មន្ត្រី​អេដស៍ៈ កម្ពុជា​មិនទាន់​អាច​ធ្វេសប្រហែស​ចំពោះ​មេរោគ​អេដស៍​នៅឡើយ​

422

(​ភ្នំពេញ​)៖ លោក តែង គ​ន្ធី អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​លើកឡើងថា ” កម្ពុជា មាន​អ្នក​ផ្ទុកមេរោគ​អេដស៍ ០,៦ ភាគរយ ឬ​ប្រមាណ​៧.២០០០​នាក់ គឺជា​ចំនួន​ដែល​បាន​ថយចុះ​យ៉ាងខ្លាំង​គួរឱ្យ​មោទនភាព​បើ​ធៀប​នឹង​ឆ្នាំ​១៩៩៧​ធ្វើឱ្យ​កម្ពុជា​​ទទួលបាន​ការកោតសរសើ​រ​ពី​អង្គការ​សុខភាព​ពិភពលោក ថា​ជា​ប្រទេស មួយ ក្នុងចំណោម​ប្រទេស​ទាំង​៦​ដែល​បានសម្រេច​ផល​លឿន​​ជាងគេ​ក្នុង​លោក ។

​លោក​បន្តថា​ទោះយ៉ាងណា ក្នុង​ឆ្នាំ ២០១៦ និង​ឆ្នាំ ២០១៧ មាន​អ្នក​ឆ្លង​មេរោគ​អេដស៍​ថ្មី ប្រមាណ​ជា ៦០០ នាក់​នៅឡើយ​ក្នុង​មួយឆ្នាំៗ ខណៈ​អ្នក​ផ្ទុកមេរោគ​អេដស៍​ប្រមាណ​ជា មួយ​ម៉ឺន​នាក់​ផ្សេងទៀត គេ​មិនទាន់​ស្គាល់​អត្ត​សញ្ញា​បាន​នៅឡើយ ។

​ដូច្នេះ​គេ​ពិតជា​មិនអាច​ធ្វេសប្រហែស​ចំពោះ​មេរោគ​អេដស៍​បានឡើយ ព្រោះ​វា​អាច​ឆ្លងទៅ​អ្នកថ្មី​បាន​គ្រប់ពេលវេលា​ហើយ​អ្នក​ដែល​បាន​​ឆ្លង​មេរោគ​អេដស៍​ថ្មី​ទាំងនោះ ភាគច្រើនបំផុត​គឺជា​យុវវ័យ​” ។

​លោក តែង គ​ន្ធី មានប្រសាសន៍​ប្រកបដោយ​មោទនភាព ប៉ុន្តែ​ប្រកបដោយ​ការ​ក្រើនរំលឹក​បែបនេះ​នាឱកាស​អញ្ជើញ​ជា​អធិបតី នៃ វគ្គ​បណ្តុះបណ្តាល​ស្តីពី​បរិយាកាស​អំណោយផល និង ការឆ្លើយតប​នឹង​ជំងឺអេដស៍ សម្រាប់​ប្រជាជន​ប្រឈមមុខ​ខ្ពស់ តាមរយៈ​សហគមន៍ ដែល​រៀបចំ​នៅឯ​សណ្ឋាគារ រី​វឺ ផា​លេស​(River Palace) កាលពី​ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ។​

​លោក តែង គ​ន្ធី បាន​សំណូមពរ​ដល់​សាធារណជន​ទាំងអស់​ជាពិសេស​យុវជន ត្រូវ​ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ជាប់ខ្ជួន​ការពារ​ខ្លួន​ជានិច្ច​ពី​ការឆ្លង​​មេរោគ​អេដស៍ ចៀសវាង​ឱ្យបាន​នូវ​សកម្មភាព​មួយចំនួន ដូចជា​ការប្រើប្រាស់​គ្រឿង​ស្រវឹង និង គ្រឿងញៀន​ជាដើម​ព្រោះ​ការប្រើប្រាស់​​របស់​ទាំងនេះ ធ្វើឱ្យ​យុវជន​មិនអាច​គ្រប់គ្រង​ខ្លួន​បាន ជាហេតុ​ប្រព្រឹត្ត​អំពី​នានា​ដែលនាំឱ្យ​ឆ្លង​មេរោគ​អេដស៍ ។ មួយសោត អ្នក​ទាំងឡាយ​ដែល​សង្ស័យថា​ខ្លួន​ឆ្លង​មេរោគ​អេដស៍ សូម​ប្រញាប់​រូតរះ​ទៅធ្វើ​តិ​ស្ត​ឈាម ឆាប់​បាន​សេវា​ថែ​ទាំង​ព្យាបាល​ទាន់ពេលវេលា និង ឈានទៅ​បញ្ចប់ សូន្យ ៣ ខាងដើម​ឱ្យបាន​នៅត្រឹម​ឆ្នាំ ២០២៥ ។​

​គប្បី​រំលឹកថា កម្ពុជា បានដាក់​ចេញ​នូវ​គោលដៅ​ប្រកបដោយ​មហិច្ឆតា សម្រេច​ឱ្យបាន សូន្យ ៣ គឺ សូន្យ អ្នកស្លាប់​ដោយសារ​ជំងឺអេដស៍ សូន្យ​ការរើសអើង​ចំពោះ​អ្នក​ផ្ទុក និង អ្នក​កើត​ជំងឺអេដស៍ និង សូន្យ​ការឆ្លង​ជំងឺអេដស៍​ថ្មី នៅត្រឹម​ឆ្នាំ ២០២៥ ខណៈ​ពិភពលោក​ទាំងមូល មាន​គោលដៅ​សម្រេច ៣ សូន្យ​នេះ នៅ​ឆ្នាំ ២០៣០ ឯណោះ ។

​ដើម្បី បានសម្រេច​គោលដៅ​នេះ កម្ពុជា​ត្រូវការ​ទឹកប្រាក់​ប្រមាណ​ជា ២០ ដុល្លារ​អាមេរិក ក្នុង ១ ឆ្នាំៗ ក្នុងនោះ​ចំណាយ​ទៅលើ​ការទិញ​ថ្នាំ​ប្រមាណ​ជា មួយ លាន ប្រាំ សែន ដុល្លារ ទៅ ពីរ លាន​ដុល្លារ​អាមេរិក ។ ការធ្វើ​តិ​ស្ត៍​ឈាម​រក​មេរោគ​អេដស៍ និង សេវា​ផ្សេងៗ គឺ​ត្រូវបាន​ផ្តល់ជូន​ដោយ​ឥត​គិតលុយ​ឡើយ ៕​ដោយៈ​មេសា/sn

​លោក តែង គ​ន្ធី ពេល​ផ្តល់​បទសម្ភាសន៍​ដល់​អ្ន​ក​សារព័ត៌មាន និង​អ្នកចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល អំពី​ការបង្កើន​បរិយាកាស​ល្អ​សម្រាប់​អ្នក​កើត​ជំងឺអេដស៍​