មន្ត្រី និងសមាគម អំពាវនាវ​ឲ្យ​ពលរដ្ឋ​ងាក​មក​បរិភោគ​អាហារ​បួស​ដើម្បី​សុខភាព​និង​បរិស្ថាន​

620
ចែករម្លែក
  • 262
    Shares

ដោយ:​ដេប៉ូ​/ភ្នំពេញ ​៖ ​ពលរដ្ឋ​កម្ពុជា​មកពី​គ្រប់ទិសទី ​រួមទាំង​ជនជាតិ​បរទេស​ផង​បាននាំគ្នា​មក​ធ្វើការ​ភ្លក្ស​អាហារ​បួស​ក្នុង​សន្និសីទ​ប្រចាំឆ្នាំ​លើក​ទី​៦ និង​ក្នុងខណៈដែល​សមាគម ក្រុម​អ្នក​បរិភោគ​អាហារ​បួស រួមទាំង​មន្ត្រី​កម្ពុជា​ផង​បាន​ទាក់ទាញឲ្យ​ពលរដ្ឋ ងាក​មក​ចាប់អារម្មណ៍​បរិភោគ​អាហារ​បួសឲ្យ​កាន់តែ​ច្រើនឡើង​ ដើម្បី​សុខភាព ក៏ដូចជា​​បំបាត់​ហិង្សា​ទៅលើ​សត្វ​។​

ថ្លែង​បញ្ជាក់​ក្នុង​ពិធី​នេះ​លោក ឆេង​ សារឿន រដ្ឋលេខាធិការ​ប្រចាំការ ដែលជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា​និង​អធិការកិច្ច បាន​ថ្លែង​នៅក្នុង​សន្និសីទ​អាហារ​បួស​ប្រចាំឆ្នាំ​២០១៩ នា​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​កាលពី​រសៀល​ថ្ងៃទី​១៣​ខែមករា ថា ការរៀបចំ​កម្មវិធី​នេះ​ពិតជា​ផ្តល់​សារប្រយោជន៍​យ៉ាងច្រើន​ពិ​សេ​ស្រប​ពេលដែល​អាហារ​បួស​ជា​ជម្រើស​ថ្មី​មួយទៀត​លើ​ផ្នែក​ម្ហូបអាហារ ដែល​ប្រជាជន​ពិភពលោក​កំពុង​ងាក​មក​ចាប់អារម្មណ៍​ការថែរក្សា​សុខភាព ​តាមរយៈ​ការទទួល​ទាន​អាហារ​សុខ​ភាពជា​បន្លែ ផ្លែឈើ ជំនួស​ការទទួល​ទាន​សាច់​នោះ​។​

លោក​បាន​មានប្រសាសន៍ថា “​ពិតណាស់​អាហារ​បួស​គឺ​ជា​ប្រភេទ​អាហារ​ដ៏​ត្រឹមត្រូវ​របស់​មនុស្សជាតិ ពីព្រោះ​ក្រៅពី​អាចជួយ​ធ្វើឲ្យសុខភាព​រឹងមាំ​ហើយ អាហារ​ប្រភេទ​នេះ​នៅ​ថែមទាំង​អាច​បណ្តុះ​នូវ​ចិត្តមេត្តា ករុណា ចិត្ត​បរិសុទ្ធ ចិត្ត​សម្បុរ​ស ច​រិ​ក​សុភាព​រាបសារ​​លុបបំបាត់​នូវ​អំពើហិង្សា​ទៅលើ​សត្វ​”​។​

ទាក់ទិន​ទៅនឹង​ការបរិភោគ​អាហារ​បួស​នេះដែរ​ លោក​រដ្ឋលេខាធិកា​រ​បានបញ្ជាក់​បន្ថែម​ថា ការបរិភោគ​អាហារ​បួស​ក៏​ជា​ផ្នែក​មួយ​នៃ​ការបង្ហាញ​ពី ក្តី​ការគោរព​ស្រឡាញ់​តម្លៃ​ជីវិត និង​ថែរក្សា​ជីវិត​សត្វ រុក្ខជាតិ​ធម្មជាតិ ថែរក្សា​បរិស្ថាន និង​ពិសេស​ជា​ផ្នែក​មួយ​នាំ​ការកាត់បន្ថយ​ការឡើង​កម្តៅ​នៃ​ភពផែនដី​ផងដែរ​។​

លោក​បានលើកឡើង​ដោយ​ធ្វើការ​អំពាវនាវ​ផង​ថា “​ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាជន​កម្ពុជា​ងាក​មក​ចាប់អារម្មណ៍​ទទួលទាន​អាហារ​សុខភាព បន្លែ ផ្លែឈើ​ជំនួស​អាហារ​សាច់ តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​ដើម្បី​សុខភាព បរិស្ថាន ក៏ដូចជា​លើ​កម្ពស់​សីលធម៌ មេត្តាធម៌​នៅក្នុង​ចិត្ត​មនុស្ស​គ្រប់ៗ​គ្នា​”​។​

ដោយឡែក លោក ឡាយ ស៊ូ​ឈុន ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​សមាគម​អ៊ី​គ័ន​តាវ​កម្ពុជា​ដែល​បានរៀបចំ​កម្មវិធី​នេះ​ឡើង​បានបញ្ជាក់​ឱ្យដឹងថា បច្ចុប្បន្ន​តាម​ស្ថិតិ​បាន​បង្ហាញថា​ចំនួន​អ្នក​បរិ​ភោ​អាហារ​បួស​កំពុង​កើនឡើង​គួរឱ្យកត់សម្គាល់​។​ការងា​កមក​បរិភោគ​អាហារ​មួយបែប​នេះ​របស់​ក្រុម​មនុ​​ស្ស​ដោយសារតែ​ពួកគេ​ចាប់អារម្មណ៍​ទៅលើ​ការថែរក្សា​សុខភាព​និង​ស្រឡាញ់​ជីវិត​សត្វ​។​

លោក​បាន​បន្ថែមថា “​មនុស្ស​ម្នាក់​ហូប​បួស​ក្នុង​មួយថ្ងៃ​អាច​កាត់បន្ថយ​ការបញ្ចេញ​សា​ធាតុ​ការ​បោ​ន​ឌីអុកស៊ីត​ពី​៤​ទៅ​៧​គីឡូក្រាម និង​ការ​ហួ​ប​បួស​ក្នុង​មួយឆ្នាំ​គឺ​ស្មើនឹង​ការដាំ​ដើមឈើ​ចំនួន​៨២​ដើម​”​។​

គួរ​បញ្ជាក់ថា​ក្នុង​សន្និសីទ​អាហារ​បួស​ប្រចាំឆ្នាំ​២០១៩​នេះ​មាន ក្រុមហ៊ុន​និង​ម្ចាស់​ភោជនីយដ្ឋាន​ជាង​១០០​បាន​ចូលរួម ហើយ​បាន​ប្រមូលផ្តុំ​អាហារ​បួស​រាប់ពាន់​មុខ​ឱ្យ​អ្នកចូលរួម​បានឃើញ​និង​ភ្លក្ស​ដោយផ្ទាល់​ទៀតផង​៕B/