មន្ត្រី GIZ អាល្លឺម៉ង់ ពិភាក្សា​នឹង​មន្ត្រី​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​លើ​ជោគវាសនា​គម្រោង នាពេលខាងមុខ​

975
ចែករម្លែក
លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ ទទួល​ជួបពិភាក្សា​ជាមួយ​លោក ភី​ត​ធឺ កូ​ភីង​ហ្គើ ប្រធាន​កម្មវិធី​សេដ្ឋកិច្ច​តំបន់​អាល្លឺម៉ង់ ស្វី​ស (GIZ) ប្រចាំ​កម្ពុជា (​រូប​: ភ្នំ​ស្វាយ​)​

(​បន្ទាយមានជ័យ​)៖ មន្ត្រី GIZ អាល្លឺម៉ង់ ស្វី​ស នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៨ បាន​ពិភាក្សា​ជាមួយ​មន្ត្រី​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ លើ​ជោគវាសនា​គម្រោង​នាពេលខាងមុខ នៅពេល​សភាពការណ៍​នៅ​កម្ពុជា​វិវត្តន៍​ប្រែប្រួល​នោះ​។​

​លោក​បណ្ឌិត ភី​ត​ធឺ កូ​ភីង​ហ្គើ​រ ប្រធាន​កម្មវិធី​សេដ្ឋកិច្ច​តំបន់​អាល្លឺម៉ង់ ស្វី​ស (GIZ) ថ្លែង​ក្នុងជំនួប​ពិភាក្សា​ជាមួយ​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​ថា បំណង​លោក​មក​ពិភាក្សា​នេះ ដោយសារ​កន្លងមក​ក​ម្ម​វិធី​នេះ និង​លោក​ផ្ទាល់​ជា​ដៃគូ​អនុវត្ត​កម្មវិធី​នេះ​នៅ​ខេត្ត​នេះ ហើយ​បាន​លទ្ធផល​ផ្លែផ្កា បម្រើ​ឲ្យ​សេដ្ឋកិច្ច​ខេត្ត និង​ជីវភាព​ប្រជាពលរដ្ឋ​។​

​លោក​បន្តថា ចាប់ពី​ខែមេសា​ឆ្នាំ​២០១៨ ដ៏​ខ្លី​នេះ កម្មវិធី​សេដ្ឋកិច្ច​តំបន់​រេ​ដ​ហ្វ​រ (Red IV) នឹង​បន្ត​ពី​កម្មវិធី RedII និង​ថែម​កម្មវិធី​វិមជ្ឈការ​នៅ​ថ្នាក់ក្រោម​ជាតិ​(DA)​។ ហើយ​ស្ថានទូត​អាល្លឺម៉ង់ និង​ស្វី​ស​នៅ​កម្ពុជា គ្មាន​ហេតុផល​ត្រូវ​ដកថយ​ឬ​ព្យួរ​វា​ទេ​។ យើង​គ្មាន​គម្រោង​ព្យួរ ឬ​ផ្អាក​ដូច​កម្មវិធី​អភិវឌ្ឍន៍​អន្តរជាតិ​របស់​ស៊ុយអែត ឬ SIDA នោះទេ​។​

​ប៉ុន្តែ​ត្រូវការ​ឲ្យ​លោក​ធ្វើ​របាយការណ៍​លម្អិត​មួយ ចេញពី​ការធ្វើ​សម្ភាសន៍ ការពន្យល់​ការពារ បង្ហាញ​ហេតុផល រួច​សំយោគ​ដាក់ជូន​ស្ថានទូត រួច​បញ្ជូនទៅ​រដ្ឋាភិបាល ដើម្បី​ឲ្យ​រដ្ឋាភិបាល​ពន្យល់​ដល់​អ​ង្គ​ការ​សង្គម​ស៊ីវិល និង​សភា​របស់ខ្លួន​ទៀត​។ ដូច្នេះ លោក​ចង់បាន​ការបញ្ជា​ក់ ឬ​អនុសាសន៍​ថា កម្មវិធី​ទាំង​២ ដែលជា​ជំនួយ​របស់​អាល្លឺម៉ង់ និង​ស្វី​ស​នេះ នឹង​អាច​បន្ត​ដំណើរការ​ក្នុង​ខេត្តបន្ទាយមានជ័យ​តទៅទៀតបាន ដោយ​របៀប​ណា​? ទី​១- កម្ម​ងិ​ធី​សេដ្ឋកិច្ច​តំបន់​នេះ តើ​ពលរដ្ឋ និង​មន្ត្រី​ពី​គ្រប់​និន្នាការ​អាច​ចូលរួម​ទទួលផល និង​ដំណើរការ​ដោយ​មិន​រើសអើង និង​មិនមាន​អារម្មណ៍​ភ័យខ្លាច​ឬ​យ៉ាងណា​?​។ ទី​២-​តើ NGOs អាចធ្វើ​ការងារ​របស់​ខ្លួន​ស្រួលបួល​ដូច​មុន មានច្បាប់​គ្រប់គ្រង​អង្គការ សមាគម​ឬ​យ៉ាងណា​? ទី​៣- តើ​ពលរដ្ឋ​និង​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ឬ​បក្សប្រឆាំង​ដែល​រំលាយ​ហើយ ពួកគេ​អាច​ចូលរួម​ទទួល​អនុវត្ត​និង​ទទួលផល​ពី​កម្មវិធី Red IV និង DA ដូច​ពលរដ្ឋ​និង​មន្ត្រី​របស់​គណបក្ស​រដ្ឋា​ភិ​បាល​(​គណបក្ស​ប្រជាជន​កម្ពុជា​)​ដែរឬទេ​?

​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​ថ្លែង​តប​ដោយ​បកស្រាយ​យ៉ាង​វែង ពី​ខាងក្រៅ និង​ខាង​ក្នុងនៃ​ទិដ្ឋភាព​ប្រវត្តិសាស្ត្រ សង្គម សេដ្ឋកិច្ច បរិយាកាស​និង​ច្បាប់​ជាដើម ហើយ​បញ្ជាក់ថា កម្មវិធី​នេះ​គួរតែ​បន្ត​ដំណើរការ​តទៅទៀត ដើម្បី​ចែករំលែក​ចំណេះ​ជំនាញ ផលប្រយោជន៍​សេដ្ឋកិច្ច​តំបន់​និង​ជីវភាព​ប្រជាជន​។ អាជ្ញាធរ​នឹង​បន្ត​ផ្តល់​កិច្ចសហការ ហើយ​សម្របសម្រួល​ដើម្បីអោយ​កម្មវិធី​នេះ​បានជា​ប្រយោជន៍​ពលរដ្ឋ​ដោយ​មិន​រើសអើង​និន្នាការ​នយោបាយ សាសនា និង​ដល់​ខេត្ត​៕L ដោយ​៖ ភ្នំ​ស្វាយ​