មន្ត្រី​NGO: ម្ចាស់​ហាង​គប្បី​ក្លាហាន​ដាក់​សញ្ញា​ហាម​ជក់បារី​

1139
ចែករម្លែក

​ដោយៈ មេសា​/​ភ្នំពេញៈ លោក​វេជ្ជបណ្ឌិត ម៉ុំ គង់ នាយក​អង្គការ​ចលនា ដើម្បី សុខភាព​កម្ពុជា ( CMH ) បានផ្តល់​អនុសាសន៍​ដ​ល់ស​ម្ចាស់​ទីតាំង​សាធារណៈ​ទាំងឡាយ​ថា  ម្ចាស់​ភោ​ជ​និ​យ​ដ្ឋា​ន សណ្ឋាគារ ផ្ទះសំណាក់ និង ទីតាំង​សាធារណៈ​នានា គប្បី ក្លាហាន ដាក់​ស្លាក​សញ្ញា​ហាម​ជក់បារី​នៅ​ទីតាំង​របស់ខ្លួន ពុំ​នោះទេ ពួកគេ​អាច​នឹង​បាត់បង់​អតិថិជន​មួយចំនួន ដ្បិត អតិថិជន​ដែល​មិន​ជក់បារី មាន​ច្រើនជាង​អ្នក​ដែល​ជក់បារី គឺថា ប្រសិនបើ​មិន​ដាក់​បម្រាប​ជក់បារី​ទេ នឹង​នៅតែមាន​អ្នក​ជក់បារី ពេលនេះ​អ្នក​ដែល​មិន​ជក់បារី​មួយចំនួន នឹង​ឈប់​ទៅ​ទីនោះ​ទៀត ដោយសារ​ពួកគេ​មិន​ចូលចិត្ត​បរិស្ថាន​ដែលមាន​ការជក់បារី  ។​

លោក​វេជ្ជបណ្ឌិត ម៉ុំ គង់ នាយក​អង្គការ​ចលនា ដើម្បី សុខភាព​កម្ពុជា CMH (​រូបៈ មេសា )

​លោក​វេជ្ជបណ្ឌិត ម៉ុំ គង់ ថ្លែង​យ៉ាង​ដូច្នេះ​នៅក្នុង​ពិធី​ប្រកួត​និយាយ​សាធារណៈ​ស្តីពី​ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រាត់ រៀបចំ​ដោយ​អង្គការ CMH នៅឯ​មន្ទីរពេទ្យ កុមារ​ជាតិ ក្នុង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៨ ។​

​ ​លោក​វេជ្ជបណ្ឌិត ម៉ុំ គង់ បាន​ទទួលស្គាល់ថា មាន​ម្ចាស់​ទីតាំង​មួយចំនួន​បាន​អនុវត្ត​បានល្អ​ហើយ​ចំពោះ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​នៅ​កម្ពុជា ដូចជា​ការដាក់​ស្លាក​សញ្ញា​ហាម​ជក់បារី​នៅ​ទីតាំង​របស់​ពួកគេ​ជាដើម ។​

​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​នៅ​កម្ពុជា ចែងថា រាល់​ទីតាំង​សាធារណៈ ដូចជា​ភោ​ជ​និ​យ​ដ្ឋា​ន សណ្ឋាគារ ផ្ទះសំណាក់ និង មន្ទីរពេទ្យ​ជាដើម ត្រូវតែ​ដាក់​ស្លាក​សញ្ញា​ហាម​ជក់បារី ប្រសិនបើ​មិន​ដាក់​បំរាម​ទេ ម្ចាស់​ទីតាំង​ទាំ​នោះ​អាច​នឹងត្រូវ​ប្រឈម​នឹង​ការពិន័យ ។ នៅពេល​មាន​អ្នក​ជក់បារី​នៅ​កន្លែង​ដែល​ហាមឃាត់ ម្ចាស់​ទីតាំង ត្រូវ​ប្រាប់​អ្នក​ទាំងនោះ​ឱ្យទៅ​ជក់​នៅ​ទីកន្លែង​ផ្សេង​ដែល​គ្មាន​បម្រាម ។ ប្រសិនបើ​បុគ្គល​ទាំងនោះ នៅតែ​ជក់បារី​នៅ​កន្លែង​ហាមឃាត់​ទៀត​នោះ ពួកគេ​អាច​នឹងត្រូវ​ពិន័យ​ជា​ប្រាក់​ចាប់ពី ១ ម៉ឺន​រៀល ដល់ ៥ ម៉ឺន​រៀល ។​

​ទោះយ៉ាងណា ការផាកពិន័យ​បែបនេះ មិនទាន់​ត្រូវបាន​អនុវត្ត​នៅឡើយ ដោយសារ​សាមី​ស្ថាប័ន​ពាក់ព័ន្ធ កំពុង​រៀបចំ​នីតិវិធី​មួយចំនួន ហើយ​បើតាម​ន្ត្រី​ក្រសួងសុខាភិបាល នីតិវិធី​ទាំងនោះ នឹងត្រូវ​បានរៀបចំ​រួចរាល់​ក្នុងពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ ដែល​បានសេចក្តីថា ការផាកពិន័យ​ចំពោះ​ល្មើស​ទាំងឡាយ​ទៅលើ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​នៅ​កម្ពុជា អាច​នឹង​ត្រូវបាន​អនុវត្ត​ក្នុង​មិនយូរ​ទៀតឡើយ ៕ Kh

អ្នកចូលរួម​ក្នុង​ក្នុង​ពិធី​ប្រកួត​និយាយ​សាធារណៈ​ស្តីពី​ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រាត់ ( រូបៈ​មេសា​)