មន្ត្រី​: “​ក្រុមហ៊ុន​ថ្នាំជក់​មួយចំនួន​ហាក់​គ្មាន​ឆន្ទៈ​ក្នុងការ​បោះពុម្ព​សារ​ព្រមាន​សុខ​ភាពជា​រូបភាព​”

1406
ចែករម្លែក
បារី​ស្របច្បាប់​

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: គិត​មកទល់នឹង​ពេល​បច្ចុប្បន្ននេះ គឺមាន​រយៈពេល​បី​ឆ្នាំ​ហើយ​ដែល​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ថ្នាំជក់​ត្រូវបាន​អនុម័ត និង​ដាក់​ឲ្យ​អនុវត្ត ប៉ុន្ដែ​ជាក់ស្ដែង ត្រូវគេ​មើលឃើញថា អនុលោមភាព​នៅ​មិនទាន់មាន​ប្រសិទ្ធិភាព​នៅឡើយ​ទេ ដោយ​នៅលើ​ទីផ្សារ​លក់​បារី​ក្នុងស្រុក គឺ​បន្ដ​មាន​ផលិតផល​របស់​ក្រុមហ៊ុន​ថ្នាំជក់​ជាច្រើន មិន​ព្រម​បោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​រូបភាព​ដែលមាន​ទំហំ ៥០% និង​សារ​ព្រមាន​សុខភាព​ជា​អក្សរ​ខ្មែរ​ទំហំ​៥% លើ​កញ្ចប់​បារី និង​សុង ដូចដែល​ច្បាប់​បានកំណត់​នោះឡើយ ហើយ​ដាក់តាំង​លក់​ដោយ​សេរី យ៉ាង​រំភើយ​នៅ​ទូទាំងប្រទេស នូវ​ផលិតផល​មិន​ស្របច្បាប់​ទាំងនោះ​។​

​យោងតាម​លោក​វរសេនីយ៍ឯក ម៉ាត់ យូ​សុះ នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​កម្មសិទ្ធិបញ្ញា នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ឲ្យ​ដឹងថា “​សព្វថ្ងៃនេះ យើង​បាននិងកំពុង​ចាត់វិធានការ​ចំពោះ​ក្រុមហ៊ុន​ថ្នាំជក់ អ្នក​ចែកចាយ ក៏ដូចជា​រាល់​សកម្មភាព​លក់ និង​ដាក់តាំង ផលិតផល​ថ្នាំជក់ ដែល​ពុំមាន​សារ​ព្រមាន​សុខភាព​ត្រឹមត្រូវ​តាមច្បាប់​ទាំងនោះ​ហើយ​។ ក្នុងនោះ​មាន​ក្រុមហ៊ុន​មួយចំនួន​បានធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ចែកចាយ​ផលិតផល​ថ្នាំជក់​ដែល​ពុំមាន​សារ​ព្រមាន​សុខភាព​ត្រឹមត្រូវ ហើយ​យើង​នៅតែ​បន្ត​ឃ្លាំមើល និង​ចាត់វិធានការ​ជា​បន្តបន្ទាប់​ថែមទៀត ក្នុង​គោលដៅ​ជំរុញ​ឲ្យ​មានការ​អនុវត្ត និង​គោរព​តាមច្បាប់​ស្ដីពី​ការគ្រប់គ្រង​ថ្នាំជក់ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​ទាំងអស់ ដែលមាន​ជា​ធរមាន​រួចមកហើយ​នោះ​”​។​

​បារី​ខុសច្បាប់​

​គួររម្លឹកថា កន្លងមក គេ​ឃើញ​មានការ​ចុះបង្ក្រាប​របស់​អាជ្ញាធរ​កាលពី​ខែមីនា និង​មេសា ចំពោះ​ក្រុមហ៊ុន វី​នី​តុ​ន (​ដែល​លក់​បារី Luxury, Crown, Angkor Meas, Cambo, Shuang Xi) បាន​សន្យាថា​នឹង​ប្រមូល​ផលិតផល​បារី​របស់ខ្លួន​ដែល​គ្មាន​សារ​ព្រមាន​សុខភាព​ជា​រូបភាព​ពីលើ​ទីផ្សារ​ឲ្យ​អស់ ត្រឹម​ថ្ងៃទី ០១ ខែមិថុនា ដើម្បី​យកមក​ធ្វើការ​កែតម្រូវ​ឲ្យ​ស្របច្បាប់​ឡើងវិញ ។ ហើយ​ចំពោះ​សំណុំរឿង​របស់​ក្រុមហ៊ុន ស៊ី​ធី​ខេ (​ដែល​លក់​បារី Cowboy, IZA, LAPIN) ដែល​អាជ្ញាធរ​រឹបអូស​បាន​ផលិតផល​បារី​មិន​ស្របច្បាប់​គ្មាន​សារ​ព្រមាន​ជា​រូបភាព​ជាង ១.៦០០ ប៊ិច​នោះ គឺ​កំពុង​ត្រូវបាន​តុលាការខេត្ត​ត្បូងឃ្មុំ ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​សាធារណជន​ក៏​កំពុង​ទន្ទឹងរង់ចាំ​មើល​ចំណាត់ការ​របស់​អាជ្ញាធ​រពាក់​ព័ន្ធ ដើម្បី​ឲ្យ​ស្មារតី​នៃ​ការអនុវត្ត​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ថ្នាំជក់​មាន​ប្រសិទ្ធិភាព ឈានទៅរក​ការកាត់បន្ថយ​អត្រា​អ្នក​ជក់ ក៏ដូចជា​បង្កើតបាន​នូវ​បរិយាកាស​ប្រកួតប្រជែង​ស្មើភាព​គ្នា​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ថ្នាំជក់​នៅ​កម្ពុជា​នេះ​ផងដែរ​៕