មន្ត្រី​អាវុធហត្ថ ផ្ទុះអាវុធ​១០​គ្រាប់​ត្រូវ​ប្រជា​ការពារ​ម្នាក់​របួសធ្ងន់ ខណៈកំពុង​បង្ក្រាប​ក្រុម​ក្មេង​ទំនើង វាយតប់​គ្នា​

602
ចែករម្លែក

ដោយ : ​ចាន់តូ​/​ភ្នំពេញ ​៖ កម្លាំង​ល្បាត​ប៉ុស្តិ៍នគរបាល​ទួល​សង្កែ​ទី​២ សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​សង្កា​ត​ឫស្សីកែវ បានចេញ​ល្បាតពួនស្ទាក់​តាម​ភូមិសាស្ត្រ​នានា​ក្នុង​មូលដ្ឋាន បាន​ប្រទះឃើញ​ក្រុម​ក្មេង​ទំនើង​កំពុង​វៃ​កាប់​ចាក់​គ្នា ហើយ​នាំគ្នា​ឡើង​ជិះ​ម៉ូតូ​រត់ ហើយ​សមត្ថកិច្ច​ក៏បាន​ជិះ​ម៉ូតូ​ប្រដេញ​តាម​រហូតមកដល់​ផ្លូវ​បេតុង ម្ដុំ​ផ្ទះល្វែង ក៏បាន​ឃាត់ឲ្យ​ឈប់ ដើម្បី​សុំ​ឆែកឆេរ ស្រាប់​តែមាន​បុរស​ម្នាក់​ស្លៀកពាក់​ស៊ីវិល ប្រដាប់​ដោយ​កាំភ្លើងខ្លី មួយ​ដើម​បាន​ផ្ទុះអាវុធ​១០​គ្រាប់​បន្តបន្ទាប់​គ្នា ផ្អើល​ក្រុម​ក្មេង​ទំនើង​ទាំងនោះ បាន​រត់​ចែក​ជើង​គ្នា​បាត់អស់ និង​បណ្ដាល​ឲ្យ​ប្រជា​ការពារ​ម្នាក់ ត្រូវ​គ្រាប់កាំភ្លើង​ចំ​ជើង​ស្តាំ​រងរបួស​ធ្ងន់​ផងដែរ ទើប​បង្ក​ឲ្យ​មានការ ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ពេញ​ខណ្ឌ​ឬ​ស្សី​កែវ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​សុក្រ ទី​១២ ខែតុលា ឆ្នាំ​២០១៨​នេះ នៅត្រង់ចំណុច​ទល់មុខ​ផ្ទះល្វែង​A4 ស្ថិត​តាមផ្លូវ​បេតុង ភូមិ​គង្គារ​ផុស ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ដែលជា​ខ្មាន់កាំភ្លើង​មានឈ្មោះ ឡាយ អ៊ីង​ឃី​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ស្នាក់នៅ​ជិត​កន្លែងកើតហេតុ​។

​តាម​ប្រភពពី​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទួល​សង្កែ​ទី​២ បានបញ្ជាក់​ប្រាប់ថា​ នៅមុន​ពេល​កើតហេតុ កម្លាំង​ល្បាត​ប៉ុស្តិ៍នគរបាល​ទួល​សង្កែ​ទី​២ សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​សង្កាត់ ឫស្សីកែវ បានចេញ​ល្បាត ពួនស្ទាក់​តាម​ភូមិសាស្ត្រ​នានា ក្នុង​មូល​ដ្ឋា និង​ត្រៀមលក្ខណៈ​អន្តរាគមន៍ បង្ការ បង្ក្រាប​បទល្មើស ចោរលួច ឆក់ ប្លន់ ផ្សេងៗ ដើម្បី​រក្សា​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ ។ ខណៈពេល​ល្បាត​មកដល់​ចំណុច​ជិត​រង្វង់​មូល​កាំ​ខូ​ស៊ី​ធី ក៏បាន​ប្រទះឃើញ​ក្រុម​ក្មេង​ទំនើង កំពុង​វាយតប់​គ្នា គ្រាន់តែ​ឃើញ​សមត្ថកិច្ច​ភ្លាម​ក្រុម​ក្មេង​ទំនើង​មួយក្រុម​ក៏បាន​ឡើង​ជិះ​ម៉ូតូ​(​មិន​ចាំ​ម៉ាក​)​រត់គេចខ្លួន ភ្លាមនោះ​កម្លាំង​បាន​ជិះ​ម៉ូតូ​ប្រដេញ​តាម ចូលទៅ​តាមផ្លូវ​បេតុង​(​គ្មាន​លេខ​) មុខផ្ទះ​ល្វែង​A4 ដែលជា​កន្លែងកើតហេតុ ខាងលើ ស្ថិត​ក្នុងភូមិ​គង្គារ​ផុស សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ ។ កម្លាំង​ក៏បាន​ឃាត់​ម៉ូតូ​ជនសង្ស័យ​បំរុង​និង​ធ្វើការ​ឃាត់​សុំ​ឆែកឆេរ និង​សួរនាំ ស្រាប់តែ​បុរស​ម្នាក់​ស្លៀកពាក់​ស៊ីវិល ហើយ​នៅក្នុង​ដៃ​មាន​កាន់​កាំភ្លើងខ្លី​១​ដើម ម៉ាក Lock ពណ៍​ខ្មៅ បាន​ផ្ទុះអាវុធ​ចំនួន​មួយ​គ្រាប់ ក៏​ផ្អើល​សមត្ថកិច្ច​នគរបាល ប្រាប់​ឲ្យកម្លាំង​ពួន​ក្រាប​រក​កន្លែង​មាន​សុវត្ថិភាព​សិន និង រាយការណ៍​តាម​វិទ្យុទាក់ទង​សុំ​កម្លាំង​ជួយ​អន្តរាគមន៍ បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ។ ក្នុង​ឱកាស​សមត្ថកិច្ច​កំពុង​រក​កន្លែង​សុវត្ថិភាព​ក្រុម​ក្មេង​ទំនើង​ទាំងនោះ បាន​ឡើង​ជិះ​ម៉ូតូ​រត់​ចែក​ជើង​គ្នា​បាត់អស់ ។

​បន្តិចក្រោយមក​ជន​ស៊ីវិល​រូបនោះ ក៏បាន​ផ្ទុះអាវុធ​បន្តទៀត បណ្ដាល​ឲ្យ​ប្រជា​ការពារ​ម្នាក់ ត្រូវ​គ្រាប់កាំភ្លើង​១​គ្រាប់ ចំ​ជើង​ស្តាំ​រងរបួស​ធ្ងន់​ផងដែរ សរុប​ចំនួន​១០​គ្រាប់​បន្តបន្ទាប់​គ្នា រហូតដល់​សល​តែមួយ​គ្រាប់ ទើប​សមត្ថកិច្ច​នគរ​បាល ប្រដាប់​ដោយ​កាំភ្លើង​AK បាន​ស្ទុះ​ចូលទៅ​ភ្ជុង​ជន​ស៊ីវិល​ខ្មាន់កាំភ្លើង​នោះ រួច​ធ្វើ​ការដកហូត​កាំភ្លើងខ្លី​មួយ​ដើម​ខាងលើ យក​រក្សាទុក​ធ្វើជា​វត្ថុតាង រួច​វាយខ្នោះ រងចាំ​កម្លាំង​មក​យកទៅ​សាកសួរ​បន្ត​នៅ​អធិការនគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ។ ចំណែកឯ​ប្រជា​ការពារ​ដែល​ត្រូវ​គ្រាប់កាំភ្លើង​ចំ​ជើង​នោះ ត្រូវបាន​រថយន្ត​គិលានសង្គ្រោះ​គ្លីនិក​ឯកជន រស្មី មក​ដឹក​យកទៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ជួយសង្គ្រោះ​ផងដែរ​។

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​រកឃើញ​សំបក​គ្រាប់ ចំនួន​១០​គ្រាប់​ផងដែរ ។ ចំណែកឯ​បុរស​ដែលជា​ខ្មាន់កាំភ្លើង រួមទាំង​វត្ថុតាង ត្រូវបាន​កម្លាំង​សមត្ថកិច្ច ឃាត់ខ្លួន​យកទៅ​សាកសួរ និង​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​បន្ត​នីតិវិធី​នៅពេល​ក្រោយ ៕​B/