មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន​៧៧​នាក់​បានបញ្ចប់​វគ្គប​ណ្តុះ​បណ្តាល​វិធីសាស្ត្រ​ល្បាត​ក្នុង​តំបន់ការពារធម្មជាតិ​

202

(​កំពង់ស្ពឺ​)៖ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន​៧៧​នាក់​(​ស្រី​៦​នាក់​) បានបញ្ចប់​វគ្គ​បណ្តុះបណ្តាល ស្តីពី​វិធីសាស្ត្រ​ល្បាត​ក្នុង​តំបន់ការពារធម្មជាតិ កាលពី​​ល្ងាច​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ឧ​ទ្យា​ជាតិ​ព្រះ​សុរាម្រិត​-​កុស​មៈ «​គិរី​រម្យ​» ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ ។​
​ ​
​លោក ផៃ ប៊ុន​ឈឿន រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បានបញ្ជាក់​ក្នុង​គេហទំព័រ​ក្រសួងបរិស្ថាន​នៅ​ថ្ងៃទី ២៤ ខែ វិច្ឆិកា ថា​ការបណ្តុះបណ្តាល​​នេះ គឺជា​ការឆ្លើយតប​ទៅនឹង​គោលនយោបាយ​យុ​ទ្ឋ​សាស្ត្រ​របស់​រាជរដ្ឋាភិបាល ក្នុងទិសដៅ​អនុវត្ត​កំណែទម្រង់រដ្ឋបាល​សាធារណៈ ពិសេស ​គឺ​ការកសាង​សមត្ថភាព និង​ការអភិវឌ្ឍ​សមត្ថភាព​មន្ត្រីរាជការ ដែល​ក្រសួង​ចាត់ទុកថា ជា​ផែនការ​ស្នូល​មួយ ក្នុង​ការធ្វើ​ទំនើបកម្ម​​ក្រសួង លើ​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព ។ ​
​ ​
​លោក​បាន​បន្តថា វគ្គ​បណ្តុះបណ្តាល​មាន​រយៈពេល​១៨​ថ្ងៃនេះ គឺ​ដោយបាន​សហការ​ជាមួយ​យោធា​ចា​រ្យ ដែលមាន​បទពិសោធន៍ និង​ជំនាញ ​មកពី​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេ​វរ​កម្ម លើ​មេរៀន​សំខាន់ៗ​ជាច្រើន ។ ក្នុងនេះ​មានដូចជា ការ​បែរ​មួយកន្លែង​គ្មាន​​អាវុធ យុ​ទ្ឋ​វិធី​អនុវត្ត​ន៍រក​ទិស សង្កេតការណ៍ ការបង្ហាញ​គោលដៅ ការប៉ាន់ស្មាន​ចម្ងាយ ការរាយការណ៍ ទ្រឹស្តី​រួមការ​ប្រើប្រាស់​អាវុធ​ ការបាញ់​គ្រាប់​ពិត ការសង្គ្រោះ​បឋម យុ​ទ្ឋ​វិធី​ការពារ​ខ្លួន ការបោះ​ជំរំ ទ្រឹស្តី​ឧត​រៈ​ជីវិត មេរៀន​ល្បាត ការឆ្លងកាត់​ឧបសគ្គ ការពារ​ទីតាំង​ នឹង​ល្បាត​រក​ស្បៀង​ជាដើម ។
​ ​
​មន្ត្រី​បរិស្ថាន​បញ្ជាក់ថា កន្លងមក​ដោយមាន​កិច្ចសហការ​ជាមួយ បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេ​វរ​កម្ម និង​បញ្ជាការដ្ឋាន​នៃ​កង​​យោធពលខេមរភូមិន្ទ ក្រសួងបរិស្ថាន​បាន​បណ្តុះបណ្តាល​សមត្ថភាព​មន្ត្រី​ឧ​ទ្យា​នុ​រក្ស បាន​ចំនួន​ប្រាំ​វគ្គ​រួចមកហើយ និង​មាន​សិក្ខា​​កាម​ចំនួន​២៨០​នាក់ ៕ ដោយៈ​សម្បត្តិ​កញ្ញា​/sn

​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​វិធីសាស្ត្រ​ល្បាត​ដល់​មន្ត្រី​ឩ​ទ្យា​នុ​រក្ស​ចំនួន​៧៧​នាក់​