព្រមាន​ថា យេ​ម៉ែន​ប្រឈមមុខ​នឹង​គ្រោះ​ទុរ្ភិក្ស​ធំ​បំផុត​នៅលើ​ពិភពលោក​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ ដោយ “​មាន​ជនរងគ្រោះ​រាប់លាន​នាក់​” ប្រសិនបើ​ការ​ផ្តល់ជំនួយ​មិនត្រូវ​បាន​បន្ត​ឡើងវិញ​នោះ​។​

​លោក ម៉ាក ឡូ​វ​ខុ​ក អគ្គលេខាធិការរង​នៃ​អង្គការសហប្រជាជាតិ​សម្រាប់​កិច្ចការ​មនុស្សធម៌​បាន​ជំរុញ​ក្រុមចម្រុះ​ដែល​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​ឱ្យ​បញ្ឈប់​ការហ៊ុមព័ទ្ធ​ប្រទេស​ដែល​ខ្ទេចខ្ទាំ​ដោយ​ជម្លោះ​នេះ​។​

​កាលពី​ថ្ងៃ​ចន្ទ ក្រុមចម្រុះ​នេះ​បាន​បិទ​ផ្លូវទឹក ផ្លូវគោក និង ផ្លូវអាកាស ទៅកាន់​ប្រទេស​យេ​ម៉ែន បន្ទាប់ពី​ពួក​ឧទ្ទាម​ហ៊ូ​ធី (Houthi) បាន​បាញ់​មី​ស៊ី​ល​មួយ​គ្រាប់​ទៅលើ​ទីក្រុង​រី​យ៉ា​ដ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ។ គ្រាប់​មី​ស៊ី​ល​ផ្លោង​នេះ ត្រូវបាន​ស្ទាក់​បាញ់​កម្ទេច​នៅ​ជិត​ទីក្រុង​នេះ​។​

​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​និយាយថា ការហ៊ុមព័ទ្ធ​នេះ គឺជា​ការចាំបាច់​ដើម្បី​បញ្ឈប់​អ៊ីរ៉ង់​ពី​ការបញ្ជូន​គ្រឿង​សព្វាវុធ​ទៅ​ក្រុម​ឧទ្ទាម​នេះ​។ ប៉ុន្តែ​អ៊ីរ៉ង់​បាន​បដិសេធថា​មិនបាន​ផ្តល់​អាវុធ​ទៅឱ្យ​ក្រុម​ឧទ្ទាម​នេះ​ទេ​។​

​លោក ម៉ាក ឡូ​វ​ខុ​ក បាន​និយាយប្រាប់​ក្រុម​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ថា “​ខ្ញុំ​បាន​និយាយប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ថា ប្រសិនបើ​ចំណាត់ការ​(​ការហ៊ុមព័ទ្ធ​)​នេះ មិន​ត្រូវបាន​បញ្ឈប់​នោះទេ​…​នឹងមាន​ទុរ្ភិក្ស​នៅ​ប្រទេស​យេ​ម៉ែន​។ វា​នឹង​ក្លាយជា​គ្រោះ​ទុរ្ភិក្ស​ធំ​បំផុត ដែល​ពិភពលោក​មិន​ធ្លាប់បាន​ជួបប្រទះ​ពីមុនមក​ជាច្រើន​ទសវត្សរ៍​មកនេះ ហើយ​មាន​ជនរងគ្រោះ​រាប់លាន​នាក់​”៕ ដោយ៖ សុខា

កំពង់ផែ “Hodeida” របស់​យ៉េ​ម៉ែន ដែល​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​ហ៊ូ​ធី គឺជា​ច្រកចូល​ដ៏​សំខាន់​សម្រាប់​ជំនួយ​អង្គការសហប្រជាជាតិ