មន្ត្រី​អាមេរិក​និង​ចិន​នឹងធ្វើ​កិច្ចពិភាក្សា​សន្តិសុខ​នៅ​ថ្ងៃ​សុក្រ​

580
ចែករម្លែក

ក្រសួងការពារជាតិអាមេរិក បានប្រកាសថា រដ្ឋមន្រ្តីការពារជាតិអាមេរិកលោកជីម ម៉ាតទីស និងរដ្ឋមន្រ្តីការបរទេស ម៉ៃ ផមផេវ នឹងទទួលជួបសមភាគីចិន នៅក្រុងវ៉ាស៊ីនតោននាថ្ងៃសុក្រទី៩វិច្ឆិកាសំរាប់កិច្ចពិភាក្សាការទូតនិងសន្តិសុខថ្នាក់ខ្ពស់។

សេចក្តីថ្លែងការណ៍បាននិយាយថា ការចរចាការទូតនិងសន្តិសុខអាមេរិក-ចិនលើកទី២ នឹងនាំលោកម៉ាតទីសនិងលោកផមផេវអង្គុយជជែកពិភាក្សាជាមួយមន្រ្តីការបរទេសចិន យ៉ាង ជេជិ និងឧត្តមសេនីយ៍ វេ ហ្វេងហេ។

កិច្ចពិភាក្សានេះជាសញ្ញាចុងក្រោយមួយនៃការវិលមករកភាពប្រក្រតីនៃទំនាក់ទំនងសន្តិសុខរវាងចិននិងអាមេរិកបន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរប្រែជាជូរចត់ភ្លាមៗចំពេលមានភាពតានតឹងអំពីបញ្ហាពាណិជ្ជកម្មនិងសមុទ្រចិនខាងត្បូង។

កាលពីដើមខែតុលា មន្រ្តីក្រសួងការពារជាតិចិនម្នាក់បាននិយាយថាដំណើរទស្សនតាមផែនការរបស់លោកម៉ាតទីសនៅចិន ត្រូវបានលុបចោល ដោយសារតែរដ្ឋាភិបាលក្រុងប៉េកាំងមិនព្រមអោយលោកវេជួប។តែថ្លែងក្នុងសន្និសីទសន្តិសុខមួយនៅមជ្ឈិមបូព៌ាកាលពីសប្តាហ៍មុន លោកម៉ាតទីសបាននិយាយថា សមភាគីចិនលោកហ្វេងហេ នឹងធ្វើដំណើរទៅក្រុងវ៉ាស៊ីនតោននិងថា«ការប្រកួតប្រជែងយុទ្ធសាស្រ្តមិននាំមកអារិភាពទេ»៕ដោយ៖វាសនា

រដ្ឋមន្រ្តីការពារជាតិអាមេរិក ជីម ម៉ាតទីស និងសមភាគីចិន ឧត្តមសេនីយ៍ វេ ហ្វេងហេ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ម៉ាតទីសនៅក្រុងប៉េកាំងកាលពីខែមិថុនាឆ្នាំ២០១៨