មន្ត្រី : Internet Café ជាច្រើន​កន្លែង មាន​ម្ចាស់​អាជីវកម្ម​ខ្លះ​ប្រព្រឹត្ត​ខុសច្បាប់​

483
ចែករម្លែក

ដោយ​: រ៉ា​ម៉ន​
​ភ្នំពេញ​:
រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្ដីពី​ការផ្តល់សេវា​រដ្ឋ បាល​លើ​វិស័យ​ពត៌មាន (Internet Café) តាមរយៈ​ច្រកចេញចូល​តែមួយ​រាជធានី​ភ្នំពេញ ដែលជា​វិស័យ​មួយ​ក្នុងចំណោម​វិស័យ​ទាំង​១៤ ដែល​ត្រូវ​ប្រើប្រាស់​យន្តការ​ច្រកចេញចូល​តែមួយ​រាជធានី​ភ្នំពេញ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ផ្សព្វ ផ្សាយ​រួច​អស់​ច្រើន​វិស័យ​មកហើយ ក្នុង​គោលបំណង​ប្រាប់​ដល់​ប្រជាពលរដ្ឋ​, មន្ត្រី​ពាក់ព័ន្ធ​, អាជីវករ​, ពាណិជ្ជករ​ដែល​រកស៊ី​ក្នុង​វិស័យ​នីមួយៗ បាន​យល់ដឹង​ច្បាស់​ពី​យន្តការ​ច្រកចេញចូល​តែមួយ ដែល​កាន់តែ​ងាយស្រួល ការកំណត់​ពេលវេលា​ច្បាស់លាស់ និង​តំលៃ​សេវា​ត្រូវ​បានកំណត់​ប្រកបដោយ​តម្លាភាព​តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​។​

​ក្នុង​ពិធី​នោះ លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ​ក្នុង​ពិធី​ផ្សព្វផ្សាយ នា​រសៀល​ថ្ងៃទី​១៩​កក្កដា បាន​លើកឡើងថា អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី​ភ្នំពេញ បាន​ដំណើរការ​រយៈពេល​ជិត​មួយឆ្នាំ​ហើយ ជា​កន្លែង​ប្រមូលផ្តុំ​ផ្តល់​សេវា​បំរើ​ប្រជាពលរដ្ឋ​ក្នុង​ទីកន្លែង​តែមួយ ងាយស្រួល​មិន​ស្មុកស្មាញ បងប្អូន​អ្នក​មករក​សេវា​គឺ​ដាក់​នៅ​កន្លែង​នេះ ហើយ​មក​យក​ឯកសារ​វិញ​នៅ​កន្លែង​នេះ​ដោយ​កំណត់​តំលៃ​សេវា និង​ពេលវេលា​ច្បាស់លាស់​គ្មាន​ការ​សូកប៉ាន់​ក្រោម​តុ លើ​តុ​ខុស​និតិ​វិធី​នោះឡើយ​។​

​លោក​អភិបាលរង​ថ្លែងថា កន្លងមក​រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​អាជ្ញា​ប​ណ្ណ័​ឲ្យ​បងប្អូន​អាជីវករ​ប្រកប​អាជីវកម្ម (Internet Café) ជាង​១០០​ទីតាំង​ក្នុង​រាជធានី​ភ្នំពេញ​។ តែ​ទីតាំង​ខ្លះ​ក្រោយពី​ទទួលបាន​អាជ្ញាប័ណ្ណ ហើយ​បែរជា​ទៅ​ប្រក​បរបរ​ខុសច្បាប់​ដូចជា ដាក់​ហ្គេម​បាញ់​ត្រី​, ដាក់​ជាទី​តាំងភ្នាល់​បាល់ ជល់​មាន់​ជាដើម ដែលជា​ល្បែងស៊ីសង​ខុសច្បាប់​។​

​លោក​បន្តថា ការចេញ អាជ្ញា​ប​ណ្ណ័​ឲ្យ​បងប្អូន គឺ​អោយ​រកស៊ី​ត្រឹមត្រូវ​ស្របច្បាប់ តែបើ​បងប្អូន​ទៅ​ប្រព្រឹត្ត​ខុស​គោលដៅ​ត្រូវ​ប្រឈម​ចំពោះមុខ​ច្បាប់​ដដែល​។​

​លោក​អភិបាលរង​បាន​ណែនាំ ដល់​អាជ្ញា​ធរមាន សមត្ថកិច្ច​ត្រូវ​សហការ​ឲ្យ​បាន​ជិតស្និត​ជាមួយ​មន្ទីរ​ពត៌មាន​រាជធានី ភ្នំពេញ​ក្នុងការ​តំរង់ទិស​អាជីវកម្ម​(Internet Café)​ឲ្យ​ស្របតាម​ច្បាប់ និង​ការណែនាំ​របស់​អាជ្ញាធរ​៕