មន្ត្រី​NGO ថា​ផែនការមេ​អាស៊ាន​គឺ ការបញ្ចូល​វិស័យ​ពិការភាព​ទៅក្នុង​សសរស្តម្ភ​ទាំង ៣

367
ចែករម្លែក

​ដោយៈ មេសា​/ភ្នំពេញៈ លោក ងិន សៅ​រត្ន នាយ​ប្រតិបត្តិ​អង្គការ​ជនពិការ​កម្ពុជា បានលើកឡើង​អំពី​ចំណុច​ស្នូល នៃ ផែនការមេ​អាស៊ាន ឆ្នាំ ២០២៥ ថា ផែនការមេ នៃ វិស័យ​ពិការភាព​អាស៊ាន ឆ្នាំ ២០២៥ គឺជា​ផែនទី​គោល​ក្នុង​ការជំរុញ និង បញ្ជ្រាប​សិទ្ធិ​ជន​មាន​ពិការភាព​ទៅក្នុង​តំបន់​អាស៊ាន ហើយ​តាមរយៈ​ផែ​ការ​នេះ ធ្វើឱ្យ​វិស័យ​ពិការភាព​កាន់តែ​ត្រូវបាន​យកចិត្តទុកដាក់ កាន់តែ​ទូលំទូលាយ និង គ្របដណ្តប់​គ្រប់​ជ្រុងជ្រោយ លើស​អ្វីដែល​ធ្លាប់មាន​ពីមុនមក​បន្ថែមទៀត ។ ហើយ​ចំណុច​សំខាន់​ជារួម គឺ​ការបញ្ចូល​វិស័យ​ពិការភាព​ទៅក្នុង​សសរស្តម្ភ​ទាំង ៣ របស់ អាស៊ាន គឺ​ក្នុង​ផ្នែក សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ ។​


លោក ងិន សៅ​រត្ន ថ្លែង​យ៉ាង​ដូច្នេះ នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​ការផ្សព្វផ្សាយ​ដល់​អ្នកពាក់ព័ន្ធ ស្តីពី​ការអនុវត្ត​ផែនការ​មេសា​អាស៊ាន ឆ្នាំ ២០២៥ រៀបចំ​នៅឯ​ទីស្នាក់ការ​អង្គការ​ជនពិការ​កម្ពុជា នា​ព្រឹក​ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៩ ។​


​ផែនការមេ​អាស៊ាន ឆ្នាំ ២០២៥ មាន ១២ ចំណុច សម្រាប់​បណ្តា​ប្រទេស អាស៊ាន ទាំងអស់​យកចិត្តទុកដាក់​អនុវត្ត​ក្នុង​វិស័យ​ការ​ភាព ហើយ​មិនមែន​ត្រឹមតែ​នៅក្នុង​បណ្តា​ប្រទេស​របស់ខ្លួន​ឡើយ គឺ​ដើម្បី បម្រើ​វិស័យ​ពិការភាព​នៅ​ទូទាំង​តំបន់​អាស៊ាន​ទាំងមូល ហើយ​ទាំង ១២ ចំណុច​នោះ​មាន​វិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បច្ចេកវិជ្ជា និង សន្តិភាព​សុវត្ថិភាព ។​


​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ វិស័យ​ពិការភាព​នៅ​កម្ពុជា ត្រូវបាន​យកចិត្តទុកដាក់​កាន់តែច្រើន​ពី​ភាគី​ពាក់ព័ន្ធ ហើយ​ជា​លទ្ធផល​ត្រូវបាន​ទទួលស្គាល់​ជាទូទៅ​ថា ស្ថានភាព នៃ ជន​មាន​ពិការ​មាន​ភាព មាន​ភាពល្អ​ប្រសើរឡើង​ជា​បន្តបន្ទាប់ គឺ​ទាំង​ស្ថានភាព​សេដ្ឋកិច្ច សង្គមកិច្ច អប់រំ សុខភាព និង ការចូលរួម​ផ្សេងៗ ហើយ​គ្រាន់តែ​ឆ្នាំ ២០១៨ កន្លងទៅ​មាន​ជន​ដែលមាន​ពិការភាព​ជិត ៦ ពាន់​នាក់​ត្រូវបាន​ជ្រើសរើស​ឱ្យចូល​បម្រើ​ការងារ​ទាំង​ក្នុង​ស្ថាប័នរដ្ឋ និង ឯកជន ។​


​ទោះយ៉ាងណា ជោគជ័យ​ដ៏​គួរ​ជាទី​សោមនស្ស​នេះ ត្រូវបាន​ចាត់ទុកថា​មិនទាន់​ឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់ របស់​ជន​មាន​ពិការភាព​នៅឡើយ ដូចជា​ហេ​ដ្ឋា​រចនាសម្ព័ន​តាម​ទីសាធារណៈ និង បរិយាកាស​នៅ​កន្លែងធ្វើការ​ជាដើម គឺជា​អ្វីដែល​ត្រូវ​បន្ថែម​ការយកចិត្តទុកដាក់ ៕Kh

សន្និសីទ​ព័ត៌មាន​ស្តីពី​ការ​ផ្សព្វ​ផ្សា​ផែនការមេ​អាស៊ាន​ដល់​អ្នកពាក់ព័ន្ធ ( រូបៈ មេសា​)